Monday, June 25, 2012

ទ្រព្យកើតឡើងដោយហេតុ ៣ យ៉ាង


១- បដិរូបការី ជាអ្នកធ្វើការសមគួរដល់ការ
២- ធុរវា ជាអ្នកមិនដាក់ធុរៈចោល
៣- ឧដ្ឋកតា ជាអ្នកព្យាយាម ក្រោកធ្វើការ ។

អធិប្បាយ

ហេតុទី ១ : ត្រង់​ពាក្យ​ថា ធ្វើ​ការ​សម​គួរ​ដល់​ការនោះ គឺ ធ្វើ ការ​ងារ​ឲ្យ​សមរម្យ​តាម​សមត្ថភាព​របស់​ខ្លួន ដែល​ល្មម​លៃលក​ធ្វើ​បាន មិន​ហួស​ពី​សមត្ថភាព​របស់​ខ្លួន ។ ឯ​ការ​ងារ​ដែល​ត្រូវ​ធ្វើ​នោះ មាន​៣ ថ្នាក់ គឺ ការ​ងារ​ថ្នាក់​ខ្ពស់ ថ្នាក់​កណ្ដាល ថ្នាក់​ទាប ។ ទាំង​មនុស្ស​ម្នាក់​ៗ​សោត​ទៀត ក៏​ត្រូវ​តែ​មាន​ឥទ្ធិ​បាទ​ធម៌​បួន​ប្រការ​នៅ​ក្នុង​ខ្លួន​គ្រប់​គ្នា ។ ឥទ្ធិបាទ​ធម៌ (ធម៌​ជា​ជើង​រឹទ្ធិ) ៤ ប្រការ​នោះ​គឺ

១- ឆន្ទៈ បំណង ២- វីរិយៈ ព្យាយាម ៣- ចិត្ត គំនិត ៤- វិមំសា ការពិចារណា ។

បើ​មនុស្ស​មាន​ឥទ្ធិបាទ​ធម៌​ខ្ពស់ ធ្វើ​ការ​ងារ​ក៏​បាន​ខ្ពស់​បាន​ប្រសើរ បើ​មាន​ធម៌​នោះ​យ៉ាង​កណ្ដាល ធ្វើ​ការ​ងារ​ក៏​បាន​យ៉ាង​កណ្ដាល បើ​មាន​ទាប ក៏​ធ្វើ​ការ​ងារ​បាន​ទាប​ដែរ ។ ធ្វើ​ការ​ងារ​ឲ្យ​សម​តាម​សមត្ថភាព សម​តាម​ឥទ្ធិបាទ​ធម៌​និង​សម​តាម​ថ្នាក់​របស់​ការ​ងារ ហៅ​ថាធ្វើ​ការ​សម​គួរ​ដល់​ការសម​តាម​ទំនង​ការដូច​ភា​សិត​ថា ដាំ​ជើង​ក្រាន ឲ្យ​ប្រមាណ​ឆ្នាំង ។

ផ្ទុយ​ទៅ​វិញ បើ​ធ្វើ​កា​រ​មិន​សម​គួរ​ដល់​ការ ឬ​មិន​ត្រូវ​តាម​ទំនង ឬ​ក៏​ហួស​សមត្ថភាព​ខ្លួន ដែល​ត្រូវ​នឹង​ភាសិត​ថា ដៃ​ខ្លី​ស្រ​វាឱប​ភ្នំ ការ​ងារ​នោះ មិន​សម្រេច​ប្រយោជន៍​ដល់​ខ្លួន​ទេ ។

ហេតុទី ២ : ត្រង់​ពាក្យ​ថា មិន​ដាក់​ធុរៈ​ចោលនោះ គឺ ការ​ងារ​ណា​ដែល​ប្រារព្ធ​ធ្វើ មិន​ត្រូវ​បោះបង់​ចោល​ទេ ត្រូវ​ប្រឹង​តស៊ូ ក្រាញ ននៀល ឈ្មុស​ឈ្មុល​រក​ឧបាយ រក​ច្រក ដើរ​ទៅ​មុខ​ជា​ដរាប ឲ្យ​ទាល់​តែ​ការ​ងារ​នោះ​សម្រេច​តាម​គោល​បំណង ។ ឯ​ការ​តស៊ូ​ចំពោះ​ការ​ងារ​ដែល​ធ្វើ​នោះ គួរ​យក​តម្រាប់​តាម​បែប​របស់​ឫស​ឈើ ។ ធម្មតា​ឫស​ឈើ តែ​ដុះ​ចាក់​តម្រង់​ទៅ​ទិស​ត្រង់​ណា​ហើយ មិន​ចេះ​រា​ថយ​ក្រោយ​​ទេ បើ​ទុក​ណា​ជា​វា​ដុះ​ចាក់​ទៅ​ត្រូវ​ប៉ះ និង​ដុំ​ថ្ម​ក្ដី ដុំ​ឥដ្ឋ​ក្ដី ក៏​វា​មិន​ព្រម​ថយ​ក្រោយ​ដែរ វាស៊ូ​ទ្រាំ​ក្រាញ​រួញ​ក្រញាញ់​ហើយ​វា​ពង្រីក​ខ្លួន​វា​ឲ្យ​ធំ ឲ្យ​រឹង​ប៉ឹង​ប្រឹង​ផ្សំ​កម្លាំង​ឲ្យ​បាន​ខ្លាំង យូរ​ៗ​ទៅ ក៏​អាច​រុញ​ធាក់​ច្រាន​ដុំ​ថ្ម- ដុំ​ឥដ្ឋ នោះ​ឲ្យ​របើក​ចេញ​បាន យ៉ាង​ណា​មិញ ការ​តស៊ូ​ចំពោះ​ការ​ងារ​ដែល​បាន​ធ្វើ មិន​បោះ​បង់​ចោល​ប្រឹង​តស៊ូ​ដរាប​ដល់​ការ​នោះបាន​សម្រេច​ប្រយោជន៍​ដល់​ខ្លួន ក៏​យ៉ាង​នោះ​ដែរ ដូច​ភាសិត​ថា បើ​មាន​ប្រាថ្នា​ត្រង់​ណា មុខ​ជា​មាន​ចន្លោះ​ត្រង់​នោះ​មិន​ខាន​ ។

ហេតុទី ៣ : ត្រង់​ពាក្យ​ថា ជា​អ្នក​មាន​ព្យាយាមនោះ គឺ​ក្រោក​ធ្វើការ ខំប្រឹង​ប្រែង ខ្មីឃ្មាត សង្វាត ឱហាត​ក្រោក​ឡើង​ធ្វើ​ការ​ផ្សេងៗ តទល់ អត់​ទ្រាំ​ឧបសគ្គ​គ្រប់​យ៉ាង មាន​ត្រជាក់ ក្ដៅ ជា​ដើម មិន​ខ្ជិល​ច្រអូស មិន​អាង​ហេតុ​ផ្សេង​ៗ មាន​ហេតុ​ថា ព្រឹក​ណាស់ ហើយ​មិន​ប្រកប​ការ​ងារជា​ដើម​នោះ​ឡើយ ដូច​ភាសិត​ថា បើ​ចង់​ចេះ ឲ្យ​សម្លាប់​អាចារ្យអាចារ​ក្នុង​ទី​នេះគឺ​អាចារៈសំ​ដៅ​យក​មារ​យាទ​ថោក​ទាប មារ​យាទ​ខ្ជិល (កោ​សជ្ជៈ) ។ កោសជ្ជៈ គឺ​ការ​ខ្ជិល​ច្រអូស​នេះ បើ​មាន​នៅ​ក្នុង​សន្ដាន​អ្នក​ណា​ហើយ រមែង​ដឹក​នាំ​អ្នក​នោះ​ឲ្យ​ដើរ​ខុស​ផ្លូវ ដឹក​នាំ​ឲ្យ​ក្រ ឲ្យ​ល្ងង់​ខ្លៅ ឲ្យ​ថោក​ទាប ឲ្យ​វិនាស​អន្តរាយ​គ្រប់​យ៉ាង បាន​ជា​ភាសិត​បង្គាប់​ថា ឲ្យ​សម្លាប់​មារ​យាទ​អាក្រក់ គឺ​ឲ្យ​បោះ​បង់​ចោល បើ​មិន​ដូច្នោះ​ទេ រមែង​ទទួល​នូវ​វិបត្តិ​គ្រប់​យ៉ាង ដូច​រឿង​កុសិត​មាណព ។

សេចក្ដី​តំណាល មាន​មាណព​ម្នាក់​ឈ្មោះ កុសិតៈ ជា​កូន​សិស្ស​អាចារ្យ​ទិសា​បាមោក្ខ ។ ថ្ងៃ​មួយ ជា​ថ្ងៃ​សម្រាក​រៀន ពួក​កូន​សិស្ស​ទាំង​ឡាយ បាន​ចេញ​ពី​កន្លែង​រៀង​ខ្លួន នាំ​គ្នា​ចូលទៅ​ក្នុង​ព្រៃ​ដើម្បី​រក​កាច់​អុស តាម​ការ​បង្គាប់​របស់​លោក​គ្រូអាចារ្យ ។ លុះ​ចូល​ទៅ​ដល់​ព្រៃ​ហើយ កុសិត​មាណព អាង​ថា នៅ​ពេល​ព្រឹក​ណាស់ហើយ​មិន​ទាន់​រក​កាច់​អុស ក៏ដេក​នៅ​ក្រោម​ដើម​ថ្ងាន់​មួយ លុះ​ដេក​លក់​ហួស​ប្រមាណ ដរាប​ដល់​ថ្ងៃ​រសៀល​ទាប ទើប​ភ្ញាក់​ឡើង ក៏​ប្រញាប់​ប្រញាល់​ស្រវា​ឡើង​ដើម​ថ្ងាន់ ដើម្បី​កាច់​មែក​ថ្ងាន់​រស់​ធ្វើ​ជា​អុស ។ ឯ​មែក​ថ្ងាន់ ក៏​បាក់​ផ្ទាត់​មក​ត្រូវ​ចំ​ភ្នែក​មាណព ៗ ក៏​មាន​ភ្នែក​អន្ធការ ។ ឯ​អុស ក៏​មិន​បាន​ឈើ​ស្ងួត ដូច​ជា​អ្ន​ក​ឯ​ទៀត​ផង ភ្នែក​ក៏​ដល់​នូវ​អាការ​ប្លែក​ពី​ធម្មតា​ផង កូន​សិស្ស​ឯ​ទៀត​ជា​មិត្ត មាន​ការ​លំបាក​នឹង​ជួយ​គ្រា​កុសិត​មាណព​ឲ្យ​វិល​ត្រឡប់​ទៅ​ទីលំ​នៅ​វិញ​ផង លុះ​គ្រូអាចារ្យ​ដឹង​រឿង​នោះ​ហើយ ក៏​ស្ដី​បន្ទោស​ផង ។ នាំ​រឿង​ខ្លី​មក ស​ឲ្យ​ឃើញ​ថា​ ការ​ខ្ជិល​ច្រអូស (កោសជ្ជៈ) នេះ គេ​មិន​ត្រូវ​បណ្ដោយ​ទុក​ឲ្យ​នៅ​ក្នុង​សន្ដាន​ឡើយ ត្រូវ​តែ​លះបង់​ចោល​ឲ្យ​ស្រឡះ​ពី​សន្តាន ព្រោះ​វានាំ​ឲ្យ​ថោក​ទាប នាំ​ឲ្យ​ក្រី​ក្រ នាំ​ឲ្យ​សៅ​ហ្មង​គ្រប់​យ៉ាង ។ កាល​បើ​លះ​បង់​កោសជ្ជៈ​ចេញ​ហើយ ត្រូវ​ប្រឹង​ប្រែង​បំពេញ​កិច្ចការ​គ្រប់​យ៉ាង ត្រូវ​មាន​គំនិ​តខ្ពង់​ខ្ពស់ ត្រូវ​ពិចារណា​ឲ្យ​ស្គាល់​ហេតុ​ផល​គ្រប់​យ៉ាង ត្រូវ​ប្រព្រឹត្ត​ប្រយោជន៍ ២ យ៉ាង​ឲ្យ​កើត គឺ​ប្រយោជន៍​លោក​នេះ និង​ប្រយោជន៍​លោក​ខាង​មុខ ។

No comments:

Post a Comment