Monday, June 25, 2012

ទ្រព្យកើតឡើងដោយហេតុ ៣ យ៉ាង


១- បដិរូបការី ជាអ្នកធ្វើការសមគួរដល់ការ
២- ធុរវា ជាអ្នកមិនដាក់ធុរៈចោល
៣- ឧដ្ឋកតា ជាអ្នកព្យាយាម ក្រោកធ្វើការ ។

អធិប្បាយ

ហេតុទី ១ : ត្រង់​ពាក្យ​ថា ធ្វើ​ការ​សម​គួរ​ដល់​ការនោះ គឺ ធ្វើ ការ​ងារ​ឲ្យ​សមរម្យ​តាម​សមត្ថភាព​របស់​ខ្លួន ដែល​ល្មម​លៃលក​ធ្វើ​បាន មិន​ហួស​ពី​សមត្ថភាព​របស់​ខ្លួន ។ ឯ​ការ​ងារ​ដែល​ត្រូវ​ធ្វើ​នោះ មាន​៣ ថ្នាក់ គឺ ការ​ងារ​ថ្នាក់​ខ្ពស់ ថ្នាក់​កណ្ដាល ថ្នាក់​ទាប ។ ទាំង​មនុស្ស​ម្នាក់​ៗ​សោត​ទៀត ក៏​ត្រូវ​តែ​មាន​ឥទ្ធិ​បាទ​ធម៌​បួន​ប្រការ​នៅ​ក្នុង​ខ្លួន​គ្រប់​គ្នា ។ ឥទ្ធិបាទ​ធម៌ (ធម៌​ជា​ជើង​រឹទ្ធិ) ៤ ប្រការ​នោះ​គឺ

១- ឆន្ទៈ បំណង ២- វីរិយៈ ព្យាយាម ៣- ចិត្ត គំនិត ៤- វិមំសា ការពិចារណា ។

បើ​មនុស្ស​មាន​ឥទ្ធិបាទ​ធម៌​ខ្ពស់ ធ្វើ​ការ​ងារ​ក៏​បាន​ខ្ពស់​បាន​ប្រសើរ បើ​មាន​ធម៌​នោះ​យ៉ាង​កណ្ដាល ធ្វើ​ការ​ងារ​ក៏​បាន​យ៉ាង​កណ្ដាល បើ​មាន​ទាប ក៏​ធ្វើ​ការ​ងារ​បាន​ទាប​ដែរ ។ ធ្វើ​ការ​ងារ​ឲ្យ​សម​តាម​សមត្ថភាព សម​តាម​ឥទ្ធិបាទ​ធម៌​និង​សម​តាម​ថ្នាក់​របស់​ការ​ងារ ហៅ​ថាធ្វើ​ការ​សម​គួរ​ដល់​ការសម​តាម​ទំនង​ការដូច​ភា​សិត​ថា ដាំ​ជើង​ក្រាន ឲ្យ​ប្រមាណ​ឆ្នាំង ។

ផ្ទុយ​ទៅ​វិញ បើ​ធ្វើ​កា​រ​មិន​សម​គួរ​ដល់​ការ ឬ​មិន​ត្រូវ​តាម​ទំនង ឬ​ក៏​ហួស​សមត្ថភាព​ខ្លួន ដែល​ត្រូវ​នឹង​ភាសិត​ថា ដៃ​ខ្លី​ស្រ​វាឱប​ភ្នំ ការ​ងារ​នោះ មិន​សម្រេច​ប្រយោជន៍​ដល់​ខ្លួន​ទេ ។

ហេតុទី ២ : ត្រង់​ពាក្យ​ថា មិន​ដាក់​ធុរៈ​ចោលនោះ គឺ ការ​ងារ​ណា​ដែល​ប្រារព្ធ​ធ្វើ មិន​ត្រូវ​បោះបង់​ចោល​ទេ ត្រូវ​ប្រឹង​តស៊ូ ក្រាញ ននៀល ឈ្មុស​ឈ្មុល​រក​ឧបាយ រក​ច្រក ដើរ​ទៅ​មុខ​ជា​ដរាប ឲ្យ​ទាល់​តែ​ការ​ងារ​នោះ​សម្រេច​តាម​គោល​បំណង ។ ឯ​ការ​តស៊ូ​ចំពោះ​ការ​ងារ​ដែល​ធ្វើ​នោះ គួរ​យក​តម្រាប់​តាម​បែប​របស់​ឫស​ឈើ ។ ធម្មតា​ឫស​ឈើ តែ​ដុះ​ចាក់​តម្រង់​ទៅ​ទិស​ត្រង់​ណា​ហើយ មិន​ចេះ​រា​ថយ​ក្រោយ​​ទេ បើ​ទុក​ណា​ជា​វា​ដុះ​ចាក់​ទៅ​ត្រូវ​ប៉ះ និង​ដុំ​ថ្ម​ក្ដី ដុំ​ឥដ្ឋ​ក្ដី ក៏​វា​មិន​ព្រម​ថយ​ក្រោយ​ដែរ វាស៊ូ​ទ្រាំ​ក្រាញ​រួញ​ក្រញាញ់​ហើយ​វា​ពង្រីក​ខ្លួន​វា​ឲ្យ​ធំ ឲ្យ​រឹង​ប៉ឹង​ប្រឹង​ផ្សំ​កម្លាំង​ឲ្យ​បាន​ខ្លាំង យូរ​ៗ​ទៅ ក៏​អាច​រុញ​ធាក់​ច្រាន​ដុំ​ថ្ម- ដុំ​ឥដ្ឋ នោះ​ឲ្យ​របើក​ចេញ​បាន យ៉ាង​ណា​មិញ ការ​តស៊ូ​ចំពោះ​ការ​ងារ​ដែល​បាន​ធ្វើ មិន​បោះ​បង់​ចោល​ប្រឹង​តស៊ូ​ដរាប​ដល់​ការ​នោះបាន​សម្រេច​ប្រយោជន៍​ដល់​ខ្លួន ក៏​យ៉ាង​នោះ​ដែរ ដូច​ភាសិត​ថា បើ​មាន​ប្រាថ្នា​ត្រង់​ណា មុខ​ជា​មាន​ចន្លោះ​ត្រង់​នោះ​មិន​ខាន​ ។

ហេតុទី ៣ : ត្រង់​ពាក្យ​ថា ជា​អ្នក​មាន​ព្យាយាមនោះ គឺ​ក្រោក​ធ្វើការ ខំប្រឹង​ប្រែង ខ្មីឃ្មាត សង្វាត ឱហាត​ក្រោក​ឡើង​ធ្វើ​ការ​ផ្សេងៗ តទល់ អត់​ទ្រាំ​ឧបសគ្គ​គ្រប់​យ៉ាង មាន​ត្រជាក់ ក្ដៅ ជា​ដើម មិន​ខ្ជិល​ច្រអូស មិន​អាង​ហេតុ​ផ្សេង​ៗ មាន​ហេតុ​ថា ព្រឹក​ណាស់ ហើយ​មិន​ប្រកប​ការ​ងារជា​ដើម​នោះ​ឡើយ ដូច​ភាសិត​ថា បើ​ចង់​ចេះ ឲ្យ​សម្លាប់​អាចារ្យអាចារ​ក្នុង​ទី​នេះគឺ​អាចារៈសំ​ដៅ​យក​មារ​យាទ​ថោក​ទាប មារ​យាទ​ខ្ជិល (កោ​សជ្ជៈ) ។ កោសជ្ជៈ គឺ​ការ​ខ្ជិល​ច្រអូស​នេះ បើ​មាន​នៅ​ក្នុង​សន្ដាន​អ្នក​ណា​ហើយ រមែង​ដឹក​នាំ​អ្នក​នោះ​ឲ្យ​ដើរ​ខុស​ផ្លូវ ដឹក​នាំ​ឲ្យ​ក្រ ឲ្យ​ល្ងង់​ខ្លៅ ឲ្យ​ថោក​ទាប ឲ្យ​វិនាស​អន្តរាយ​គ្រប់​យ៉ាង បាន​ជា​ភាសិត​បង្គាប់​ថា ឲ្យ​សម្លាប់​មារ​យាទ​អាក្រក់ គឺ​ឲ្យ​បោះ​បង់​ចោល បើ​មិន​ដូច្នោះ​ទេ រមែង​ទទួល​នូវ​វិបត្តិ​គ្រប់​យ៉ាង ដូច​រឿង​កុសិត​មាណព ។

សេចក្ដី​តំណាល មាន​មាណព​ម្នាក់​ឈ្មោះ កុសិតៈ ជា​កូន​សិស្ស​អាចារ្យ​ទិសា​បាមោក្ខ ។ ថ្ងៃ​មួយ ជា​ថ្ងៃ​សម្រាក​រៀន ពួក​កូន​សិស្ស​ទាំង​ឡាយ បាន​ចេញ​ពី​កន្លែង​រៀង​ខ្លួន នាំ​គ្នា​ចូលទៅ​ក្នុង​ព្រៃ​ដើម្បី​រក​កាច់​អុស តាម​ការ​បង្គាប់​របស់​លោក​គ្រូអាចារ្យ ។ លុះ​ចូល​ទៅ​ដល់​ព្រៃ​ហើយ កុសិត​មាណព អាង​ថា នៅ​ពេល​ព្រឹក​ណាស់ហើយ​មិន​ទាន់​រក​កាច់​អុស ក៏ដេក​នៅ​ក្រោម​ដើម​ថ្ងាន់​មួយ លុះ​ដេក​លក់​ហួស​ប្រមាណ ដរាប​ដល់​ថ្ងៃ​រសៀល​ទាប ទើប​ភ្ញាក់​ឡើង ក៏​ប្រញាប់​ប្រញាល់​ស្រវា​ឡើង​ដើម​ថ្ងាន់ ដើម្បី​កាច់​មែក​ថ្ងាន់​រស់​ធ្វើ​ជា​អុស ។ ឯ​មែក​ថ្ងាន់ ក៏​បាក់​ផ្ទាត់​មក​ត្រូវ​ចំ​ភ្នែក​មាណព ៗ ក៏​មាន​ភ្នែក​អន្ធការ ។ ឯ​អុស ក៏​មិន​បាន​ឈើ​ស្ងួត ដូច​ជា​អ្ន​ក​ឯ​ទៀត​ផង ភ្នែក​ក៏​ដល់​នូវ​អាការ​ប្លែក​ពី​ធម្មតា​ផង កូន​សិស្ស​ឯ​ទៀត​ជា​មិត្ត មាន​ការ​លំបាក​នឹង​ជួយ​គ្រា​កុសិត​មាណព​ឲ្យ​វិល​ត្រឡប់​ទៅ​ទីលំ​នៅ​វិញ​ផង លុះ​គ្រូអាចារ្យ​ដឹង​រឿង​នោះ​ហើយ ក៏​ស្ដី​បន្ទោស​ផង ។ នាំ​រឿង​ខ្លី​មក ស​ឲ្យ​ឃើញ​ថា​ ការ​ខ្ជិល​ច្រអូស (កោសជ្ជៈ) នេះ គេ​មិន​ត្រូវ​បណ្ដោយ​ទុក​ឲ្យ​នៅ​ក្នុង​សន្ដាន​ឡើយ ត្រូវ​តែ​លះបង់​ចោល​ឲ្យ​ស្រឡះ​ពី​សន្តាន ព្រោះ​វានាំ​ឲ្យ​ថោក​ទាប នាំ​ឲ្យ​ក្រី​ក្រ នាំ​ឲ្យ​សៅ​ហ្មង​គ្រប់​យ៉ាង ។ កាល​បើ​លះ​បង់​កោសជ្ជៈ​ចេញ​ហើយ ត្រូវ​ប្រឹង​ប្រែង​បំពេញ​កិច្ចការ​គ្រប់​យ៉ាង ត្រូវ​មាន​គំនិ​តខ្ពង់​ខ្ពស់ ត្រូវ​ពិចារណា​ឲ្យ​ស្គាល់​ហេតុ​ផល​គ្រប់​យ៉ាង ត្រូវ​ប្រព្រឹត្ត​ប្រយោជន៍ ២ យ៉ាង​ឲ្យ​កើត គឺ​ប្រយោជន៍​លោក​នេះ និង​ប្រយោជន៍​លោក​ខាង​មុខ ។

Sunday, May 20, 2012

ទំព័រដើម

ការ​រក្សា​ឧបោសថសីល ឬ​សីល​៨
ការ​រក្សា​ឧបោសថសីល ឬ​សីល​៨ មាន​ភាព​ខុស​ប្លែក​គ្នា​ ពី​ការ​រក្សា​និច្ចសីល ឬ សីល​៥ ព្រោះ​ការ​រក្សា​ឧបោសថ​សីល​ ធ្វើ​ឡើង​តែ​៤ថ្ងៃ​ (ឬ៤សីល)​​​ក្នុង​មួយ​ខែ គឺ​ថ្ងៃ ​៨រោច ថ្ងៃ ១៥រោច ថ្ងៃ ៨កើត ថ្ងៃ ១៥កើត ហើយឧបោសថសីល​​ក្នុង​ថ្ងៃ​នីមួយ​ៗ រក្សា​តែ​មួយ​យប់​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ មាន​ថ្ងៃ​ដទៃ​ទៀត​ដែល​រាប់​បញ្ចូល​ក្នុង​ថ្ងៃ​ឧបោសថ​ដែរ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ ជា​ទូទៅ​គឺ​កំណត់​យក​តែ​បួន​ថ្ងៃ ឬ​បួនសីល​ដូច​បាន​រៀប​រាប់​ខាង​លើ​ ​។ ចំណែក​ឯ​សីល​៥​វិញ មិន​បាន​កំណត់​កាល​ឬ​កំណត់​ថ្ងៃ​ដូច្នេះ​ទេ ព្រោះ​​​សីល៥​ គឺ​ជា​សីល​ដែល​ត្រូវ​រក្សា​ជា​រៀង​រាល់​ថ្ងៃ​ ជានិច្ច​និរន្តរ៍ ដូច្នេះ​ហើយ​ទើប​មាន​វេវចនស័ព្ទ​មួយ​ទៀត​ហៅ​ថា​ និច្ច​សីល​។

កិច្ច​នៃ​ឧបោសថ​សីល​ មាន​ការ​ពន្យល់​ក្បោះ​ក្បាយ​នៅ​ក្នុង​សៀវភៅ​គិហិ​បដិបត្តិ​នៅ​ក្នុង​ទីនេះ​សូម​លើក​យក​តែ​គោល​ និង​អង្គ​នៃ​សិក្ខាបទ​មក​ចែក​ជូន​តែប៉ុណ្ណោះ​។ គោល​និង​អង្គ​នៃ​សិក្ខាប​ទ​មួយ​ចំនួន​ដូច​គ្នា​នឹង​សីល​៥​ដែរ សូម​ពិនិត្យ​នឹង​សង្កេត​តាម​សិក្ខា​បទនានា​​ដូច​ខាង​ក្រោម​នេះ​ ៖​

១-បាណាតិបាត​ វេរមណី វៀរ​​ចាក​​ការ​​សម្លាប់​​សត្វ​។

បាណាតិ​បាត មាន​​អង្គ​​​៥ ​គឺ៖
១-បាណោ សត្វ​​មាន​​ជីវិត
២-បាណ​សញ្ញិតា សេចក្ដី​​ដឹង​​ថា សត្វ​​មាន​​ជីវិត
៣-វធក​ចិត្ដំ ចិត្ដ​​គិត​នឹង​​សម្លាប់
៤-ឧប​ក្ក​មោ ព្យាយាម​នឹង​​សម្លាប់
៥-តេន​​មរណំ សត្វ​​ស្លាប់​​ដោយ​​ការ​​ព្យាយាម​​នោះ

២-អទិន្នាទានា វេរមណី វៀរ​​ចាក​​ការ​​កាន់​​យក​​របស់​​ដែល​​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ ដោយ​​វាចា (វៀរចាក​លួច​​​ទ្រព្យ​​​គេ)។

អទិន្នាទាន ​មាន​​អង្គ​៥ គឺ៖​
១-បរ​បរិគ្គ​ហិតំ  ទ្រព្យ​​ដែល​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។
២-បរ​បរិគ្គហិត​​សញ្ញិតា សេចក្ដី​​ដឹង​​ថា ទ្រព្យ​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។
៣-ថេយ្យ​ចិត្ដំ  ចិត្ដ​​គិត​​នឹង​​លួច។
៤-ឧបក្ក​មោ ព្យាយាម​​នឹង​​លួច។
៥-តេន​ហរណំ​ លួច​​បាន​​មក​​ដោយ​​ការ​​ព្យាយាម​​នោះ។

៣-​ អព្រហ្មចរិយា វេរមណី វៀរចាកការសេពនូវមេថុនធម្ម (សេពកាម)។

អព្រហ្ម​​ចរិយា​ មានអង្គ ៤
ភេទនវត្ថុ វត្ថុ​ជា​ទី​ទម្លាយ​នូវ​សីល គឺ​ទ្វារ​ទាំង ៣០ ចំពោះ​ត្រង់​ទ្វារ​ណា​មួយ​។
សេវន​ចិត្តំ គិត​នឹង​សេព។
តជ្ជោ វាយាមោ ព្យាយាម​នឹង​សេព​នូវ​មេថុន​ធម្ម​នោះ។
មគ្គេន មគ្គប្បដិបាទនំ ញ៉ាំង​មគ្គ និង​មគ្គ​ឲ្យ​ដល់​គ្នា។

៤-មុសាវាទា វេរមណី វៀរ​ចាក​ការ​ពោល​ពាក្យ​មិន​ពិត គឺ​ពាក្យ​កុហក។

មុសាវាទ​ មាន​អង្គ​៤​ គឺ៖
១-អតថំ​វត្ថុ  វត្ថុ​​​មិន​​​ពិត។
២-វិសំ​វាទ​ន​​ចិត្ដំ  ចិត្ដ​​គិត​​នឹង​​ពោល​​ឲ្យ​​ខុស។
៣-តជ្ជោ​វា​យា​មោ ព្យាយាម​​នឹង​​ពោល​​ឲ្យ​ខុស។
៤-បរស្ស​ត​ទត្ថ​វិជា​​ននំ ញុំាង​​អ្នក​​ដទៃ​​ឲ្យ​​ដឹង​​ច្បាស់​​នូវ​​សេចក្ដី​​នោះ។

៥-សុរា​មេរយ​មជ្ជប្បមា​ទដ្ឋានា វេរមណី វៀរ​ចាក​ការ​សេព​នូវ​ទឹក​ស្រវឹង​គឺ​សុរា និង​មេរ័យ។

សុរាមេរយៈ មាន​អង្គ​៤​ គឺ៖
១-មជ្ជនីយវត្ថុ  វត្ថុ​ជា​​ទី​​តាំង​​នៃ​​សេចក្ដី​​ស្រវឹង​ គឺ​​សុរា​ និង​មេរ័យ​។
២-បាតុ​កម្យ​តា​ចិត្ដំ  ចិត្ដ​​គិត​​បម្រុង​​នឹង​​ផឹក។​
៣-តជ្ជោ​​វា​យា​​មោ ព្យាយាម​​នឹង​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ។
៤-តស្ស​​បានំ បាន​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ​​ឲ្យ​​កន្លង​​បំពង់​​ក​​ចូល​​ទៅ។

៦-វិកាល​ភោជនា​ វេរមណី វៀរ​ចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស​។​

វិកាលភោជន មានអង្គ ៣
វិកាលោ កាល​ខុស គឺ​ព្រះ​អាទិត្យ​ជ្រេ​ទៅ​ហើយ​ដរាប​ទល់​អរុណរះ។
២ -យាវកាលិ​កំ របស់​ដែល​គួរ​បរិភោគ​បាន​ក្នុង​កាល គឺ​តាំង​ពី​អរុណរះ​ឡើង​ដរាប​ដល់​ថៃ្ង​ត្រង់​។
៣ -អជ្ឈោ​ហរណំ បាន​លេប​ចូល​ទៅ​ក្នុង​បំពង់​ក។

៧-និច្ចគីតវា​ទិ​ត​វិសូ​ក​ទស្សន​មាលា​គន្ធ​ វិលេបន​ធារណ​មណ្ឌន​វិភូស​នដ្ឋានា​ វេរមណី​ វៀរ​ចាក​កិរិយា​រាំ និង​ច្រៀង​ និង​ប្រគំ​ និង​មើល​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌​ និង​ករិយា​ទ្រទ្រង់​និង​ប្រដាប់​តាក់​តែង​ ស្អិតស្អាង​រាង​កាយ​ ដោយ​ផ្កា​កម្រង​ និង​គ្រឿង​ក្រអូប​ និង​គ្រឿង​លាប​ផ្សេងៗ​។

នច្ចគីត​ព្រម​ទាំង មាលា​រួម​ជា​សិក្ខា​បទ​មួយ មាន​អង្គ ៦
១-នច្ចគី​តាទិ ការ​លែ្បង​មាន​រាំ និង​ច្រៀង​ជា​ដើម។
២ -កត្តុ​កម្យ​តាចិត្តំ គិត​បម្រុង​នឹង​ធ្វើ ។
៣ -សុត​ទស្ស​នត្ថាយ​គមនំ ទៅ​ដើម្បី​ស្តាប់ ឬ​មើល ហើយ​បាន​ស្តាប់​ឬ​មើល។
មាលា​ទិ វត្ថុ​សម្រាប់​ប្រដាប់​កាយ​មាន​កម្រង​ផ្កា​ជា​ដើម​ ។
៥ -ធារណ​ច្ឆន្ទ​តា សេចក្តី​ប្រា​ថ្នា នឹង​ប្រដាប់​តាក់​តែង។
៦-តស្ស ធារណំ បាន​ប្រដាប់​តាក់​តែង​នូវ​វត្ថុ​សម្រាប់​ប្រដាប់​កាយ​មាន​ផ្កា​កម្រង​ជាដើម​នោះ។

៨-​ឧច្ចាសយនមហាសយនា វេរមណី វៀរ​ចាក​ទី​សេនា​សនៈ​ដ៏​ខ្ពស់​ហួស​ប្រមាណ​  និង​ទី​សេនាសនៈ​ដ៏​ប្រសើរ​។

ឧច្ចា​សយ​ន មាន​អង្គ ៣​
១-ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយ ដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ។
២-បរិភោគចិត្តំ គិតនឹងដេក ឬ អង្គុយ។
៣-បរិភោគករណំ បានដេក ឬ អង្គុយ។

កាល​​បើ​​ឧបាសក​​ឧបាសិកា ប្រព្រឹត្ត​​ឲ្យ​​កន្លង​​នូវ​​សិក្ខា​​បទ​​ណា​​ៗ លុះ​​តែ​​ព្រម​​ដោយ​​អង្គ​​ក្នុង​​សិក្ខា​​បទ នោះ​​ៗ ទើប​​បាន​​ឈ្មោះ​​ថា​​កន្លង បើ​​មិន​​ទាន់​​ព្រម​​ដោយ​​អង្គ​​នោះ ក៏​​មិន​​បាន​​ឈ្មោះ​​ថា​​កន្លង​​នូវ​​សិក្ខា​បទ​​​នោះ​​​ទេ។​​

សតិ​ និង​សម្បជញ្ញៈ
សតិ               សេចក្តី​រលឹក
សម្បជញ្ញំ      ដឹង​ខ្លួន

អធិប្បាយ
សតិ​ ក៏​គឺ​សតិ​ [ ការ​រលឹក ] នុ៎ះ​ឯង ។​ សម្បជញ្ញៈ​ គឺ​ ញាណ​ ( ការ​ដឹង ) ។
សតិ ​ពិចារណា​គតិ​ទាំង​ឡាយ​ នៃ​ធម៌​ដែល​ជា​ប្រយោជន៍​ និង​មិន​មែន​ជា​ប្រយោជន៍​ ដឹង​ថា​ធម៌​ទាំង​ឡាយ​មាន​កាយទុច្ចរិត​ជា​ដើម​ទាំង​នេះ​ ថា​មិន​មាន​ប្រយោជន៍​ រមែង​បន្ទោបង់​ធម៌​ដែល​មិន​ជា​ប្រយោជន៍​ ដឹង​ថា​ធម៌​មាន​កាយសុចរិត​ជា​ដើម​ទាំង​នេះ​ជា​ប្រយោជន៍​ រមែង​ផ្គង​ធម៌​ដែល​ជា​ប្រយោជន៍​ ដូច​បរិនាយក​កែវ​របស់​ស្តេច​ចក្រពត្តិ​ ដឹង​វត្ថុ​ដែល​ជា​ប្រយោជន៍​ និង​វត្ថុ​ដែល​មិន​មែន​ជា​ប្រយោជន៍​ វត្ថុ​ដែល​ជា​ប្រយោជន៍​របស់​​ស្តេច​ចក្រពត្តិ​ រមែង​នាំ​វត្ថុ​ដែល​មិន​ជា​ប្រយោជន៍​ចេញ​ រមែង​បង្អោន​ចូល​មក​នូវ​វត្ថុ​ដែល​ជា​ប្រយោជន៍​ប៉ុណ្ណោះ​ ដូច្នោះ​ដែរ ។​

ដោយ ​ហេតុ​នោះ​ ព្រះ​នាគសេនត្ថេរ​ទើប​មាន​ថេរដីកា​នឹង​ព្រះ​បាទ​មិលិន្ទ​ថា​ បពិត្រ​មហារាជ​ បរិនាយក​កែវ​របស់​ស្តេច​ចក្រពត្តិ​ រមែង​ដឹង​វត្ថុ​ដែល​ជា​ប្រយោជន៍​ និង​មិន​ជា​ប្រយោជន៍​ដល់​ស្តេច​ចក្រពត្តិ​ វត្ថុ​ទាំង​នេះ​ ជា​ប្រយោជន៍​ដល់​ព្រះ​រាជា​ វត្ថុ​ទាំង​នេះ​ មិន​ជា​ប្រយោជន៍​ វត្ថុ​ទាំង​នេះ​ជា​ឧបការៈ​ វត្ថុ​ទាំង​នេះ​ មិន​មាន​ឧបការៈ​ ដូច្នេះ​ បន្ទាប់​ពី​នោះ​មក​ ក៏​នឹង​កម្ចាត់​វត្ថុ​ដែល​មិន​ជា​ប្រយោជន៍​ រមែង​ផ្គង​វត្ថុ​ដែល​ជា​ប្រយោជន៍​ យ៉ាង​ណា​ សូម​ថ្វាយ​ព្រះ​មហារាជ​ សតិ​ក៏​យ៉ាង​នោះ​ដូច​គ្នា​នោះ​ឯង​ កាល​កើត​ឡើង​ រមែង​ពិចារណា​គតិ​ទាំង​ឡាយ​ នៃ​ធម៌​ ដែល​ជា​ប្រយោជន៍​និង​មិន​ជា​ប្រយោជន៍​ថា​ ធម៌​ទាំង​នេះ​ជា​ប្រយោជន៍​ ធម៌​ទាំង​នេះ​មិន​ជា​ប្រយោជន៍​ ធម៌​ទាំង​នេះ​មាន​ឧបការៈ​ ធម៌​ទាំង​នេះ​មិន​មាន​ឧបការៈ​ ដូច្នេះ​ បន្ទាប់​ពី​នោះមក​ រមែង​កម្ចាត់​ធម៌​ដែល​មិន​ជា​ប្រយោជន៍​ រមែង​ផ្គង​ធម៌​ដែល​ជា​ប្រយោជន៍​ ថ្វាយ​ព្រះ​ពរ​មហារាជ​ សតិ​មាន​ការ​ផ្គង​ ជា​លក្ខណៈ​យ៉ាង​នេះ​ឯង ។

ន័យ ​ម្យ៉ាង​ទៀត​ សតិ​មាន​ការ​រលឹក​ជាលក្ខណៈ​ ( អបិលាបនលក្ខណា )​ មាន​ការ​មិន​វង្វេង​ភ្លេច​ ជាកិច្ច​ ( អសម្មោសរសា )​ មាន​ការ​រក្សា​អារម្មណ៍​ ( ទុក​មិន​ឲ្យ​ចេញ​ពី​ចិត្ត ) ជា​គ្រឿង​ប្រាកដ​ ( អារក្ខបច្ចុបដ្ឋានា )​ ឬ​មាន​ការ​ឆ្ពោះ​មុខ​ទៅ​កាន់​អារម្មណ៍​ ជា​បច្ចុប្បដ្ឋាន​ មាន​ការ​ចាំ​បាន​ដ៏​ខ្ជាប់​ខ្ជួន​ ជា​បទដ្ឋាន​ ( ថិរសញ្ញាបទដ្ឋានា )​ ឬ​មាន​សតិបដ្ឋាន​ មាន​កាយានុបស្សនា-សតិបដ្ឋាន​ជា​ដើម​ ជា​បទដ្ឋាន​ គប្បី​ឃើញ​សតិ​ដូច​ជា​សសរ​ខឿន​ ព្រោះ​តាំង​នៅ​មាំ​ ក្នុង​អារម្មណ៍​ និង​ដូច​ទ្វារបាល​ចាំ​រក្សា​ទ្វារ​ ព្រោះ​រក្សា​ទ្វារ​ទាំង​ឡាយ​ មាន​ចក្ខុទ្វារ​ជា​ដើម ។




ពាក្យ​ពីរោះ​ និង​បដិសណ្ឋារៈ
សាខល្យំ                  ពាក្យ​ពីរោះ
បដិសន្ថារោ              ការ​ទទួល​​រាក់​ទាក់

អធិប្បាយ 
ពាក្យ​ថា​ សាខល្យំ​ បាន​ដល់​ភាព​ជា​អ្នក​ពោល​ពាក្យ​ពីរោះ​ ឱន​លំទោន​ ដែល​លោក​ពោល​​ទុក​យ៉ាង​នេះ​ថា​ តត្ថ កតមំ សាខល្យំ? យា សា វាចា អណ្ឌកា កក្កសា បរកដុកា បរាភិសជ្ជនី កោធសាមន្តា អសមាធិសំវត្តនិកា, តថារូបិំ វាចំ បហាយ យា សា វាចា នេឡា​ កណ្ណសុខា បេមនីយា ហទយង្គមា បោរី ពហុជនកន្តា ពហុជនមនាបា, តថារូបឹ វាចំ ភាសិតា ហោតិ ។ យា តត្ថ សណ្ហវាចតា សខិលវាចតា អផរុសវាចតា។ ឥទំ វុច្ចតិ សាខល្យំ បណ្តា​ធម៌​ទាំង​នោះ សាខល្យ តើ​ដូច​ម្តេច?​ គឺ​ វាចា​ពកកន្ទួល វាចា​

ពុកស្អុយ វាចា​មិន​ជា​ទី​ពេញ​ចិត្ត​នៃ​អ្នក​ដទៃ​ ជា​វាចា​ដាល​វ៉ាល​ដល់​អ្នក​ដទៃ​ ជា​សម្តី​ជិត​ការ​ក្រោធ​ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​សមាធិ​ បុគ្គល​លះ​បង់​នូវ​វាចា​បែប​នោះ​ចេញ​ ហើយ​ពោល​តែ​វាចា​ណា​ដែល​គ្មាន​ទោស​ ជា​វាចា​សុខ​ដល់​ត្រចៀក​ វាចា​ជា​ទី​ស្រឡាញ់​ ជា​ទី​ពេញ​ចិត្ត​ ជា​វាចា​នៃ​អ្នក​ក្រុង​ ជា​ទី​ត្រេក​អរ​នៃ​ជន​ច្រើន​ ជា​ទី​ពេញ​ចិត្ត​នៃ​ជន​ច្រើន​ វាចា​នោះ​ លោក​ហៅ​ថា​ សាខល្យ

ពាក្យ​ថា​ បដិសន្ថារោ​ បាន​ដល់​ អាមិសបដិសន្ថារ​ ( ការ​ទទួល​ដោយ​អាមិស ) និង​ធម្មបដិសន្ថារ​ ( ការ​ទទួល​ដោយ​ធម៌ ) ដូច​ក្រាល​តាំង​ដោយ​កម្រាល​ ដោយ​លក្ខណៈ​ដែល​លោកសន្និវាស​នេះ​ មាន​ចន្លោះ​ប្រហោង​ ២​ ( ឆិទ្ទៈ ) គឺ ចន្លោះ​ប្រហោង​នៃ​អាមិស​ និង​ចន្លោះ​ប្រហោង​នៃ​ធម៌​ នោះ នឹង​មិន​ប្រាកដ​ចន្លោះ​ប្រហោង​បាន​ឡើយ; សូម្បី​ក្នុង​ព្រះ​អភិធម្ម​ក៏​ពោល​ទុក​យ៉ាង​នេះ​ថា​ តត្ថ កតមោ បដិសន្ថារោ? អាមិសបដិសន្ថារោ ច ធម្មបដិ-សន្ថារោ ច ។ ឥធេកច្ចោ បដិសន្ថារកោ ហោតិ អាមិសបដិសន្ថារេន វា ធម្មបដិសន្ថា-រេន​ វា ។ អយំ វុច្ចតិ បដិសន្ថារោ បណ្តាធម៌​ទាំង​នោះ​ បដិសន្ថារ​ តើ​ដូច​ម្តេច?​ គឺបដិសន្ថារ​ មាន​ ២​ គឺ​ បាន​ដល់​ អាមិសបដិសន្ថារ ការ​ទទួល​រាក់​ទាក់​ដោយ​អាមិស​ ១ ធម្មបដិសន្ថារ​ ការ​ទទួល​រាក់​ទាក់​ដោយ​ធម៌​ ១​ បុគ្គល​ជា​អ្នក​ទទួល​រាក់​ទាក់​ក្នុង​លោក​នេះ​ រមែង​ទទួល​រាក់​ទាក់​ដោយ​អាមិស​ខ្លះ​ ដោយ​ធម៌​ខ្លះ​ នេះហៅថា​ បដិសន្ថារ។​

ក្នុង ​ទី​នេះ​ ការ​សង្គ្រោះ​ដោយ​អាមិស​ ឈ្មោះ​ថា​ អាមិសបដិសន្ថារ ។​ កាល​នឹង​ធ្វើ​អាមិសបដិ-សន្ថារ​​នោះ​ ដល់​មាតា​បិតា​ ក្មេង​វត្ត​ វេយ្យាវច្ចករ​ ដល់​ព្រះរាជា​ និង​ដល់​ចោរ​ មិន​គួរ​នឹង​យក​តែ​ចំណែក​ល្អៗ ទុក​ហើយ​ឲ្យ​ ( តែ​ចំណែក​ដែល​មិន​ល្អ )​ ទេ​ ព្រោះ​កាល​កាន់​យក​មុន​ហើយ​ ទើប​ឲ្យ​ ( ដូច្នោះ )​ ព្រះ​រាជា​ និង​ចោរ​ រមែង​ធ្វើ​សេចក្តី​វិនាស​ខ្លះ​ ឲ្យ​ដល់​នូវ​ការ​អស់​ជីវិត​ខ្លះ,​ កាល​មិន​កាន់​យក​មុន​ហើយ​ឲ្យ​ ព្រះ​រាជា​ និង​ចោរ​រមែង​ពេញ​ចិត្ត ។​ ក្នុង​ករណី​បែប​នេះ​ គួរ​នឹង​លើក​យក​រឿង​ចោរនាគ​ជាដើម ( ជា​ឧទាហរណ៍ ) ។​ រឿង​ទាំង​នោះ​ មាន​សម្តែង​ក្នុង​សមន្តប្បាសាទិកា អដ្ឋកថា​ព្រះ​វិន័យ​ ។​ ការ​តាំង​ចិត្ត​សង្គ្រោះ​ដោយ​ធម៌​យ៉ាង​នេះ​ គឺ​ ឲ្យ​ឧទ្ទេស​ អធិប្បាយ​ព្រះ​បាលិ  ពោល​ធម្មកថា​ ឈ្មោះ​ថា​ ធម្មបដិសន្ថារ ។ 
( សង្គីតិសុត្តវណ្ណនា )

បទ​ថា​ អាមិសបដិសន្ថារោ​ ( ការ​ទទួល​រាក់​ទាក់​ដោយ​អាមិសៈ​ ) បាន​ដល់​ប្រហោង​ ( ស្នាម​​បែក​បាក់​នៃ​ភាព​សាមគ្គី ) របស់​ពួក​ជន​ដទៃ​ជាមួយ​នឹង​ខ្លួន​ ព្រោះ​ការ​មិន​បាន​អាមិស​ រមែង​បិទ​ជិត​បាន​ដោយ​ប្រការ​ណា​ ការ​ទទួល​រាក់​ទាក់​ភ្ញៀវ​ដោយ​អាមិសៈ​ ដោយ​ប្រការ​នោះ ។

បទ​ថា​ ធម្មបដិសន្ថារោ​ ( ការ​ទទួល​រាក់​ទាក់​ដោយ​ធម៌ ) បាន​ដល់​ ចន្លោះ​ប្រហោង​របស់​ពួក​ជន​ដទៃ​ជាមួយ​នឹង​ខ្លួន​ ព្រោះ​ការ​មិន​បាន​ធម៌​ រមែង​បិទ​ជិត​បាន​ដោយ​ប្រការ​ណា​ ការ​ទទួល​រាក់​ទាក់​ភ្ញៀវ​ដោយ​ធម៌​ដោយ​ប្រការ​នោះ។

បទ​ថា​ បដិសន្ថារកោ​ ហោតិ​ ( បុគ្គល​ជា​អ្នក​ទទួល​រាក់​ទាក់​ )​ សេចក្តី​ថា​ ចន្លោះ​ប្រហោង​របស់​លោក​សន្និវាស​ មាន​ ២​ ប៉ុណ្ណោះ​ បុគ្គល​ជា​អ្នក​ទទួល​រាក់​ទាក់​ ( អ្នក​ចុក​នូវ​ប្រហោង​ )​ ទាំង​ ២​ នោះ​ គឺ​ បុគ្គល​ជា​អ្នក​ទទួល​រាក់​ទាក់​នោះ​ រមែង​ចុក​ប្រហោង​ គឺ​ធ្វើ​ជា​និច្ច​ ដោយ​ការ​បដិសន្ថារ​ទាំង​ ២​ នេះ​ គឺ​ ដោយ​អាមិសបដិសន្ថារ​ ឬដោយ​ធម្មបដិសន្ថារ​ ។

អាមិសបដិសន្ថារ​ និង​ធម្មបដិសន្ថារ 
ពិត ​មែន​ ភិក្ខុ​អ្នក​ធ្វើ​បដិសន្ថារ​ កាល​ឃើញ​អាគន្តុកភិក្ខុ​មក​ គប្បី​ក្រោក​ឡើង​ទទួល​រាក់​ទាក់​ ទទួល​បាត្រ​ចីវរ​ ប្រគេន​អាសនៈ​ បក់​ដោយ​ផ្លិត​ស្លឹក​ត្នោត​ លាង​ជើង​ លាប​ប្រេង​ កាល​មាន​ទឹក​ដោះ​ថ្លា​ និង​ទឹក​អំពៅ​ ក៏​គប្បី​ប្រគេន​ជា​ភេសជ្ជៈ​​គប្បី​អើ​ពើ​ដោយ​ទឹក​ផឹក​ គប្បី​ចាត់​ទី​អាស្រ័យ​ដោយ​អាការ​យ៉ាង​នេះ​ ឈ្មោះ​ថា​ អាមិសបដិសន្ថារ​ដែល​ភិក្ខុ​ធ្វើ​ដោយ​ឯកទេស ។

មួយ ​ទៀត​ ក្នុង​វេលា​ល្ងាច​ កាល​ភិក្ខុ​ដែល​នៅ​ខ្ចី​ជាង​ នៅ​មិន​ទាន់​មក​កាន់​ទី​បម្រើ​របស់​ខ្លួន​នុ៎ះ​ឯង​ គួរ​ទៅ​កាន់​សម្នាក់​របស់​ភិក្ខុ​អាគន្តុកៈ​នោះ​ គប្បី​អង្គុយ​សួរ​បញ្ហា​ក្នុង​វិស័យ​ មិន​មែន​សួរ​បញ្ហា​ដែល​ហួស​អំពី​វិស័យ​របស់​លោក​ គឺ​មិន​សួរ​ថា​ ពួក​លោក​រៀន​និកាយ​ណា​ គប្បី​សួរ​ថា​ អាចារ្យ​​ និង​ឧបជ្ឈាយ៍​ របស់​លោក​ជំនាញ​គម្ពីរ​ណា​ ដូច្នេះ​ ហើយ​សួរ​បញ្ហា​ក្នុង​ឋានៈ​ដែល​សម​គួរ ។​ បើ​លោក​អាច​ឆ្លើយ​បាន​ ការ​នុ៎ះ​ជា​ការ​ល្អ ។​ បើ​លោក​មិន​អាច​ឆ្លើយ​បាន​ក៏​គប្បី​ឆ្លើយ​ដោយ​ខ្លួន​ឯង​ ដោយ​អាការ​យ៉ាង​នេះ​ ឈ្មោះ​ថា​ ធម្មបដិសន្ថារដែល​ភិក្ខុ​ធ្វើ​ដោយ​ឯកទេស ។

បើលោក ​នៅ​ក្នុង​សំណាក់​របស់​ខ្លួន​ គប្បី​នាំ​លោក​ទៅ​បិណ្ឌបាត​ជានិច្ច​ បើលោក​ប្រាថ្នា​ដើម្បី​​នឹង​ទៅ​ ថ្ងៃ​ស្អែក​ឡើង​ ក៏​គប្បី​នាំ​លោក​ទៅ​ក្នុង​ទិស​ដែល​គួរ​ទៅ​ ត្រាច់​បិណ្ឌបាត​ក្នុង​ស្រុក​មួយ​ហើយ​ ក៏​គប្បី​បញ្ជូន​លោក​ត្រឡប់​មក​វិញ ។​ បើ​ពួក​ភិក្ខុ​ត្រូវ​និមន្ត​ក្នុង​ទិស​ដទៃ​ ក៏​គប្បី​នាំ​ភិក្ខុ​នោះ​ អ្នក​ប្រាថ្នា​ទៅ​ផង​ កាល​មិន​ប្រាថ្នា​នឹង​ទៅ​ ដោយ​គិត​ថា​ ទិស​នេះ​មិន​គួរ​ដល់​យើង​ ដូច្នេះ​ ក៏​គប្បី​បញ្ជូន​ពួក​ភិក្ខុ​ដទៃ​ទៀត​ឲ្យ​ទៅ​ ហើយ​នាំ​លោក​ត្រាច់​បិណ្ឌបាត​ អាមិស​ដែល​ខ្លួន​បាន​ហើយ​ គប្បី​ប្រគេន​លោក​ យ៉ាង​នេះ​ឈ្មោះ​ថា​ អាមិសបដិសន្ថារដែល​ភិក្ខុ​ធ្វើ​ហើយ ។

សំណួរ៖ អាមិស​ដែល​ខ្លួន​បាន​ហើយ​ បដិសន្ថារកភិក្ខុ ( ភិក្ខុ​អ្នក​ទទួល​រាក់​ទាក់​ )​ គប្បី​ប្រគេន​អ្នក​ណា
ចម្លើយ៖ គប្បី ​ប្រគេន​ភិក្ខុ​អាគន្តុកៈ​មុន​ បើ​ភិក្ខុ​មាន​អាពាធ​ ឬ​នៅ​មិន​ទាន់​មាន​វស្សា​ ក៏​គប្បី​ប្រគេន​ដល់​ភិក្ខុ​មាន​អាពាធ​ជា​ដើម​ទាំង​នោះ​ គប្បី​ប្រគេន​ដល់​អាចារ្យ​ និង​ឧបជ្ឈាយ៍​ គប្បី​ប្រគេន​ដល់​ភិក្ខុ​អ្នក​ចែក​ភណ្ឌៈ​ តែ​ភិក្ខុ​អ្នក​បំពេញ​សារាណីយធម៌​ គប្បី​ប្រគេន​ដល់​ភិក្ខុ​ទាំង​ឡាយ​ដែល​មក​ហើយៗ​ សូម្បី​មួយ​រយ​លើក​ មួយ​ពាន់​លើក​ ចាប់​ផ្តើម​អំពី​ថេរាសនៈ​ទៅ​ ចំណែក​ភិក្ខុ​អ្នក​ទទួល​រាក់​ទាក់​ គប្បី​ឲ្យ​ដល់​ភិក្ខុ​ដែល​នៅ​មិន​ទាន់​បាន​ ចេញ​ទៅ​កាន់​ស្រុក​ហើយ​ឃើញ​ភិក្ខុ​ ឬ​ភិក្ខុនី​ដែល​ជរា​ ឬ​គ្មាន​ទី​ពឹង​ ក៏​គប្បី​ប្រគេន​ដល់​ពួក​លោក​ទាំង​នោះ ។ នេះ​ឈ្មោះ​ថា​ អាមិសបដិសន្ថារ ។

ក្នុង​សេចក្តី​នោះ​ មាន​រឿង​នេះ​ ជា​ឧទាហរណ៍៖ 
បាន ​ឮ​ថា​ កាល​ពួក​ចោរ​ប្លន់​ស្រុក​ ឈ្មោះ​ថា​ គុត្តសាលា​ ក្នុង​ខណៈ​នោះ​ ព្រះ​ខីណាសវត្ថេរី​មួយ​រូប​ ចេញ​អំពី​និរោធសមាបត្តិ​ហើយ​ ឲ្យ​ភិក្ខុនី​កាន់​យក​របស់​ទៅ​កាន់​ផ្លូវ​ ជា​មួយ​នឹង​មហាជន​ ដល់​ទ្វារ​ស្រុក​នកុលនគរ​អង្គុយ​នៅ​ក្បែរ​គល់​ឈើ​ក្នុង​វេលា​ថ្ងៃ​ត្រង់​ ក្នុង​សម័យ​នោះ​ ព្រះ​មហានាគត្ថេរ​អ្នក​នៅ​ក្នុង​វិហារកាឡវល្លិមណ្ឌប​ ត្រាច់​បិណ្ឌបាត​ក្នុង​ស្រុក​នកុលនគរ​ ចេញ​មក​វិញ​ ឃើញ​ព្រះ​ថេរី​ ទើប​សួរ​អើ​ពើ​ដោយ​ភត្ត​ ព្រះ​ថេរី​ឆ្លើយ​ថា​ ខ្ញុំ​ម្ចាស់​ មិន​មាន​បាត្រ​ ព្រះ​ថេរៈ​បាន​ឲ្យ​ភត្ត​ ព្រម​ទាំង​បាត្រ​ថា​ និមន្ត​នាង​ឆាន់​ ដោយ​បាត្រ​នេះ ។​ ព្រះ​ថេរី​ធ្វើ​ភត្តកិច្ច​ស្រេច​ហើយ​ លាង​បាត្រ​ថ្វាយ​ព្រះ​ថេរៈ​ហើយ​ពោល​ថា​ លោក​ម្ចាស់​លំបាក​ដោយ​ភិក្ខាចារ​ ត្រឹម​តែ​មួយ​ថ្ងៃ​នេះ​​ប៉ុណ្ណោះ​ ចាប់​តាំង​អំពី​ថ្ងៃ​នេះ​ទៅ​ ដែល​ឈ្មោះ​ថា​ ការ​លំបាក​ដោយ​ភិក្ខាចារ​របស់​លោក​ម្ចាស់​ នឹង​មិន​កើត​ឡើង​ដល់​លោក​ម្ចាស់​ទៀត​ទេ​ ដូច្នេះ​ ចាប់​តាំង​អំពី​ថ្ងៃ​នោះ​ ដែល​ឈ្មោះ​ថា​ បិណ្ឌបាត​មាន​តម្លៃ​ជាង​មួយ​កហាបណៈ​ មិន​បាន​កើត​ឡើង​ដល់​ព្រះ​ថេរៈ​ឡើយ​ ( មាន​តែ​បិណ្ឌបាត​ដែល​មាន​តម្លៃ​ថ្លៃ​ប៉ុណ្ណោះ​ ដែល​កើត​ឡើង​ ) ដល់​លោក​ នេះ​ឈ្មោះ​ថា​ អាមិសបដិសន្ថារ ។

ភិក្ខុ ​អ្នក​ធ្វើ​បដិសន្ថារ​នេះ គួរ​តាំង​នៅ​ក្នុង​ផ្នែក​សង្គ្រោះ​ប្រាប់​កម្មដ្ឋាន​ ដល់​ភិក្ខុ​នោះ​ គប្បី​ប្រាប់​ធម៌​ គប្បី​កម្ចាត់​សេចក្តី​សង្ស័យ​ គប្បី​ធ្វើ​ករណីយកិច្ច​ដែល​កើត​ឡើង​ គប្បីឲ្យ​អព្ភាន​ វុដ្ឋាន​ មានត្ត​​ និង​បរិវាស​ អ្នក​ដែល​គួរ​បព្វជ្ជា​ ក៏​គប្បី​ឲ្យ​បព្វជ្ជា​ អ្នក​ដែល​គួរ​ឧបសម្បទ​ ក៏​គប្បី​ឲ្យ​ឧបសម្បទ​ ។​ ការ​ធ្វើ​កម្មវាចា​ សូម្បី​ដល់​ភិក្ខុនី​ដែល​ប្រាថ្នា​ឧបសម្បទ​ ក្នុង​សំណាក់​របស់​ខ្លួន​ក៏​គួរ​ នេះ​ឈ្មោះ​ថា​ ធម្មបដិសន្ថារ ។

អានិសង្ស​នៃ​បដិសន្ថារ 
ភិក្ខុ ​អ្នក​ធ្វើ​បដិសន្ថារ​ទាំង​ ២​ នេះ​ រមែង​ញ៉ាំង​លាភ​ ដែល​នៅ​មិន​ទាន់​កើត​ឡើង​ឲ្យ​កើត​ឡើង​បាន​ រមែង​ធ្វើ​បាន​ដែល​កើត​ឡើង​ហើយ​ ឲ្យ​រឹង​រឹត​តែ​មាំ​ទាំ​ឡើង​ រមែង​រក្សា​ជីវិត​របស់​ខ្លួន​ ក្នុង​ឋានៈ​ដែល​តាន​តឹង​ ( គឺ​ប្រកប​ដោយ​ភ័យ​ដ៏​កាច​សាហាវ )​ បាន​ ដូច​ព្រះ​ថេរៈ​ ( ដែល​ឋិត​នៅ​ក្នុង​ស្ថានការណ៍​ដ៏​តាន​តឹង )​ យក​ដៃ​ចាប់​បាត្រ​នុ៎ះ​ឯង​ កាន់​យក​ភត្ត​ដ៏​ប្រសើរ​ កៀរ​ភត្ត​ក្នុង​បាត្រ​ទាំង​អស់​ ថ្វាយ​ព្រះ​បាទ​ចោរនាគ​ ដូច្នោះ​ ។

ចំណែក ​ការ​ញ៉ាំង​លាភ​ដែល​នៅ​មិន​ទាន់​កើត​ឡើង​ ឲ្យ​កើត​ឡើង​ បណ្ឌិត​គប្បី​សម្តែង​ដល់​រឿង​ការ​ថ្វាយ​មហាភេសជ្ជៈ ដែល​ព្រះ​បាទ​មហានាគ​​ យាងគេច​អំពី​ត្រើយ​អាយ​ទៅ​កាន់​ត្រើយ​នាយ​​ ហើយ​បាន​ទទួល​ការ​អនុគ្រោះ​ ក្នុង​សំណាក់​របស់​ព្រះ​ថេរៈ​មួយ​រូប​ បាន​ត្រឡប់​មក​តាំង​នៅ​ ក្នុង​រាជសម្បត្តិ​ទៀត​ ទ្រង់ឲ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ទី​លាន​សេតម្ពវិហារ​ អស់​មួយ​ជីវិត​របស់​ទ្រង់ ។​ ក្នុង​ការ​ធ្វើ​លាភ​ដែល​កើត​ឡើង​ហើយ​ ឲ្យ​រឹង​រឹត​តែ​មាំ​ទាំ​ឡើង​ គប្បី​សម្តែង​រឿង​ដែល​ពួក​ចោរ​ ទទួល​បដិសន្ថារ​អំពី​ដៃ​ របស់​ព្រះទីឃភាណកអភយត្ថេរ​ហើយ​ មិន​ប្លន់​ភណ្ឌៈ​ក្នុង​ចេតិយបព៌ត ។ 
( អដ្ឋសាលិនី អដ្ឋកថា )



តីណាវុធានិ​  អាវុធ​ ៣​ យ៉ាង​ បាន​ដល់​
១. សុតាវុធំ​  អាវុធ​គឺ​សុតៈ​ ( ពុទ្ធវចនៈ )
២. បវិវិវេកាវុធំ​  អាវុធ​គឺ​សេចក្តី​ស្ងាត់​ [ ស្ងាត់​កាយ​ ស្ងាត់​ចិត្ត​ ស្ងាត់​ចាក​ឧបធិ ]
៣. បញ្ញាវុធំ​  អាវុធ​គឺ​បញ្ញា​
( បិដក​លេខ​ ១៩​ ទំព័រ​ ១៤២ )

អធិប្បាយ
បទ ​ថា​ សុតាវុធំ​ បាន​ដល់​ អាវុធ​ គឺ​ សុតៈ ។​ អាវុធ​ គឺ​ សុតៈ​នោះ​ ដោយ​អត្ថ​បាន​ដល់​ ព្រះ​ពុទ្ធវចនៈ​ គឺ​ព្រះត្រៃ​បិដក ។​ ព្រោះ​ថា​ ភិក្ខុ​អាស្រ័យ​អាវុធនោះ​ គឺ​ អាស្រ័យ​អាវុធ​ ៥​ ប្រការ​ រមែង​ជា​អ្នក​មិន​ញាប់​ញ័រ​ ឆ្លង​សំសារកន្តារ​បាន​ ដូច​ទាហាន​ដ៏​ហាន​ក្លា​ មិន​ញាប់​ញ័រ​ឆ្លង​មហាកន្តារ​បាន​ ដូច្នោះ ។​ ព្រោះ​ហេតុ​នោះ​ឯង​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទើប​ត្រាស់​ថា​

សុតាវុធោ, ភិក្ខវេ, អរិយសាវកោ អកុសលំ បជហតិ, កុសលំ ភាវេតិ, សាវជ្ជំ បជហតិ, អនវជ្ជំ ភាវេតិ, សុទ្ធមត្តានំ បរិហរតិ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយសាវ័ក​ដែល​មាន​សុតៈ​ជា​អាវុធ​ រមែង​លះ​បង់​នូវ​អកុសល​ ញ៉ាំង​កុសល​ឲ្យ​ចម្រើន​ឡើង​ លះ​បង់​ធម៌​ដែល​មាន​ទោស​ ចម្រើន​ធម៌​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​

បទ ​ថា​ បវិវេកាវុធំ​ សេចក្តី​ថា​ អាវុធ​ គឺ​ វិវេក​ ទាំង​ ៣​ ប្រការ​នេះ​គឺ​ កាយវិវេក​ ចិត្តវិវេក​ ឧបធិវិវេក ។​ វិវេក​ទាំង​ ៣​ ប្រការ​នោះ​ មាន​ការ​ធ្វើ​ផ្សេងៗ​ គ្នា ។​ កាយវិវេក​ សម្រាប់​បុគ្គល​ដែល​មាន​កាយ​គេច​ចេញ​ទៅ​ ត្រេក​អរ​ក្នុង​នេក្ខម្មៈ​ ចិត្តវិវេក​សម្រាប់​បុគ្គល​អ្នក​មាន​ចិត្ត​បរិសុទ្ធ​ ដល់​នូវ​សេចក្តី​បរិសុទ្ធ​ជា​ទី​បំផុត​ ឧបធិវិវេក​សម្រាប់​បុគ្គល​ដែល​មិន​មាន​ឧបធិ​ ដល់​នូវ​វិសង្ខារ​ (​ គឺ​ព្រះ​និព្វាន ) ។​ ក៏​បុគ្គល​អ្នក​ត្រេកអរ​ក្នុង​វិវេក​ទាំង​ ៣​ យ៉ាង​នេះ​ រមែង​មិន​ខ្លាច​ក្នុង​ទី​ណា​មួយ​ឡើយ​ ព្រោះ​ហេតុ​នោះ​ វិវេក​នេះ​ក៏​ហៅ​ថា​ អាវុធ​ ព្រោះ​អត្ថ​ថា​ ជា​ទី​ពឹង​អាស្រ័យ ។​

អាវុធ ​គឺ​បញ្ញា​ ដែល​ជាលោកិយ​ និង​លោកុត្តរ​ ចាត់​ជា​អាវុធ​ គឺ​បញ្ញា ។​ ព្រោះថា​ បុគ្គល​​អ្នក​មាន​អាវុធ​ គឺ​ បញ្ញា​នោះ​ រមែង​មិន​ខ្លាច​ក្នុង​ទី​ណា​មួយ​ឡើយ​ ទាំង​អ្នក​ដទៃ​ក៏​មិន​ខ្លាច​ចំពោះ​បុគ្គល​នោះ​ ព្រោះ​ហេតុ​នោះ​ សូម្បី​បញ្ញា​នោះ​ក៏​ហៅ​ថា​ អាវុធ​ ព្រោះ​អត្ថ​ថា​ ជា​ទី​ពឹង​អាស្រ័យ [ អវស្សយដ្ឋេនេវ អាវុធំ ] ។


តយោ​  ថេរា​  ភិក្ខុ​ចាស់​ មាន​ ៣​ ពួក
១. ជាតិត្ថេរោ​  ចាស់​ដោយ​ជាតិ​ 
២.​ ធម្មត្ថេរោ​    ចាស់​ដោយ​ធម៌ 
៣.​ សម្មតិត្ថេរោ​  ចាស់​ដោយ​ការ​សន្មតិ 
( បិដក​លេខ​​ ១៩​ ទំព័រ​ ១៤០ )

អធិប្បាយ 
គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​ថេរត្តិកៈ​តទៅ៖ 
លោក ​ជា​អ្នក​ធំ​ ( ចាស់​ )​ ដោយ​ជាតិ​ ឈ្មោះថា​ គិហិជាតិត្ថេរ ។​ លោក​អ្នក​ដែល​ប្រកប​​ដោយ​ធម៌​មួយ​ ឬ​ច្រើន​ ក្នុង​ចំណោម​ធម៌​ទាំង​ឡាយ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ចត្តារោមេ, ​ ភិក្ខវេ, ថេរករណា ធម្មា។ ឥធ, ភិក្ខវេ, ថេរោ សីលវា ហោតិ,​ ពហុស្សុតោ​ ហោតិ, ចតុន្នំ ឈានានំ លាភី ហោតិ, អាសវានំ ខយា ពហុស្សុតោ ហោតិ,​ ចតុន្នំ ឈានានំ លាភី ហោតិ, អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ​ បញ្ញាវិមុត្តឹ​ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា ឧបសម្បជ្ជ វិហរតិ។ ឥមេ ខោ, ភិក្ខវេ, ចត្តារោ ថេរករណា ធម្មា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ធម៌​ដែល​ធ្វើ​ឲ្យ​ជា​ថេរៈ​ មាន​ ៤​ ប្រការ​នេះ​ គឺ​ ព្រះ​ថេរៈ​ក្នុង​សាសនា​នេះ​ ជា​អ្នក​មាន​សីល​ ជា​ពហូសូត​ បាន​ឈាន​ ៤​ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ ដល់​នូវ​ភាព​ជា​អ្នក​មិន​មាន​អាសវៈ​ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ ដល់​នូវ​ចេតោវិមុត្តិ​ និង​បញ្ញាវិមុត្តិ​ ត្រាស់​ដឹង​ដោយ​ខ្លួន​ឯង​ ព្រោះ​ឃើញ​ច្បាស់​នូវ​ធម៌​ ហើយ​សម្រេច​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង​ ៤ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ធម៌​ដែល​ធ្វើ​ឲ្យ​ជា​ថេរៈ​មាន​ ៤​ ប្រការ​នេះ​ឯងដូច្នេះ​ ឈ្មោះ​ថា​ ធម្មត្ថេរ ។​ លោក​ដ៏​មាន​អាយុ​ ឈ្មោះ​ថា​ ថេរៈ​យ៉ាង​នេះ​ គឺ ភិក្ខុ​អង្គ​ណា​មួយ​ ដែល​ឈ្មោះ​ថា​ ព្រះ​ថេរៈ​ក្តី​ ជន​ទាំង​ឡាយ​ឃើញ​អ្នក​បួស​ដូច​សាមណេរ​ជា​ដើម​ដែល​បួស​ក្នុង​វេលា​ដែល​មាន​ អាយុ​ច្រើន​ហើយ​ នាំ​គ្នា​ហៅ​ថា​ ព្រះ​ថេរៈ​ ព្រះ​ថេរៈ​ ក្តី​ នេះ​ឈ្មោះ​ថា​ សម្មតិត្ថេរ ។



អំពើ​ដែល​ព្រះ​តថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ ៣
តីណិ​  តថាគតស្ស​  អរក្ខេយ្យានិ​  អំពើដែល​ព្រះតថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ មាន​​ ៣​ យ៉ាង​ គឺ៖
១.​ បរិសុទ្ធកាយសមាចារោ ​  អាវុសោ​  តថាគតោ​ ​ នត្ថិ​  តថាគតស្ស​  កាយទុច្ចរិតំ​  យំ​  តថាគតោ​  រក្ខេយ្យ​  មា​  មេ​  ឥទំ​  បរោ​  អញ្ញាសីតិ​  ម្នាល​អាវុសោ​ទាំង​ ឡាយ​ ព្រះ​តថាគត​មាន​កាយសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​ គប្បី​រក្សា​នូវ​កាយទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​កាយទុច្ចរិត​របស់​អញ​នេះ​ កាយទុច្ចរិត​នោះ​មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ
២.​ បរិសុទ្ធវចីសមាចារោ​  អាវុសោ​  តថាគតោ​  នត្ថិ​  តថាគតស្ស​  វចីទុច្ចរិតំ​  យំ​  តថាគតោ​  រក្ខេយ្យ​  មា​ មេ​  ឥទំ​  បរោ​  អញ្ញាសីតិ​ ម្នាល​ អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​វចីសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​គប្បី​រក្សា​នូវ​វចីទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​វចីទុច្ចរិត​របស់​អញ​នេះ​ វចីទុច្ចរិត​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ
៣.​ បរិសុទ្ធមនោសមាចារោ ​  អាវុសោ​  តថាគតោ​  នត្ថិ​  តថាគតស្ស​  មនោទុច្ចរិតំ​  យំ​  តថាគតោ​  រក្ខេយ្យ​  មា​  មេ​  ឥទំ​  បរោ​  អញ្ញាសីតិ​  ម្នាល​អាវុសោ​ទាំង​ ឡាយ​ ព្រះ​តថាគត​មាន​មនោសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​គប្បី​រក្សា​នូវ​មនោទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​មនោទុច្ចរិត​របស់​អញ​នេះ​ មនោទុច្ចរិត​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ
( បិដក​លេខ​ ១៩​ ទំព័រ​ ១៣៨-៩ )
អធិប្បាយ
ពាក្យ​ថា​ អរក្ខេយ្យានិ​ ប្រែថា​ មិន​ចាំ​បាច់​រក្សា ។​ លោក​សម្តែង​ន័យ​ថា​ មិន​មាន​កិច្ច​ដែល​នឹង​ចាំ​បាច់​ត្រូវ​រក្សា​ទ្វារ​នី​មួយៗ​ ក្នុង​ចំណោម​ទ្វារ​ទាំង​ ៣,​ គ្រប់​ទ្វារ​ទាំង​អស់​រក្សាទុកល្អ​ហើយ​ដោយ​សតិ​តែម្យ៉ាង ។​ ពាក្យ​ថា​ បដិច្ឆាទេមិ​ សេចក្តី​ថា​ កាយ​ទុច្ចរិត​​នេះ​កើត​ឡើង​ព្រោះ​ការ​មិន​រវាំង​របស់​តថាគត,​ តថាគត​នឹង​រក្សា​មិន​ឲ្យ​អ្នក​ដទៃ​ដឹង ។​ ពាក្យ​ថា​ នត្ថិ​ តថាគតស្ស​ សេចក្តី​ថា​ កាយទុច្ចរិត​ដែល​នឹង​ត្រូវ​រក្សា​យ៉ាង​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត ។​ សូម្បី​ក្នុង​ចំណែក​ដ៏​សេស​ [ គឺ​វចីទុច្ចរិត​ជា​ដើម ]​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។​

សួរថា​ ព្រះ​ខីណាស្រព​ មាន​កាយសមាចារ​ជា​ដើម​ មិន​បរិសុទ្ធ​ទេ​ឬ​?
ឆ្លើយថា​ មិន ​មែន​មិន​បរិសុទ្ធ​ទេ​ តែ​ថា​បរិសុទ្ធ​មិន​ស្មើ​នឹង​ព្រះ​តថាគត ។​ ព្រះ​ខីណា​ស្រព​​​ដែល​មាន​ការ​សិក្សា​មក​តិច​ រមែង​មិន​ត្រូវ​អាបត្តិ​ដែល​ជា​លោកវជ្ជៈ​ ក៏​ពិត​មែន,​ តែ​ព្រោះ​មិន​ឈ្លាស​ក្នុង​ពុទ្ធប្បញ្ញត្តិ​ ក៏​រមែង​ត្រូវ​អាបត្តិ​ក្នុង​កាយទ្វារ​ ដូច​ជា​ការ​ធ្វើ​វិហារ​ ធ្វើកុដិ​ ( ហួស​ប្រមាណ​ ខុស​នឹង​ពុទ្ធប្បញ្ញត្តិ )​ រមែង​នៅរួម​ដេក​រួម​ ( នឹង​អនុបសម្បន្ន​​ជា​ដើម ) ។​ រមែង​ត្រូវ​អាបត្តិ​ក្នុង​វចីទ្វារ​ ដូច​ជា​ការ​ធ្វើ​ជា​មេ​អណ្តើក​ ពោល​ធម៌​ដោយ​បទ​ សម្តែង​ធម៌​ឲ្យ​លើស​ពី​ ៥-៦​ មាត់​ ( ដល់​មាតុគ្រាម )​ ពោល​អួត​ឧត្តរិមនុស្សធម្ម​ដែល​មាន​ពិត​ ( ជាដើម ) ។​ រមែង​ត្រូវ​អាបត្តិ​ព្រោះ​ទទួល​មាស​ និង​ប្រាក់​ តាម​មនោទ្វារ​​ដោយ​អំណាច​សេចក្តី​ត្រេក​អរ​ក្នុង​មាស​ និង​ប្រាក់​ដែល​គេ​រក្សា​ទុក​ដើម្បី​ខ្លួន ។​ សូម្បី​ព្រះ​ខីណាស្រព​ ប្រហែល​​ព្រះ​ធម្មសេនាបតី​សារីបុត្ត​ក៏​នៅ​កើត​មនោទុច្ចរិត​ឡើង​បាន​ ដោយ​អំណាច​ការ​ត្រិះ​រិះ​​ ក្នុង​មនោទ្វារ ។
កាល ​សាក្យ​បាតុមេយ្យកៈ​ សូម​ខមាទោស​ព្រះ​មាន​ព្រះ​ភាគ​ដើម្បី​ប្រយោជន៍​ដល់​ព្រះ​សារីបុត្ត​ និង​ព្រះ​មោគ្គល្លាន​ ក្នុង​គ្រា​ដែល​ទ្រង់​បណ្តេញ​ព្រះ​ថេរៈ​ទាំង​ពីរ​រូប​នោះ​ព្រម​ទាំង​ភិក្ខុ​ ប្រមាណ​ ៥០០​ រូប​ ក្នុង​រឿង​បាតុមៈ​ ព្រះ​ថេរៈ​ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ម្នាល​សារីបុត្ត​ តើ​អ្នក​គិត​ដូច​ម្តេច​ កាល​ភិក្ខុសង្ឃ​ត្រូវ​តថាគត​បណ្តេញ​ហើយ។​ ដូច្នេះ​ ក៏កើត​គំនិត​នេះ​ឡើង​មកថា​ អញ​ត្រូវ​ព្រះ​សាស្តា​បណ្តេញ​ ព្រោះ​មិន​ឈ្លាស​ក្នុង​រឿង​បរិស័ទ,​ ចាប់​តាំង​ពី​ឥឡូវ​នេះ​ទៅ​ អញ​នឹង​មិន​ប្រៀន​ប្រដៅ​ជន​ដទៃទៀត​ទេ”​ ទើប​បាន​ក្រាប​ទូល​ថា​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​មាន​សេចក្តី​ត្រិះ​រិះ​យ៉ាង​នេះ​ថា​ភិក្ខុ​សង្ឃ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បណ្តេញ​ហើយ,​ ឥឡូវ​នេះ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ខ្វល់​ខ្វាយ​តិច​ ប្រកប​ទិដ្ឋធម្មសុខវិហារ​,​ សូម្បី​ពួក​យើង​ទាំង​ពីរ​រូប​ក៏​នឹង​ខ្វល់​ខ្វាយ​តិច​ ប្រកប​ទិដ្ឋធម្មសុខវិហារដែរ។​ លំដាប់​នោះ​ ព្រះ​សាស្តា​ការ​នឹង​ទ្រង់​លើក​យក​កិច្ច​ដែល​គួរ​តិះ​ដៀល​ ព្រោះ​មនោទុច្ចរិត​នោះ​ របស់​ព្រះ​ថេរៈ ​ទើប​ត្រាស់​ថា​កុំ​ឡើយ​សារីបុត្រ​ ការ​គិត​យ៉ាង​នេះ​មិន​គួរ​កើត​ឡើង​ដល់​អ្នក​ទៀត​ឡើយ។​ សូម្បី​គ្រាន់​តែ​គំនិត​ថា​ យើង​នឹង​មិន​បង្រៀន​ជន​ដទៃ​ យ៉ាង​នេះ”​ ក៏​ឈ្មោះ​ថា​ ជា​មនោទុច្ចរិត​ របស់​ព្រះ​ថេរៈ​ តែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ រមែង​មិន​មាន​ព្រះ​តម្រិះ​នោះ​ ហើយ​ការ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ដល់​នូវ​សព្វញ្ញុតញ្ញាណ​ហើយ​ នឹង​មិន​គប្បី​មាន​ទុច្ចរិត​នោះ​ មិន​មែន​ជា​ហេតុ​គួរ​ឲ្យ​អស្ចារ្យ​ទេ​ សូម្បី​តែ​ស្ថិត​នៅ​ក្នុង​ភូមិ​នៃ​ព្រះ​ពោធិសត្វ​ ទ្រង់​ប្រកប​សេចក្តី​ព្យាយាម​អស់​ ៦​ ឆ្នាំ​ ព្រះ​អង្គ​ក៏​មិន​មាន​ទុច្ចរិត​ឡើយ ។​ សូម្បី​កាល​ពួក​ទេវតា​កើត​មាន​សេចក្តី​សង្ស័យ​យ៉ាង​នេះ​ថា​ស្បែក​ពោះ​ជាប់​នឹង​ឆ្អឹង​ខ្នង​ ( យ៉ាង​នេះ )​ ព្រះ​សមណគោតម​ ដល់​នូវ​ការ​រលត់​សូន្យ​ ( ហើយ​ទេ​ដឹង )”​ កាល​ត្រូវ​មារ​មាន​ចិត្ត​បាប​ ពោល​ថា​ សិទ្ធត្ថ​ លោក​ត្រូវ​មក​លំបាក​លំបិន​ធ្វើ​អី​ លោក​អាច​សោយ​ភោគសម្បត្តិ​បាន​ផង​ ធ្វើ​បុណ្យ​បាន​ផង​”​ ដូច្នេះ​ សូម្បី​តែ​គំនិត​ថា​ អញ​នឹង​ ( ត្រឡប់​ទៅ )​ សោយ​ភោគសម្បត្តិ”​ ក៏​មិន​បាន​កើត​ឡើង​ឡើយ ។​ ក្រោយ​មក​ មារ​ក៏​ជាប់​តាម​ព្រះ​មាន​ព្រះ​ភាគ​កាល​ដែល​នៅ​ជា​ព្រះ​ពោធិសត្វ​ អស់​រយៈ​ពេល​ ៦​ ឆ្នាំ​ ក្នុង​វេលា​ដែល​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​ហើយ​ មួយ​ឆ្នាំ​ទៀត​ ក៏​មិន​បាន​ឃើញ​ទោស​ណា​នី​មួយ​ឡើយ​ ទើប​ពោល​សេចក្តី​នេះ​ទុក​ ហើយ​ទើប​ចៀស​ចេញ​ ថា៖

   សត្តវស្សានិ  ភគវន្តំ                              អនុពន្ធឹ  បទាបទំ
   ឱតារំ ​ នាធិគច្ឆិស្សំ ​                              សម្ពុទ្ធស្ស សតីមតោ ។

យើង ​ជាប់​តាម​ព្រះ​មាន​ព្រះ​ភាគ​គ្រប់​ជំហាន​ អស់​រយៈ​កាល​ ៧​ ឆ្នាំ​ ក៏​មិន​បាន​ឃើញ​ទោស​ណា​នី​មួយ​ របស់​ព្រះ​សម្មាសម្ពុទ្ធ​ ជា​អ្នក​មាន​សតិ​បរិបូណ៌​ឡើយ

ពុទ្ធធម៌​ ១៨​ ប្រការ
ប្រការ​មួយ​ទៀត​ គប្បី​ជ្រាប​ការ​មិន​មាន​ទុច្ចរិត​របស់​ព្រះ​មាន​ព្រះ​ភាគ​ ដោយ​អំណាច​នៃ​ពុទ្ធធម៌​ ១៨​ ប្រការ​ ។

អដ្ឋារស ពុទ្ធធម្មា នាម នត្ថិ តថាគតស្ស កាយទុច្ចរិតំ, នត្ថិ វចីទុច្ចរិតំ, នត្ថិ មនោទុច្ចរិតំ, អតីតេ ពុទ្ធស្ស អប្បដិហតញាណំ, អនាគតេ, បច្ចុប្បន្នេ ពុទ្ធស្ស អប្បដិហតញាណំ, សព្វំ​ កាយកម្មំ ពុទ្ធស្ស ភគវតោ ញាណានុបរិវត្តិ, សព្វំ​ វចីកម្មំ, សព្វំ​ មនោកម្មំ ពុទ្ធស្ស ភគវតោ ញាណានុបរិវត្តិ, នត្ថិ ឆន្ទស្ស ហានិ, នត្ថិ វីរិយស្ស ហានិ, នត្ថិ សតិយា ហានិ, នត្ថិ ទវា, នត្ថិ រវា, នត្ថិ ចលិតំ នត្ថិ សហសា, នត្ថិ អព្យាវដោ មនោ, នត្ថិ អកុសលចិត្តន្តិ ។

ពុទ្ធធម៌១៨​ ប្រការ​ទាំង​នោះ​ គឺ​ ព្រះ​តថាគត​មិន​មាន​កាយទុច្ចរិត​ ១​ មិន​មាន​វចីទុច្ចរិត​ ១​ មិន​មាន​មនោទុច្ចរិត​ ១​ ពុទ្ធញាណ​មិន​មាន​អ្វី​មក​រារាំង​ក្នុង​អតីត​ ១​ ពុទ្ធញាណ​មិន​មាន​អ្វី​មក​រារាំង​ក្នុង​អនាគត​ ១​ ពុទ្ធញាណ​មិន​មាន​អ្វី​មក​រារាំង​ក្នុង​បច្ចុប្បន្ន​ ១​ កាយកម្ម​ទាំង​ពួង​របស់​ព្រះ​មាន​ព្រះ​ភាគ​ ស្រប​តាម​ពុទ្ធញាណ​ ១​ វចីកម្ម​ទាំង​ពួង​របស់​ព្រះ​មាន​ព្រះ​ភាគ​ ស្រប​តាម​ពុទ្ធញាណ​ ១​ មនោកម្ម​ទាំង​ពួង​របស់​ព្រះ​មាន​ព្រះ​ភាគ​ ស្រប​តាម​ពុទ្ធញាណ​ ១​ មិន​សាប​សូន្យ​នូវ​ឆន្ទៈ​ ១​ មិន​សាប​សូន្យ​សេចក្តី​ព្យាយាម​ ១​ មិន​បាត់​បង់​សតិ​ស្មារតី​ ១​ មិន​លេង​សើច​ ១​ មិន​រត់​ ១​ មិន​ភ្លាំង​ភ្លាត់​ ១​ មិន​ប្រញាប់​ប្រញាល់​​ ១​ មិន​មាន​ព្រះ​ហ្ឫទ័យ​ដែល​មិន​ខ្វល់​ខ្វាយ​ ១​ មិន​មាន​អកុសលចិត្ត​ ១ ។
ដកស្រង់ចេញពី  http://aphirati.blogspot.com/2012/04/blog-post_15.html
ដោយ៥០០០ឆ្នាំ

អនុត្តរិយៈ​ ​ធម្មជាត​ដ៏​ប្រសើរ​​ ៦
អនុត្តរិយៈ​ គឺ​ធម្មជាត​ដ៏​ប្រសើរ​ ឬ​ធម្មជាត​ប្រសើរ​បំផុត​ នេះ​មាន​ ៦​ យ៉ាង​គឺ៖


១.
ទស្សនានុត្តរិយំ​
ទស្សនានុត្តរិយៈប្រសើរ​បំផុត​ដោយ​ការ​ឃើញ​
២.
សវនានុត្តរិយំ​
សវនានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​ស្ដាប់
៣.
លាភានុត្តរិយំ​
លាភានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​បាន
៤.
សិក្ខានុត្តរិយំ​
សិក្ខានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​សិក្សា​
៥.
បារិចរិយានុត្តរិយំ​
បារិចរិយានុត្តរិយៈ​ ប្រសើរ​បំផុត​ខាង​ការ​បម្រើ​
៦.
អនុស្សតានុត្តរិយំ​
អនុស្សតានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​រលឹក​រឿយៗ

(
អនុត្តរិយសូត្រ​ បិដក​លេខ​ ៤៦​ ទំព័រ​ ១០ និង​សង្គីតិសូត្រ​ បិដក​លេខ​ ១៩​ ទំព័រ​ ២០៧ )
បទ ​ថា​ អនុត្តរិយានិ​ សេចក្ដី​ថា​ ( ការ​ឃើញ​ជាដើម​ )​ ដែល​វៀរ​ចាក​វត្ថុ​ដទៃក្រៃលែង​ជាង​ ឈ្មោះ​​ថា​ អនុត្តរិយ ។​ បទ​ថា​ ទស្សនានុត្តរិយំ​ សេចក្ដី​ថា​ ( ការ​ឃើញ​ព្រះ​ពុទ្ធ​ជា​ដើម )​ ជា​ការ​ឃើញ​ដ៏​ប្រសើរ​ ក្នុង​ការ​ឃើញ​រូប​ទាំង​ឡាយ​ក្នុង​បទ​ទាំង​ពួង​ ក៏​មាន​ន័យ​ដូច​គ្នា​ ។​ អធិប្បាយ​ថា​ ការ​ឃើញ​ដំរី​កែវ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​ទស្សនានុត្តរិយៈ​ ចំណែក​ការ​ឃើញ​ព្រះទសពល​ក្ដី​ ព្រះភិក្ខុសង្ឃ​ក្ដី​ ដោយ​អំណាច​សេចក្ដី​ស្រឡាញ់​ដ៏​មាំ​ ការ​ឃើញ​និមិត្ត​ណា​នី​មួយ​ មាន​កសិណ​ និង​អសុភនិមិត្ត​ជា​ដើម​ក្ដី​ របស់​អ្នក​មាន​សទ្ធា​តាំង​មាំ​ហើយ​ ឈ្មោះ​ថា​ ទស្សនានុត្តរិយៈ ។

ការ​ស្ដាប់​គុណកថា​របស់​ក្សត្រ​ជាដើម​ មិន​ឈ្មោះ​ថាជា​សវនានុត្តរិយៈ​ ចំណែក​ការ​ស្ដាប់​គុណ​កថា​របស់​ព្រះរតនត្រ័យ​ ដោយ​អំណាច​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​មាំ​ក្ដី​ ការ​ស្ដាប់​ព្រះពុទ្ធវចនៈ​ គឺ​ព្រះ​ត្រៃបិដក​ក្ដី​ របស់​អ្នក​មាន​សទ្ធា​តាំង​មាំ​ហើយ​ ឈ្មោះ​ថា​ សវនានុត្តរិយៈ​ ។

ការ​បាន​កែវ​មណី​ជា​ដើម​ មិន​មែន​ជា​លាភានុត្តរិយៈ​ ចំណែក​ការ​បាន​អរិយទ្រព្យ​ ៧​ ឈ្មោះ​ថា​ លាភា​នុត្ត​រិយៈ ។

ការ​សិក្សា​សិល្បៈ​ទាក់​ទង​នឹង​ដំរី​ជា​ដើម​ មិន​ឈ្មោះ​ថា​ជា​សិក្ខានុត្តរិយៈ​ ចំណែក​ការ​បំពេញ​ត្រៃ​​សិក្ខា​ ឈ្មោះ​​ថា​ សិក្ខានុត្តរិយៈ​ ។
ការ​បម្រើ​ក្សត្រ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​បារិចរិយានុត្តរិយៈ​ ចំណែក​ការ​បម្រើ​ព្រះរតនត្រ័យ​ ឈ្មោះ​ថា​ បារិចរិយានុត្តរិយៈ ។​

ការ​រលឹក​ដល់​គុណ​ក្សត្រ​ជាដើម​ មិន​ឈ្មោះ​ថាជា​អនុស្សតានុត្តរិយៈ​ ចំណែក​ការ​រលឹក​ដល់​គុណ​​​ព្រះរតនត្រ័យ​ ឈ្មោះ​ថា​ អនុស្សតានុត្តរិយៈ ។​

អនុត្តរិយៈ​ទាំង​ ៦​ នេះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទុក​ ទាំង​លោកិយ​ ទាំង​លោកុត្តរ​ ដោយ​ប្រការ​ដូច​ពណ៌នា​​មក​នេះ​ ។


ដកស្រង់ចេញពី http://aphirati.blogspot.com/2012/05/blog-post_08.html
ដោយ៥០០០ឆ្នាំ


សេចក្តីព្យាយាម

សេចក្តីលំបាកចិត្ត, ព្រួយចិត្ត, មិនសប្បាយចិត្ត ហៅថាទុក្ខ។ ទុក្ខនេះ​មាន​ច្រើន​ជំពូក​ណាស់ ​នឹងរៀបរាប់ឲ្យចប់សព្វគ្រប់ក្នុងទីនេះមិនបានទេ។ សេចក្តីទ័លក្រ, ខ្វះខាត​អាហារ​ភោជន និងខ្វះខាតសម្លៀកបំពាក់, ខ្វះខាតគ្រឿងប្រើប្រាស់ផ្សេងៗ ជាដើម ក៏ជាទុក្ខ ១យ៉ាង​។ ការដែលនឹងឆ្លងផុតពីទុក្ខទ័លក្រ, ពីទុក្ខខ្វះខាតនេះបាន ព្រោះតែ​ព្យាយាម​ប្រឹងប្រែង​ធ្វើការ, ព្យាយាមស្វះស្វែងរកទ្រព្យសម្បត្តិឲ្យបាន ដោយផ្លូវសុចរិតត្រឹមត្រូវ តាម​ច្បាប់​លោក ​ច្បាប់ធម៌។
នៅពេលកំពុងរៀនសូត្រក្តី កំពុងធ្វើការអ្វីៗក្តី តែងនឿយហត់លំបាករូបកាយ, ព្រួយ​ចិត្ត​គំនិត ដោយខំគិតគូរ ជួនកាលទៅជាបរិភោគបាយមិនឆ្ងាញ់ អាស្រ័យដំណេកមិនលក់ ទាល់​តែ​ឈឺចាប់ក៏មាន នេះជាទុក្ខ១យ៉ាង។ ការដែលឆ្លងឲ្យផុតពីទុក្ខនឿយហត់ និងព្រួយ​ចិត្តនេះបាន ព្រោះតែព្យាយាមអត់ទ្រាំ ចេះតែរៀនសូត្ររហូតទៅ មិន​ឈប់​រៀន​កណ្តាលទី ព្យាយាមអត់ទ្រាំធ្វើការទាល់តែរួចស្រេច មិនទម្លាក់ចោលពាក់កណ្តាលការ។ អ្នកដែលត្រូវគេបន្ទោស, ត្មះតិដៀល, ជេរស្តី ក៏កើតទុក្ខក្តៅក្រហាយចិត្ត។ ការ​ដែល​នឹង​ឆ្លងឲ្យផុតពីទុក្ខក្តៅក្រហាយចិត្តនេះបាន ព្រោះតែព្យាយាមអត់ធ្មត់ ដោយពិចារណា​លោកធម៌​ទាំង ៨យ៉ាង គឺមានលាភ១ គ្មានលាភ១ មានយស១ គ្មានយស១ សរសើរ១ និន្ទា១ សុខ១ និងទុក្ខ១ ឲ្យយល់ថាធម៌៨នេះ តែប្រែប្រួលផ្លាស់ប្តូរគា្ន ជាធម្មតាមិន​ទៀង​ទាត់​ទេ។

សូមចុចខាងក្រោមនេះ ដើម្បីអានអត្តបទទាំងស្រុង៖

ដើម្បី​ចូល​រួម​អបអរ​សាទរ​ទិវា​សិទ្ធ​នារី​ ៨ មីនា និង​ចូល​រួម​ក្នុង​ប្រធាន​បទ «អ្នក​ម្តាយ​ដ៏​ឆ្នើម​របស់​កូន» ផង​នោះ ខ្ញុំ.​បាន​បក​ប្រែ​កែ​សម្រួល​រឿង​មួយ​ដែល​ទាក់​ទង​នឹង​វីរភាព​របស់​អ្នក​ ម្តាយក្នុង​ការ​​ការ​ពារ​ជីវិត​​កូន មក​ចែក​ជូន​អស់​លោក​អ្នក​អាន​​​ដូច​មាន​រឿងតំណាល​​ត​ទៅ​នេះ​
សម័យ​​មួយ​​ក្នុង​​កាល​​ដែល​​ផ្នែក​​គម​នាគមន៍​​ ផ្លូវ​​គោក​​និង​​ផ្លូវ​​អាកាស​​មិន​​ទាន់​​ដំណើរ​ការ​បាន​ស្រួល​ បួល​នៅ​ឡើយ ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ មនុស្ស​ភាគ​ច្រើន​តែង​តែ​ធ្វើ​ដំណើរ​ដោយ​សំពៅ​តាម​ផ្លូវ​សមុទ្រ។ មាន​រឿង​ដំណា​ល​ថា មាន​សំពៅ​ផ្ទុក​អ្នក​ដំណើរ​មួ​យ​គ្រឿង បាន​នាំ​អ្នក​ដំណើរ​ជា​ច្រើន​រយ​នាក់​ឆ្ពោះ​សំដៅ​ទៅ​កាន់​មហា​សមុទ្រ ។ ការ​ធ្វើ​ដំណើរ​ក្នុង​ពេល​នេះ​មាន​ឧបទ្ទវហេតុ​មួយ​កើត​ឡើង គឺ​ពេល​សំពៅ​ទៅ​ដល់​កណ្តាល​សមុទ្រ​ស្រាប់​តែ​មាន​ហេតុការណ៍​គួរ​ឲ្យ​រន្ធ​ត់ ​ស្មាន​មិន​ដល់​បាន​កើត​ឡើង។​ រំពេច​នោះ​មាន​ព្យុះ​កំណាច​មួយ​បាន​បោក​បក់​គួច​យ៉ាង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ សំពៅ​ភ្លូក​លិច ក្នុង​ពេល​ដែល​សំពៅ​កំពុង​តែ​លិច​នោះ ក៏​មាន​ការ​ជន្លៀស​អ្នក​ដំណើរ​ពី​ក្នុង​សំពៅ ចូល​ទៅ​ក្នុង​សំប៉ាន។
​ដោយ​​ការ​​ភ័យ​ខ្លាច​ពី​សេចក្តី​ស្លាប់ ម្នាក់​ៗ​ក៏​នាំ​គ្នា​រត់​ឡើង​សំ​ប៉ាន​យក​ឲ្យ​តែ​រួច​ជីវិត​ ដោយ​មិន​បាន​នាំ​យក​ស្បៀង​អាហារ​ឬ​ទ្រព្យ​សម្បត្តិ​ដែល​បាន​នាំ​ជាប់​តាម​ ខ្លួន​នោះ​ផង​ទេ គឺ​ស្រវា​បាន​របស់​អី​ក៏​យក​របស់​នោះ​ តាម​​តែ​អាច​កាន់​យក​ទៅ​បាន​តែ​ប៉ុណ្ណោះ។ ទោះ​បី​ឆ្លង​កាត់​ហេតុ​ការណ៍​ដ៏​អាក្រក់​គួរ​ឲ្យ​តក់​ស្លុត​ដូច្នេះ​មក​បាន​ ក៏​ដោយ ប៉ុន្តែ​សំប៉ាន​តូច​ៗ​ទាំង​នោះ បាន​អណ្តែត​តែល​តោល​ក្នុង​សមុទ្រ​ដោយ​គ្មាន​ទិស​ដៅ​អស់​រយៈពេ​ល​ជា​ច្រើន​ ថ្ងៃ ធ្វើ​ឲ្យ​អ្នក​ដំណើរ​ជា​ច្រើន​នាក់​ដែល​នៅ​ក្នុង​សំប៉ាន​នោះ ត្រូវ​ជួប​ប្រទះ​ភាព​ហេវហត់​អត់​ឃ្លាន ព្រោះ​ស្បៀង​អាហារ​ដែល​នាំ​យក​ជាប់​ខ្លួន​បាន​បន្តិច​បន្តួច​ក៏​អស់ ទាំង​ទឹក​ដែល​នៅ​ជុំវិញ​ខ្លួន​នោះ​ក៏​ជា​​ទឹក​​ប្រៃ​​មិន​អាច​ផឹក​បំបាត់​ ស្រេក​បាន ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាត់បង់​ជីវិត យ៉ាង​វេទនា​គួរ​ឲ្យ​អណោច​អធម។
ក្នុង​ចំនួន​សំប៉ាន​ដែល​អណ្តែត​ត្រសែត​ កណ្តាល​មហាសមុទ្រ​នោះ មាន​សំប៉ាន​មួយ​ដែល​ម្តាយ​ម្នាក់​និង​កូន​ខ្ចី​ម្នាក់​ជិះ​នៅ​ជា​មួយ​ដែរ ទោះ​បី​ជា​ឆ្លង​ផុត​ភ័យ​ពី​ព្យុះ​សង្ឃរា​ដោយ​សុវត្ថិភាព​ហើយ​ក៏​ដោយ ក៏​ត្រូវ​មក​ប្រឈម​មុខ​នឹង​ការ​ស្រេក​ឃ្លាន​ដដែល បើ​ត្រឹម​តែ​ខ្លួន​ឯង​ម្នាក់​មិន​ជា​ប៉ុន្មាន​ទេ អ្នក​ម្តាយ​រូប​នេះ​ព្រួយ​បារម្ភ​តែ​រឿង​ទារក​តូច​ដែល​មក​ជួប​ប្រទះ​ ភយន្តរាយ​ដ៏​គួរ​ឲ្យ​រន្ធត់​ជា​មួយ​ខ្លួន​ដែរ ដែល​ពេល​នេះ​ទារក​តូច​កំពុង​តែ​ទ្រ​ហោ​យំ​ព្រោះ​សេចក្តី​ស្រេក​ឃ្លាន។ សម្លេង​កូន​តូច​ប្រៀប​ដូច​ជា​កាំបិត​ដ៏​មុត​ស្រួច​ចាក់​ទម្លុះ​បេះ​ដូង​ ម្តាយ ដោយ​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ទើប​អាច​ជួយ​កូន​ឲ្យ​ផុត​ពី​សេចក្តី​ស្រេក​ ឃ្លានបាន​ អ្វី​ដែល​ម្តាយ​អាច​ឲ្យ​កូន​បាន​ក្នុង​ពេល​នោះ មាន​ត្រឹម​តែ​ទឹក​ដោះ​ដែល​ច្រោះ​ចេញ​ពី​ទ្រូង ដែល​ល្មម​នឹង​អាច​ជួយ​សម្រាល​សេចក្តី​ស្រេក​ឃ្លាន​របស់​កូន​បាន​មួយ​គ្រា។
អាកាស​ធាតុ​ក្តៅ​ហែង​កណ្តាល​ថ្ងៃ​ត្រង់ បាន​ជះ​ចាំង​ដុត​រោល​ស្បែក​ដ៏​ស្តើង​របស់​ទារក​តូច ដោយ​ក្តី​ស្រឡាញ់​អាណិត​និង​ព្រួយ​បារម្ភ​ខ្លា​ច​កូន​មាន​សេចក្តី​ក្តួល​ ក្តៅ​រង​ទុក្ខ​វេទនា ម្តាយ​ក៏​ទាញ​ជាយ​អាវ​របស់​ខ្លួន​មក​បាំង យក​ខ្នង​ពាំង​ជា​ដំបូល​បាំង​ថ្ងៃ​ឲ្យ​កូន​ដើម្បី​ឲ្យ​បាត់​ក្តៅ ទោះ​បី​ជា​ក្នុង​ពេល​នេះ ខ្នង​របស់​ម្តាយ​ចុក​ចាប់​ក្តៅ​ផ្សា​ព្រោះ​ត្រូវ​កំដៅ​ថ្ងៃ​ដុត​រោល​រាល​ក៏​ ដោយ ក៏​ម្តាយ​នៅ​តែ​ទ្រាំ​បាន ម្តាយ​ទ្រាំ​ត​ទៅ​ទៀត ទោះ​​ជា​ចម្ងាយ​ផ្លូវ​តទៅ​មុខ​គ្មាន​គោល​ដៅ​ឬ​កោះ​ត្រើយ​យ៉ាង​ណា​ក៏​ដោយ។ មនុស្ស​ម្នា​នៅ​ក្នុង​សំប៉ាន បាន​បាត់​បង់​ជីវិ​ត​បន្ត​គ្នា​ម្តង​ម្នាក់​ៗ ព្រោះ​តែ​ការ​អត់​ឃ្លាន ប៉ុន្តែ​អ្នក​ម្តាយ​រូប​នេះ​បាន​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​មិន​អាច​ស្លាប់​បាន​ទេ ខ្ញុំ​ត្រូវ​តែ​រក្សា​ជីវិត​ឲ្យ​រស់​នៅ​តទៅ​ទៀត​ដើម្បី​កូន​តូច។
ពេល​ឃើញកូ​ន​ដង្ហក់​រកកល​នឹង​អស់​ជីវិ​ តព្រោះ​តែ​គ្មាន​ទឹក​ផឹក នាង​សម្រេច​ចិត្ត​ថា នឹង​បណ្តោយឲ្យ​កូន​ស្លាប់​នៅ​ចំពោះ​មុខ​ដូច្នេះ​មិន​បាន​ជា​ដាច់​ខាត ត្រូវ​តែ​រក​មធ្យោបាយ​ដើម្បី​ជួយ​កូន​ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់​ឲ្យ​ ទាល់​តែ​បាន។ នាង​គិត​ដូច្នោះ​ហើយ ក៏​ព្យាយាម​ស្រវា​រក​របស់​ជុំវិញ​ខ្លួន​ម្តង​ទៀត ប៉ុន្តែ​មិន​ឃើញ​មាន​អ្វី​ដែល​នឹង​អាច​នាំ​មក​ជួយ​ជីវិត​កូន​បាន​ទាល់​​តែ​ សោះ នាង​បាន​យក​ដៃ​លូក​ទៅ​ក្នុង​កាបូប ក៏​បាន​ប្រទះ​កូន​កាំបិត​ដ៏​មុត​មួយ នាង​ក៏​ចាប់​យក​កាំបិត​នោះ​​ចេញ​មក​ដោយ​គិត​ថា នេះ​ជា​វិធី​ចុង​ក្រោយ​ដែល​នឹង​អាច​ជួយ​ជីវិត​កូន​ឲ្យ​រស់​តទៅ​ទៀត​បាន។​ ខណៈ​ពេល​ដែល​កូន​កំពុង​តែ​យំ​នោះ ដៃ​របស់​ម្តាយ​ក្តាប់​កាំបិត​យ៉ាង​ណែន​ហើយ​ពោល​តិច​ៗ​ថា កូន​មាស​ម្តាយ! ទោះ​បី​ម៉ែ​រក​ទឹក​ឲ្យ​កូន​ផឹក​មិន​បាន តែ​ម៉ែ​ក៏​រីក​រាយ​លះ​បង់​ឈាម​ក្នុង​កាយ​របស់​ម៉ែ​ឲ្យ​កូន​ផឹក​ជំនួស​ទឹក​ ដើម្បី​បំបាត់​ការ​ស្រេក​​។និយាយ​ហើយ​នាង​ក៏​លើក​កំបិត​ចាក់​វះត្​រង់​ក​ដៃ​របស់​ខ្លួន។
ពេល​ដែល​ឈាម​ហូរ​ចេញ​មក នាង​ក៏​ប្រញាប់​យក​ដៃ​ដែល​មុត​ដោយ​កាំបិត​នោះ​ទៅ​ដាក់​ត្រង់​មាត់​​កូន​តូច​ ។ ដោយ​ការ​មិន​ដឹង​ក្តី និង​ដោយ​សេចក្តី​ស្រេក​ឃ្លាន ទារក​តូច​ក៏​បឺត​ក្រេប​ផឹក ដោយ​មិន​ដឹង​ថា​ដំណក់​ទឹក​ដែល​មក​ចូល​ក្នុង​មាត់​របស់​ខ្លួន​នោះ គឺ​ជា​ដំណក់​ឈាម​ដែល​ស្រក់​ចេញ​ពី​ក្នុង​រាង​កាយ​​របស់​ម្តាយ​ឡើយ។ ដោយ​សារ​ម្តាយ​បាន​បាត់​បង់​ឈាម​អស់​ច្រើន​ពី​ខ្លួន ធ្វើ​ឲ្យ​រាង​កាយ​មាន​សភាព​ទន់​ខ្សោយ​ទៅ​ៗ​ជា​លំដាប់ រហូត​ដល់​ទី​បំផុត នាង​ក៏​សន្លប់​បាត់​ស្មារតី។​ លុះ​ដឹង​ខ្លួន​វិញ ឃើញ​កូន​តូច​នៅ​រស់​រាន​មាន​ជិវិត​នៅ​ឡើយ​ក៏​មាន​ចិត្ត​សប្បាយ​រីករាយ ហើយ​ពោល​ថា ទោះ​បី​ជា​ឈាម​ក្នុង​រាង​កាយ​របស់​ម៉ែ​រីង​ស្ងួត​ហួត​ហែង​ទៅ​ក៏​ដោយ តែ​​សុំ​កុំ​ឲ្យ​ជី​វិត​កូន​ដែល​ម៉ែ​ស្រឡាញ់​ថ្នាក់​ថ្នម​នេះ​ត្រូវ​បាត់​ បង់​ទៅ​ឡើយ ម៉ែ​ពេញ​ចិត្ត​សូម្បី​លះ​បង់​ជីវិត​សាច់​ឈាម ដើ​ម្បី​ឲ្យ​កូន​បាន​ចៀស​ផុត​ពី​គ្រោះ​មហន្តរាយ​នេះ​។
ទី​បំផុត សំប៉ាន​មួយ​នោះ​ក៏​ត្រូវ​រលក​បោក​ផាត់​រសាត់​ចូល​កាន់​ច្រាំង។ លុះ​ដល់​ច្រាំង​ហើយ គ្រប់​គ្នា​ក៏​ប្រឹង​ត្រដាប​ត្រដួស​ចុះ​ចេញ​ពី​សំ​ប៉ាន នៅ​សល់​តែ​ម្តាយ​ពីរ​នាក់​នឹង​កូន​តូច​ គ្មាន​នរណា​ម្នាក់​អើ​ពើ​យក​ភ្នែក​មើល​សោះ​ នាង​និង​កូន​តូច​ត្រូវ​បាន​គេ​ចាក​ចោល​ទៅ​ ទុក​ឲ្យ​​នៅ​កណ្តោច​កណ្តែង​តែ​ពីរ​នាក់ គួរ​ឲ្យ​អណោច​ខ្លោច​ចិត្ត។ អ្នក​ជា​ម្តាយ​ខំ​ព្យាយាម​បី​ត្រកង​កូន​តូច​ចុះ​ចេញ​ពី​សំប៉ាន​ទាំង​ត្រដាប​ ត្រដួស សម្លឹង​ទៅ​ទី​ណា​ក៏​មិន​មាន​មនុស្ស​សូម្បី​ម្នាក់​ដែល​នឹង​អាចមក​ជួយ​ សង្គ្រោះ​បាន។ ដោយ​អស់​កម្លាំង​ខ្លាំង​ពេក​ព្រោះ​បាត់​បង់​ឈាម​អស់​ច្រើន ហើយ​អត់​​អាហារ​មក​ជា​ច្រើន​ថ្ងៃ​ផង ទើប​គ្មាន​កម្លាំង​នឹង​ជួយ​ទប់​ជ្រែង​ខ្លួន​ឲ្យ​ក្រោក​ឡើង​បាន។
ចំណែក​ទារក​តូច​នោះ​ក៏​វារ​ចេញ​ទៅ​ឆ្ងាយ​ពី ​ម្តាយ ទោះ​បី​ជា​ម្តាយ​ខំ​ប្រឹង​រា​រាំង​ទាញ​ទុក​យ៉ាង​ណា​ក៏​ដោយ ក៏​រារាំង​មិន​ឈ្នះ ព្រោះ​នៅ​ពេល​នេះ​ភ្នែក​របស់​ម្តាយ​ចាប់​ផ្តើម​ស្រវាំង ត្រចៀក​ចាប់​ផ្តើម​ហឹង​ហៀប​នឹង​ដាច់​ខ្យល់​ទៅ​ហើយ។ មុន​ពេល​ដែល​ម្តាយ​អស់​ជិវិត​រលត់​សង្ខារ​ទៅ ម្តាយ​បាន​និយា​យ​ខ្សាវ​ៗ​​ផ្ញើ​កូន​នឹង​ព្រះ​ម៉ែ​ធរណី​ថាបពិត្រ​ព្រះ​ម៉ែ​ធរណី! ខ្ញុំម្ចាស់​មិន​អាច​មាន​ជិវិត​រស់​នៅ​ដើម្បី​ចិញ្ចឹម​កូន​តទៅ​ទៀត​បាន​ទេ ជិវិត​របស់​ខ្ញុំ​ម្ចាស់​នឹង​ត្រូវ​ចប់​ក្នុង​ពេល​នេះ​ហើយ សូម​ព្រះ​ម៉ែ​មេត្តា​ជួយ​គ្រប់​គ្រង​ថែ​រក្សា​ទារក​តូច​នេះ​ជំនួស​ខ្ញុំ​ ម្ចាស់​ផងនិយាយ​ចប់​នាង​ក៏​ដាច់​ខ្យល់​ក្នុង​គ្រា​នោះ​ទៅ។
នា​វេលា​ល្ងាច​នោះ មាន​អ្នក​នេសាទ​ម្នាក់​បាន​អុំ​ទូក​ឡើង​ច្រាំង ក៏​ឃើញ​ក្មេង​តូច​នោះ​កំពុង​តែ​វារ​វិល​វល់​ស្រែក​ទ្រហោយំ​តែ​ម្នាក់​ឯង ទើប​ចូល​ទៅ​លើក​ពរ ហើយ​បាន​ឃើញ​ឈាម​ជាប់​នៅ​នឹង​មាត់​របស់​ទារ​ក​តូច ក៏​នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថា ប្រហែល​ជា​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ម្តុំ​នេះ​ជាក់​ជា​មិន​ខាន។ អ្នក​នេសាទ​គិត​ហើយ​ក៏​ដើរ​មើល​តាម​បរិវេណ​ដែល​ទារ​ក​នោះ​វារ​ចុះ​ឡើង មួយ​សន្ទុះ​ក៏​បាន​ឃើញ​សាក​សព​ស្ត្រី​ម្នាក់​ដេក​ផ្កាប់​មុខ​ស្តូក​ស្តឹង​នៅ ​ក្បែរ​សំប៉ាន ទើប​លើក​ប្រែ​សាក​សព​ស្ត្រី​នោះ​ឲ្យ​ផ្ងារ​ឡើង ។ អ្នក​នេសាទ​ស្រឡាំង​កាំង​ពេល​ដែល​ឃើញ​កដៃ​របស់​នាង​មាន​ស្នាម​កាំបិត ហើយ​មាន​ឈាម​កក​ជាប់​នឹង​ស្នាម​មុត​នោះ ឯ​ឈាម​ដែល​នៅ​នឹង​កដៃ​នោះ ក៏​ជា​ឈាម​ពណ៌​តែ​មួយ​ជា​មួយ​នឹង​ឈាម​ដែល​ដិត​ជាប់​នឹង​មាត់​ទា​រក ធ្វើ​ឲ្យ​អ្នក​នេសាទ​សន្និដ្ឋាន​បាន​ថា ស្ត្រី​ម្នាក់​នេះ​ប្រាកដ​ជា​ម្តាយ​របស់​ក្មេង​នេះ​។ នាង​ប្រហែល​ជា​ពនេចរ​វង្វេង​ផ្លូវ​កណ្តាល​សមុទ្រ រហូត​ដល់​អស់​ទឹក​អស់​អាហារ ហើយ​ដោយ​ការ​អាណិត​កូន នាង​ច្បាស់​លះ​ប​ង់​ឈាម​ក្នុង​ខ្លួន​ដើម្បី​ឲ្យ​កូន​រួច​ផុត​ពី​ការ​ស្រេក​ ឃ្លាន​ដោយ​ពិត​។​
លុះ​គិត​ដូច្នោះ​ហើយ អ្នក​នេសាទ​ក៏​ឧទាន​ឡើង​ថា ឱ! អ្នក​នាង​ជា​ម្តាយ​ដែល​មាន​ទឹក​ចិត្ត​ប្រសើរ​ខ្ពង់​ខ្ពស់​ក្រៃ​លែង ម្តាយ​ក្នុង​លោក​នេះ អាច​មាន​ស្ត្រី​ជា​ច្រើន​ដែល​ស្រឡាញ់​កូន​ជាង​ជីវិត​រប​ស់​ខ្លួន ប៉ុន្តែ​អ្នក​ម្តាយ​ម្នាក់​នេះ បាន​ធ្វើ​ការ​លះ​បង់​ដ៏​ធំធេង​មហិមា​ដើម្បី​រ​ក្សា​ជីវិត​កូន​ឲ្យ​បាន​ផុត​ ពី​មហា​ភយន្តរាយ នាង​ជា​ម្តាយ​ដែល​មាន​ទឹក​ចិត្ត​ដ៏សែន​ប្រសើរ​រក​អ្វី​ប្រៀប​ផ្ទឹម​គ្មាន សូម​ឲ្យ​នាង​បាន​ទៅ​កាន់​សុគតិភព​ចុះ ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ចិញ្ចឹម​ថែ​រក្សា​កូន​របស់​នាង ផ្តល់​សេចក្តី​ស្រឡាញ់​ថ្នាក់​ថ្នម​យក​ចិត្ត​ទុក​ដាក់ ឲ្យ​ដូច​កាល​ដែល​នាង​មាន​ជីវិត​រស់​នៅ ធ្លាប់​បាន​ព្យាយាម​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​កូន​របស់​នាង​ដោយ​ការ​ថ្នាក់​ ថ្នម​ស្រឡាញ់​ពេញ​បេះ​ដូង ខ្ញុំ​នឹង​ចិញ្ចឹម​កូន​របស់​នាង​ឲ្យ​ល្អ​ជា​ទី​បំផុត”​
ពោល​រួច​ហើយ អ្នក​នេសាទ​ចិត្ត​សប្បុរស​នោះ​ក៏​​នាំទា​រក​តូច​ត្រឡប់​ទៅ​ចិញ្ចឹម​បី​បាច់​ ថែ​រក្សា ។ លុះ​កុមារ​នោះ​មាន​វ័យ​វឌ្ឍនា​ការ​ចម្រើន​ឡើង ក៏​បាន​ដេញ​ដោល​សួរ​ទៅ​អ្នក​នេសាទ​នោះ​ថា លោកអ៊ំ! ក្មួយ​នឹក​ម្តាយ​របស់​ក្មួយ​ណាស់ លោក​អ៊ំ​អាច​ប្រាប់​ក្មួយ​បាន​ទេ​ថា ម្តាយ​របស់​ក្មួយ​នៅ​ទី​ណា​? ក្មួយ​ចង់​ជួប​ច​ង់​រស់​នៅ​ជិត​ម៉ែ ក្មួយ​ចង់​ហៅ​ម៉ែ សូម​លោក​អ៊ំ​មេត្តា​នាំ​ក្មួយ​ទៅ​ជួប​អ្នក​ម្តាយ​ក្មួយ​ផង
អ្នក​នេសាទ​យល់​ថា កុមារ​នេះ​ចម្រើន​ធំ​ឡើង​ល្មម​នឹង​អាច​ឲ្យ​ដឹង​រឿង​រ៉ាវ​របស់​ខ្លួន​បាន​ហើយ ក៏​ដំ​ណាល​រឿង​រ៉ាវ​ទាំង​អស់​ឲ្យ​ស្តាប់​ហើយ​នាំ​កុមារ​នោះទៅ​កាន់​ផ្នូរ​ បញ្ចុះ​សព​របស់​មាតា លុះ​ទៅ​ដល់ កុមារ​កំសត់​ក៏​ស្ទុះ​ចូល​ទៅ​ឱប​ផ្នូរ​ម្តាយ​ព្រម​ទាំង​យំ​យែក​ទឹក​ភ្នែក​ ជោកផែន​ថ្ពាល់​ត្អូញ​ត្អែ​ថា អ្នក​ម្តាយ​ជា​ទី​គោរព​របស់​កូន! ហេតុ​អ្វី​អ្នកម្តាយ​ចាក​ចោល​កូន​ទៅ​យ៉ាង​ឆាប់​រហ័ស​ដូច្នេះ! ហេតុ​អ្វី​មិន​ផ្តល់​ឱកាស​ឲ្យ​កូន​បាន​បំពេញ​តួ​នា​ទី​តប​ស្នង​សង​គុណ​អ្នក​ ម៉ែ​ដែល​ជា​អ្នក​លះ​បង់​ដើម្បី​កូន​តែ​ម៉្យាង! តើ​ពេល​ណា​កូន​នឹង​មាន​ឱកាស​បាន​តប​ស្នង​សង​ព្រះ​គុណ​អ្នក​ម្តាយ​ជា​ទី​គោរ​ ព​រ​បស់​កូន​ទៅ!
ពេល​ដែល​អ្នក​នេ​សាទ បាន​ឃើញ​កុមារ​តូច​យំ​សោក​កន្ទក់​កន្ទេញ​អស់​រយៈ​ពេល​យូរ​ហើយ ទើប​ចូល​ទៅ​ចាប់​លើក​កុមារ ហើយ​អង្អែល​ខ្នង ព្រម​ទាំង​និយាយ​លួង​លោម​ថា ណ្ហើយ​ចុះ​ក្មួយ​! ទោះ​បី​ជា​អ្នក​ម្តាយ​របស់​ឯង​បាន​បាត់​បង់​ជិវិត​ទៅ​ហើយ​ក្តី បើ​ក្មួយ​គិត​ចង់​តប​ស្នង​សង​គុណ​ម្តាយ ក្មួយ​ត្រូវ​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ខ្ជាប់​ខ្ជួន​ក្នុង​អំពើ​ល្អ កសាង​អំពើ​ល្អ​ដើម្បី​អំ​ពើល្អ ធ្វើ​ល្អ​គ្រប់​យ៉ាង​ក្នុង​ជីវិត​របស់​ក្មួយ។ ពេល​ដែល​ក្មួយ​ចូល​សិក្សា​រៀន​សូត្រ ត្រូវ​រៀន​ឲ្យ​បាន​ពូកែ​ជា​ទី​បំ​ផុត ពេល​ដែល​ក្មួយ​ធំ​ឡើង​បាន​កាន់​កិច្ច​ការ​ងារ​ណា​ក៏​ដោយ សុំ​ឲ្យ​ក្មួយ​បំពេញ​ការ​ងារ​ក្នុង​តួនា​ទី​របស់​ក្មួយ​ឲ្យ​បាន​ប្រសើរ​ បំផុត ហើយ​ពេល​ដែល​ក្មួយ​បួស​រៀន ក៏​សុំ​ឲ្យ​ក្មួយ​បំពេញ​តួ​នា​ទី​ជា​អ្នក​បួស​ឲ្យ​បាន​ហ្មត់​ចត់ ។ បើ​ក្មួយ​ធ្វើ​បាន​ប៉ុណ្ណេះ ពេល​ដែល​ម្តាយ​របស់​ក្មួយ​បាន​ជ្រាប​បាន​ដឹង​ដោយ​ញាណ​វិធី​ណា​មួយ គាត់​នឹង​សប្បាយ​ចិត្ត​ឥត​ឧបមា​ក្នុង​ការ​ផ្តល់​កំណើត ការ​គ្រប់​គ្រង​ថែ​រក្សា សុខ​ចិត្ត​លះ​បង់​ជីវិត​ដើម្បី​ក្មួយ​រហូត​ដល់​ក្មួយ​អាច​រស់រាន​មាន​ជីវិត​ ដល់​សព្វ​ថ្ងៃ​នេះ។ ម្តាយ​របស់​ក្មួយ​ប្រាកដ​ជា​មាន​បិតិ​សោមនស្ស​រីក​រាយ​ក្នុង​ឋាន​សួគ៌​ទេវ​ លោក​ដោយ​ពិត ទោះ​បី​ជា​នាង​គ្មាន​ជីវិត​រស់​នៅ​ដល់​សព្វ​ថ្ងៃ​នេះក្តី​ ប៉ុន្តែ​ក្មួយ​ក៏​នៅ​តែ​អាច​ធ្វើ​អំពើ​ល្អ​ឲ្យ​ម្តាយ​របស់​ក្មួយ​ដឹង​ឮ​បាន​ ៕ ចប់
ជូន​ពរ​​ទិវាសិទ្ធិនារី! សូម​ឲ្យ​នារី​គ្រប់​រូប​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​រឹង​មាំ រស់​ផុត​ពី​គំនាប​អយុត្តិធម៌​គ្រប់​យ៉ាង!

ព្រះជានរណា?

តាម​ការ​និយម​ និង​ជំនឿ​របស់​ខ្មែរ​យើង​ភាគ​ច្រើន ពេល​ដែល​ឮ​ពាក្យ​ថា​​ «ព្រះ​» ​នេះ​ភ្លាម​ តែង​តែ​បញ្ជូន​ចិត្ត​ បញ្ជូន​អារម្មណ៍​ទៅ​កាន់​ពិភព​មួយ​ដែល​ហួស​ពី​ចក្ខុ​វិ​ស័យ មាន​ឋាន​សួគ៌ ជាដើម​ ដោយ​យល់​ថា​ «ព្រះ​» គឺ​ជា​អាទិទេព (God) ឬ​ វត្ថុស័ក្តិសិទ្ធ និង​អ្នក​មាន​ឥទ្ធិរឹទ្ធ​ណាម្នាក់​។ តាម​ការ​ពិត បើ​យើង​វែក​ញែក​លំអិត​ពី​ឫស​គល់​នៃ​ពាក្យ​ថា​ «ព្រះ» យើង​នឹង​ឃើញ​ថា ពាក្យ​នេះ​នៅ​ជា​កណ្តាល​នៅ​ឡើយ​ទេ មិន​ទាន់​សំ​ដៅ​ទៅ​លើ​បុគ្គល​ណា អាទិទេព​ណា ឬវត្ថុ​ស័ក្តិសិទ្ធ​ណា​មួយ​ឡើយ។ នៅ​ក្នុង​វចនា​នុក្រម​សម្តេច​ព្រះ​សង្ឃរាជ​ ជួន ណាត ពាក្យ​ថា​ «ព្រះ» ​ ​បា. សំ. ( ន. ) (វរ ប្រើ​ជា គុ. ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជា​ចម្បង; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន”; ប្រើ​ជា ន. ក៏​បាន ពរ; ស្វាមី; កូន​ប្រសា​ប្រុស; សេចក្ដី​ប្រាថ្នា…”) ពាក្យ​នេះ​ខ្មែរ​ប្រើ​ក្លាយ​មក​ដោយ វ > ព + រ + ះ > ព្រះ; សម្រាប់​ហៅ​ឋានន្តរ​មន្ត្រី​ស័ក្តិ ៦ ហ៊ូពាន់​ចុះ​បន្ទាប់​ពី​ទី​ឧកញ៉ា​មក : មន្ត្រី​ទី​ព្រះ ។ សម្រាប់​ប្រើ​នាំ​មុខ​នាម​នាម​ឯ​ទៀត បាន​ច្រើន​យ៉ាង​ជា​អនេក : ព្រះ​សម្មាសម្ពុទ្ធ; ព្រះ​ឥន្ទ្រ, ព្រះ​ព្រហ្ម; ព្រះ​មហា​ក្សត្រ, ព្រះ​រាជា, ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត; ព្រះ​រាជ​បុត្រ; ព្រះ​ធម៌; ព្រះ​សង្ឃ; ព្រះ​អាទិត្យ; ព្រះ​ចន្ទ្រ; ព្រះ​ពាយ; ព្រះ​បាទ; ព្រះ​កេសា; ព្រះ​អរហន្ត ។ល។
ឯ​ពាក្យ​មួយ​ទៀត​ដែល​មាន​ឫស​គល់​ដូច​គ្នា​ នឹង​ពាក្យ​ថា​ «ព្រះ» គឺ «ពរ» ដែល​យើង​តែង​តែ​យល់​ថា​ជា​អំណោយ​នៃ​ភាព​ជោគជ័យ​ សេចក្តី​សុខ និងភាព​ចម្រើន​រុង​រឿង​ ។ល។ ឫស​គល់​នៃ​ពាក្យ​ថា «ពរ» នោះគឺ “​ពរ សំ. បា. ( ន. ) (វរ) គុណជាត​ដ៏​ប្រសើរ; គុណជាត​ឬ​អ្វី​ៗ ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត : សូម​ពរ, ឲ្យ​ពរ, ទទួល​ពរ ។ ឲ្យ​ពរ​សព្ទ​សាធុការ បញ្ចេញ​សូរ​សព្ទ​ថា សាធុ សូម​ឲ្យបាន​ប្រកប​តាម​បំណង!។ ស្រែក​ឲ្យ​ពរ​ឲ្យ​ជ័យ ស្រែក​ឲ្យ​ពរ​ថា សូម​ឲ្យមាន​ជ័យ​ជម្នះ ! ដូច​យ៉ាង​ស្រែក​ថា ជយោ ! ឬ ជយោ ! ជយោ ! ជាដើម (ម. ព. នោះ​ផង) ។ ពាក្យ​នេះ សំ. បា. ប្រើ​ជា គុ. ក៏​បាន ប្រែ​ថា ប្រសើរ; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត”; ខ្មែរ​ប្រើ​ក្លាយ​មក​ជា ព្រះ ក៏​មាន, នៅ​ជា វរ ឬ វរៈ តាម​រូប​ដើម​ក៏​មាន
ដូច្នេះ ត្រឹម​តែ​ពាក្យ​ថា​ «ព្រះ» មួយម៉ាត់ មិន​ទាន់​សំ​ដៅ​ថា​ជា​នរណា ឬ​វត្ថុ​ណា​​ឡើយ ព្រោះ​ពាក្យ​នេះ​សម្រាប់​ដាក់​នាំ​មុខ​មនុស្ស​ សត្វ ឬ​វត្ថុ ដែល​គេ​យល់​ថា​មាន​គុណឧត្តុង​ឧត្តម​​ខ្ពង់​ខ្ពស់​គួរ​គោរព​បូជា ដូច​ជា
-ព្រះ​ពុទ្ធព្រះ​អង្គ​មិន​មែន​ជាព្រះ​​អាទិទេព​ទេ គឺ​ជា​មនុស្ស​ពិត ជា​អច្ឆរិយ​បុគ្គល​ដ៏​ចម្បង​លើ​លោក ប្រសើរ​លើស​លប់​។
-ព្រះ​ធម៌ មិន​មែន​ជាព្រះ​​អាទិ​ទេព​ទេ តែ​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ និង​ជា​សភាវៈ​ធម្មជាតិ​ដែល​ស្ថិត​នៅ​ជា​និច្ច​ក្នុង​លោក​។ ដែល​ហៅ​ថា​ ព្រះ​ធម៌ ព្រោះ​សំដៅ​យក​សភាវៈដែល​មាន​គុណ​​ឧត្តុង​ឧត្តម​ខ្ពស់​ខ្ពស់​ នាំ​អ្នក​ប្រតិបត្តិ​តាម​ឲ្យ​រួច​ចាក​ទុក្ខ។
-ព្រះ​សង្ឃ មិន​មែន​ជាព្រះ​​អាទិទេព​ទេ គឺ​ជា​ក្រុម​មនុស្ស​សុទ្ធ​សាធ ដែល​ចេញ​បួស​​និង​បដិបត្តិ​តាមឱ​វាទ​របស់​​ព្រះសម្មាសម្ពុទ្ធ​។ ដែល​ហៅ​ថា​ព្រះ​សង្ឃ​ ព្រោះ​ជា​អ្នក​មាន​គុណ​ខ្ពង់​ខ្ពស់​ដោយ​ការ​បដិបត្តិ​វៀរ​ចាក​នូវ​អំ​ពើ​ អាក្រក់​គ្រប់​យ៉ាង​។
-​ព្រះ​រតន​ត្រ័យ មិន​មែន​ជា​ព្រះ​អាទិទេព​ទេ គឺ​ជា​ឈ្មោះ​នៃរតនៈ​ទាំង​បី​ បាន​ដល់​ព្រះ​ពុទ្ធ ព្រះ​ធម៌​ និង​ព្រះ​សង្ឃ​។ ជា​រតនៈ​ឬ​កែវ​ដ៏មាន​គុណ​​ឧត្តុងឧត្តម​ខ្ពស់​ខ្ពស់​។ល។​
-​ព្រះ​អរហន្ត មិន​មែន​ជា​ព្រះ​អាទិទេព​ទេ គឺ​ជា​បុគ្គល​ដែល​បានប​ដិបត្តិ​តាម​អរិយ​ដ្ឋង្គិកមគ្គ​​លះ​បង់​នូវ​កិលេស​ តណ្ហា កំចាត់​បង់​អស់​នូវ​អវិជ្ជា និង​សង្ខារ​ទាំង​ពួង បាន​ដល់​ត្រើយ​គឺ​ព្រះ​និព្វាន។ ព្រះ​អរហន្ត​គឺ​រាប់​បញ្ចូល​ទាំង​ព្រះ​សម្មា​សម្ពុទ្ធ​ និង​ពុទ្ធ​សាវ័ក​។​
-​ព្រះ​ខីណា​ស្រព មិន​មែន​ជាព្រះ​អាទិទេព​ទេ គឺ​ជា​អ្នក​ដែល​ក្ស័យ​អស់​នូវ​អាសវក្កិលេស ជា​វេវចនស័ព្ទ​នឹង​ព្រះ​អរហន្ត​។
-​ព្រះ​កន្លោង មិន​មែន​ជា​ព្រះ​អាទិទេព​ទេ គឺ​ជា​មនុស្ស​ពិត ជា​មាតា​បិតា ឪពុក​ម្តាយ​ ដែល​ខ្មែរ​យើង​ហៅ​ថា​ ព្រះ​កន្លោង​។ ដោយ​មាតា​បិតា​មាន​គុណ​ដ៏​ធំ​ធេង​ចំ​ពោះ​កូន​ប្រុស​ស្រី ដូច្នេះ​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​បាន​ប្រៀប​ធៀប​លោក​ទាំង​ពី​រ​ទៅ​នឹងព្រះ ​អរហន្ត​របស់​កូន​ផង​​ ជា​ព្រះ​ព្រហ្ម ជា​ព្រះ​អាទិទេព​របស់​កូន​ផង។ ព្រះ​អង្គ​ប្រៀប​ធៀប​មាតា​បិតា​ទៅ​នឹង​ព្រះ​អរហន្ត​ ថា​ជា​អាហុនេយ្យ​បុគ្គល​របស់​កូន គឺ​មាតា​បិតា ជា​មនុស្ស​ដែល​កូន​ប្រុសស្រី គួរ​គោរព​បូជាប្រណិបត្តន៍ ជា​ព្រះ​ព្រហ្ម​របស់​កូន ព្រោះ​មាតា​បិតា​មាន​ព្រហ្ម​វិហារធម៌​ គឺ​មេត្តា ករុណា មុទិតា និង​ឧបេក្ខាចំពោះ​កូន​ ជា​ព្រះ​អាទិទេព​របស់​កូន ​ព្រះ​អង្គ​ហៅ​មាតា​បិតា​ថា​ជា​ បុព្វទេវា គឺ​ទេវតាដើម បុព្វ មាន​ន័យថា​ខាង​ដើម ឬ​ដំបូង​ មុន​, ទេវា គឺ​ទេវតា ឬ​ទេព្តា ស្មើ​នឹង​ពាក្យ​ ថា អាទិទេព ព្រោះ​ អាទិ មាន​ន័យថា​ ដំបូង មុន, ទេព មក​ពីពាក្យថា ទេវ ឬ​ទេវតា​ហ្នឹងឯង ព្រោះ​មាតា​បិតា​ជា​អ្នក​ផ្តល់​កំណើត​ដល់​បុត្រ​ធីតា និង​ថ្នាក់​ថ្នម​ថែរក្សា​កូន​ប្រុស​ស្រី​មុន​នរណា​ៗ​ទាំង​អស់​។​
-​ព្រះ​មហា​ក្សត្រ មិន​មែន​ជា​ព្រះ​អាទិទេព គឺ​ជា​មនុស្ស​ពិត​ដែល​គ្រប់​គ្រង​ផែន​ដី នគរ ប្រទេស ហើយ​ពាក្យ​ ព្រះ​ នេះ​ត្រូវ​បាន​ប្រើ​នាំ​មុខ​មនុស្ស​ដែល​កើត​ក្នុង​រាជ​វង្ស ដូច​ជា ព្រះ​មាតា ព្រះ​បិតា ព្រះ​រាម ព្រះអនុជ ។ល។
-ព្រះវិស្ណុ ព្រះព្រហ្ម ។ល។ ត្រូវបាន​បរិស័ទខាង​ព្រហ្មញ្ញសាសនាជឿថា ជា​ព្រះ​អាទិទេពនៅ​លើ​ឋាន​សួគ៌​ បង្កើតទឹកដី មនុស្ស សត្វ និងពិភពលោក។
-ព្រះគ្រិស្ត ឬ​ព្រះយេហូវ៉ា ត្រូវបាន​គ្រិស្តបរិស័ទជឿថា ជាព្រះអាទិទេពនៅ​លើ​ឋាន​សួគ៌​​ ​បង្កើត​ទឹក​ ដី​ ព្រៃ​ព្រឹក្សា មនុស្ស សត្វ​ និង​ពិភព​លោក។
-ព្រះអាឡា ត្រូវ​បាន​អ៊ីស្លាមសាសនិក ជឿថាជា​ព្រះអាទិទេពនៅ​លើ​ឋាន​សួគ៌​ បង្កើត​អ្វី​ៗ​គ្រប់​យ៉ាង ។ល។
ហើយ​និង​មានព្រះ​​អាទិទេព​ជា​ច្រើន​អង្គ​ទៀត​ដែល​​បរិស័ទ​ក្នុង​សាសនា​ផ្សេងៗ​លើ​លោក​នេះ​ជឿ​ថា​កំពុង​តែស្ថិត​នៅ​លើ​ឋាន​សួគ៌។
ក្នុងការ​រៀប​រាប់​ត្រួស​ៗ​អំ​ពី​ «ព្រះ» មក​ខាង​លើ​នេះ ចង់​បញ្ជាក់​ឲ្យ​ឃើញ​ថា ពាក្យ​ «ព្រះ​» មួយ​ម៉ាត់​នេះ មិន​មែន​សំដៅ​លើ​តែ​ព្រះ​អាទិទេព​មួយ​មុខ​ដូច​ដែលមនុស្ស​មួយ​ចំនួន​បាន​គិត និង​សំគាល់​ទុក​មក​នោះ​ទេ។ ពាក្យ​ថា ព្រះ នេះ​នៅ​ជា​សាធារណៈ​នៅ​ឡើយ​ទេ ទាល់​តែ​ដាក់​នៅ​មុខ​ឈ្មោះ​បុគ្គល​ណា ក្រុម​ណា វត្ថុ​ណា ទើប​យើង​អាច​សំគាល់​បាន​ថា ជា​ព្រះ​អង្គ​នេះ ព្រះ​អង្គ​នោះ ព្រះ​អាទិទេព ឬ​ព្រះ​មិន​មែន​អាទិទេព។ បើអញ្ចឹង តើ​សំណួរ​ខាង​លើ​នោះ​ឆ្លើយ​ដូច​ម្តេច​ទើប​ត្រូវ? អ្នក​ណា​ឆ្លើយ​ដូច​ម្តេច​ក៏​ឆ្លើយ​ទៅ ប៉ុន្តែ​ចំពោះ​ខ្ញុំ.សូម​ឆ្លើយ​ថា «នរណា​ក៏​ជា​ព្រះ» ហេតុ​អ្វី? ព្រោះថា សាធុជន​ដែល​កំពុង​អាន​អត្ថបទ​នេះ​ក៏​ជា​ព្រះ​ដែរ អាច​ជា​ព្រះ​ភិក្ខុសង្ឃ ព្រះមហា​ ​បើ​លោក​អ្នក​ដែល​មាន​ភរិយា​-ស្វាមី មាន​កូនប្រុសស្រី គឹ​ជា​ព្រះ​ព្រហ្ម ព្រះ​កន្លោង ព្រះ​អាទិទេព របស់​កូន​ប្រុស​ស្រី បើ​លោក​អ្នក​ដែល​មិន​ទាន់​មាន​គូ​ស្រករ​ទេ ក៏​គង់​តែ​នឹង​ក្លាយ​ទៅ​ជា​ព្រះ​មួយ​អង្គ​នឹង​គេ​ដែរ​ក្រោយ​ពេល​រៀប​អាពាហ៍​ ពិពាហ៍ មាន​បុត្រ​ធីតា​ នា​ពេល​អនាគត​ ហើយ​បច្ចុប្បន្ន​បើ​ជា​អ្នក​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌​ដ៏​ប្រសើរ​ក្នុង​ ជីវភាព​ប្រចាំ​ថ្ងៃ បើ​ទុក​ជា​គេ​មិន​បាន​ហៅ​ពាក្យ​ថា​ព្រះ​នៅ​ពី​ខាង​មុខ​ក៏ដោយ ក៏​បាន​ឈ្មោះ​ថា​ជា​ព្រះ​តាម​គុណ​ធម៌​ដែល​ខ្លួន​សាង ព្រោះ​ពាក្យ​ថា​ព្រះ គឺ វរ ប្រើ​ជា គុ. ប្រសើរ, ខ្ពង់ខ្ពស់។ ដូច្នេះ​មនុស្ស​ដែល​សាង​ល្អ មានគុណធម៌ខ្ពង់​ខ្ពស់​ គឺ​សក្តិស​ម​ជា​ «ព្រះ» ពិត​។
សភាវៈ​ទាំង​ឡាយ​ក្នុង​លោក​នេះ ដែល​សង្ខារ​តាក់​តែង​ហើយ​ រមែង​កើត​ឡើង តាំង​នៅ​ ហើយ​ក៏​រលត់​ទៅ​វិញ​ជា​ធម្មតា មិន​បាន​ស្ថិត​ស្ថេរ​ទៀង​ទាត់​ឡើយ យ៉ាង​ណា​មិញ មនុស្ស​គ្រប់​រូប​ដែល​កើត​មក​ហើយ រមែង​ចម្រើន​វ័យ​វឌ្ឍនាការ​ជា​កម្លោះ ក្រមុំ​ មាន​រូប​សម្រស់​ស្រស់​ល្អ លុះ​តាំង​នៅ​មិន​យូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏ស្រស់​ឆើត​ឆាយ​នោះ នឹង​ចាប់​ផ្តើ​ម​រោយ​ស្រពោន ស្រក​ស្រុត​ទៅ​តាម​កាល​វេលា ទៅ​តាម​លំនាំ​នៃ​ច្បាប់​ធម្មជាតិ ទុក​ជា​ចង់​ឬ​មិន​ចង់​ក៏មិន​អាច​ប្រកែក​បាន​ឡើយ។ ចំណែក​ឯ​គុណ​ធម៌ ពោល​គឺ​សេចក្តី​ល្អ​ដែល​មនុស្ស​បាន​ធ្វើ​ហើយ​ជា​រឿយៗ រមែង​ចម្រើន​កើន​ឡើង​ជា​រឿយៗទៅ​តាម​កាល​វេលា ដោយ​មិន​ចេះ​ស្រក​ស្រុតអាប់​អន់​។ វេលាកាន់​តែ​យូរ​ឆ្ងាយ ការ​កសាង​គុណធម៌​កាន់​តែ​បាន​ច្រើន សេចក្តី​ចម្រើន​ក្នុង​ផ្លូវ​សុខក៏​នឹង​មាន​ច្រើន​ឡើង​ជា​ភិយ្យោ​ភាព ចម្រើន​តាំង​តែ​ពី​លោក​នេះ​រហូត​ដល់​បរលោក​នាយ។ ក្នុង​ករណី​នេះ​ហើយ​ទើប​មាន​រឿង​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​បាន​ចារ​ទុក ​ជា​គតិ​​ឲ្យ​យើង​បាន​រិះ​គិត​ពិចារណា ហើយ​ប្រារព្ធ​សេចក្តី​មិន​ប្រមាទ បែរ​មក​រក​សេចក្តី​ព្យាយាម​ធ្វើ​អំ​ពើ​ល្អ​ កសាង​គុណ​ធម៌​ដើម្បី​សេចក្តី​ចម្រើនសម​ដូច​និទាន​​មាន​ចំណង​ជើង​ថា ទេវទូត​ពី​ឋាន​តាវត្តិ​ង្ស

កល្យាណមិត្តតា

1] ឯកៈ ពួកមួយ Group of One (including related group)

កល្យាណ​មិត្ត​តា (ការ​មាន​កល្យាណ​មិត្ត គឺ​មាន​អ្នក​​ណែនាំ​ចង្អុល​បង្ហាញ ទី​ប្រឹក្សា មិត្ត​ភក្តិ​ដែល​សេព​គប់ និង​បុគ្គល​ដែល​នៅ​ជុំវិញ​ខ្លួន​ជា​មនុស្ស​ល្អ។ ការ​ចេះ​ជ្រើស​រើស​សេព​គប់​បុគ្គល ឬ​ចូល​រួម​ពួក ក្រុម សង្គម ជា​មួយ​លោក​អ្ន​ក​ដែល​មាន​គុណ​ធម៌ មាន​បញ្ញា​និង​សមត្ថ​ភាព អាច​ជួយ​ផ្ចុង​ផ្តើម គាំ​ទ្រ ណែ​នាំ​ចង្អុល​បង្ហាញ​ផ្លូវ​ប្រាប់​របៀប​របប រហូត​ដល់​បាន​ជា​គ្រឿង​ពឹង​ពំនាក់​អាស្រ័យ​ដល់​គ្នា​នឹង​គ្នា ដើម្បី​ឲ្យ​ជីវិត​ដំណើរ​ការ​ទៅ​ប្រកប​ដោយ​​វឌ្ឍន​ភាព​ដ៏​ឧត្តុង្គឧត្តម ក្នុង​ការ​សិក្សាអប់​រំ ការ​គ្រប់​គ្រង​ជីវិត ការ​ប្រកប​កិច្ចការ និង​បដិបត្តិ និង​មាន​បរិយាកាស​ក្នុង​សង្គ​ម​ដ៏​ប្រសើរ Kalyanamittata: having good friends; good company; friendship with the lovely; favourable social envirenment) ខ​នេះ​ជា​អង្គ​ប្រកប​ខាង​ក្រៅ (external factor; evnirenmental factor)
ម្នាល​ភិក្ខុ​ទាំង​ឡាយ! ពេល​ដួង​អាទិត្យ​កំពុង​រះ​ឡើង រមែង​មាន​ពន្លឺ​អរុណ​ចែង​ចាំង​មក​មុន ជា​បុព្វ​និមិត្ត យ៉ាង​ណា​មិញ ការ​មាន​កល្យាណ​មិត្ត​ក៏​ជា​លំ​នាំ ជា​បុព្វនិមិត្ត​នៃ​ការ​កើត​ឡើង​របស់​អរិយដ្ឋង្គិក​មគ្គ​ដល់​ភិក្ខុ ក៏​យ៉ាង​នោះ​ដែរ”​
ការ​មាន​កល្យាណ​មិត្ត​ស្មើ​នឹង​ ព្រហ្មចរិយៈ​(ការ​គ្រប់​គ្រង​ជីវិត​ដ៏​ប្រសើរ)ទាំង​អស់​តែ​ម្តង ព្រោះ​ថា អ្នក​មាន​កល្យាណ​មិត្ត​គប្បី​រំពឹង​វត្ថុ​ទាំង​នេះ​បាន​គឺ នឹង​ចម្រើន នឹង​ចម្រើន​ឲ្យ​រឹង​រឹត​តែ​ច្រើន​នូវ​អរិយដ្ឋង្គិក​មគ្គ
អាស្រ័យ​តថាគត​ធ្វើ​ជា​កល្យាណ​មិត្ត ពួក​សត្វ​អ្ន​ក​មាន​ជាតិ​ជា​ធម្មតា រមែង​រួច​ផុត​ចាក​ជាតិ អ្នក​មាន​ជរា​ជា​ធម្មតា​រមែង​រួច​ផុត​ចាក​ជរា អ្នក​មាន​មរណៈ​ជា​ធម្មតា រមែង​រួច​ផុត​ចាក​មរណៈ អ្នក​មាន​សេចក្តី​សោក​សៅ បរិ​ទេវៈ សេច​ក្តី​ទុក្ខ ទោ​មនស្ស និង​ឧបាយាស​ជា​ធម្មតា រមែង​រួច​ចាក​សេចក្តី​សោក​សៅ បរិ​ទេវៈ ទុក្ខ ទោម​នស្ស និង​ឧបាយាស។​
ត​ថាគត ពិចារណា​​រក​មិន​ឃើញ​អង្គ​ប្រកប​ខាង​ក្រៅ​ដទៃ​សូម្បី​តែ​ម៉្យាង ដែល​មាន​ប្រយោជន៍​ដ៏​ច្រើន​សម្រាប់​ភិក្ខុ​ដែល​ជា​សេក្ខៈ ដូច​ការ​មាន​កល្យាណ​មិត្ត, ភិក្ខុ​អ្នក​មាន​កល្យាណ​មិត្ត​រមែង​កំចាត់​អកុសល​បាន និង​រមែង​ញ៉ាំង​កុសល​ឲ្យ​កើត​ឡើង
​”ការ​មាន​កល្យាណ​មិត្ត រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​ដ៏​ធំធេង, ដើម្បី​ភាព​គង់​វង្ស​មិន​សាប​សូន្យ មិន​អន្តរធាន​នៃ​ព្រះ​សទ្ធម្ម​ ។ល។
[សំយុត្តិនិកាយ មហាវារវគ្គ, អង្គុត្តរនិកាយ ឯកនិបាត, ខុទ្ទ​កនិកាយ ឥតិវុត្តកៈ, S.V.2-30; A.I.14-18; It.10]

៣-​លំហាត់​ពោ​ពាក្យ​ផ្ទួន​ៗ​
​លំហាត់​ពោល​ពាក្យ​ផ្ទួន​ៗ​ជា​វិធី​សាស្ត្រ ​សមាធិបែប​បុរាណ​មួយ​បែប​ក្នុង​ចំណោម​វិធី​សាស្ត្រ​សមាធិ​ផ្សេង​ៗ​ទៀត ដែល​អាច​បង្កើត​ឲ្យ​មាន​ភាព​សុខ​សាន្ត​ផ្នែក​អារម្មណ៍​រួម​នឹង​ការ​កាត់​ បន្ថយ​ការ​តាន​តឹង​ចិត្ត​បាន​យ៉ាង​ល្អ​។ អ្នក​ធ្វើ​លំហាត់​សមាធិ​ដោយ​ពោល​ពាក្យ​ផ្ទួន​ៗ​នេះ ត្រូវ​សម្រួល​ឥរិយា​បទ​ឲ្យ​បាន​ធូរ​ស្រួល​តាម​តែ​ចិត្ត​ដែល​យើង​ចង់​ធ្វើ​ បន្ទាប់​មក​ក៏​ព្យាយាម​បំ​ភ្លេច​ចោល​នូវ​រឿង​រ៉ាវ​អ​វិជ្ជមាន​ទាំង​ឡាយ​ ហើយ​ចាប់​ផ្តើម​បិទ​ភ្នែក​សមាធិ​ដោយ​ពោល​​ក្នុង​អារម្មណ៍​ ឬ​ពោល​ខ្សឹប​ៗ​នូវ​ពាក្យ​ដដែល​ៗ​ ឧ​ទាហរណ៍​ដូច​ជា​ពោល​ពាក្យ​ថា “​ពុទ្ធោជា​ដើម​ ឬ​ក៏​គាថា​ខ្លី​ៗ​ណា​មួយ​នៃ​ព្រះ​ធម៌​របស់​ព្រះ​ពុទ្ធ​ដែល​យើង​ចេះ​ក៏​បាន​ ដូច​ជា​៖
-​ចិត្តំ ទន្តំ សុខាវហំ (​មាន​ន័យ​ថា ចិត្ត​ដែល​គេ​ទូន្មាន​បាន​ហើយ នាំ​មក​នូវ​សេចក្តី​សុខ​។)
-ចិត្តំ គុត្តំ សុខាវហំ (​មានន័យ​ថា ចិត្ត​ដែល​គេ​គ្រប់​គ្រង​បាន​ហើយ នាំ​មក​នូវ​សេចក្តី​សុខ​។)
-​ន ហិ សាធុ កោធោ (​មាន​ន័យ​ថា សេចក្តី​ក្រោធ​ មិន​ល្អ​សោះ​ឡើយ​។)
-អនត្ថ​ជននោ កោធោ (​មានន័យថា សេចក្តីក្រោធ បង្ក​នូវ​សេចក្តី​វិនាស។)
-​នត្ថិ សន្តិ បរំ​ សុខំ (​មានន័យថា មិន​មាន​សេចក្តី​សុខ​ណា ក្រៅ​ពី​សេចក្តី​ស្ងប់​ឡើយ​។)

​ការ​ពោល​ពាក្យ​ផ្ទួន​ៗ​ដដែល​ៗ​នេះ គឺ​អាច​អនុវត្ត​ទៅ​តាមច​ង្វាក់​នៃ​ខ្យល់​ដក​ដង្ហើម​ចេញ​ និង​ចូល​ ដោយ​ពោល​ពាក្យ​ “​ពុទ្ធនៅ​ពេល​ដក​ដង្ហើម​ចូល និង​ពាក្យ​ “​ទ្ធោនៅ​ពេល​ដក​ដង្ហើម​ចេញ​។ លំហាត់​ពោល​ពាក្យ​ផ្ទួន​ៗ​នេះ ក៏​អាច​អនុវត្ត​ផង​ដែរតាម​រយៈ​ការ​ទន្ទេញ​ក្នុង​អារម្មណ៍(​ភាវនា​) នូវ​ពាក្យ​ដដែល​ៗ​ ឬ​គាថា​ខ្លី​ណា​មួយ​ដែល​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ជា​ បរមគ្រូដែល​យើង​ចេះ​តាម​រយៈ​ឧ​ទាហរណ៍​ដូច​បាន​លើក​ឡើង​ខាង​ដើម​។ ការ​ផ្ទង់​អារម្មណ៍​ពោល​ពាក្យ​ដដែល​ៗ​នេះ អាច​អនុវត្ត​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​១០​នាទី ឬ​លើស​ពី​នេះ​តាម​តែលទ្ធភាព​ដែល​អាច​ធ្វើ​បាន​។
៤-​លំហាត់​សមាធិ​ផ្សេង​ៗhttp://saloeurm.files.wordpress.com/2012/02/meditation.jpg?w=620
សមា​ធិ​ គឺ​ជា​ការ​ហ្វឹក​ហាត់​ចិត្ត ប្រមូល​ផ្តុំ​អារម្មណ៍​ឲ្យ​មូល​តាម​រយៈ​ការ​គ្រប់​គ្រង​អារម្មណ៍​ប្រកប​ដោយ​ ភាព​ស្ងប់​ស្ងាត់​និង​វិន័យ​ខ្ពស់​បំផុត​។ សមាធិ គឺ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កាត់​បន្ថ​យ​ការ​តាន​តឹង​ ចិត្ត​ដែល​មាន​ចំណាស់​ជា​យូរ​យា​ណាស់​មក​ហើយ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​នៃ​ទ្វី​ប​អាស៊ី​។​
នៅ​ក្នុង​ការ​អនុវត្ត​លំហាត់​សមាធិ​បែប​ បុរាណ យើង​អាច​ប្រើ​ប្រាស់​ឥរិយា​បទ​អង្គុយ​ពែន​ភ្នែន​ឲ្យ​ត្រង់​ខ្លួន​ ដោយ​ដាក់​ជើង​ស្តាំ​ត្រួត​លើ​ជើង​ឆ្វេង ដោយ​បាត​ដៃ​ស្តាំ​ត្រូត​លើបាត​ដៃ​ឆ្វេង​ ហើយ​មេ​ដៃ​ទាំង​ពី​រ​ដាក់​ទល់​គ្នា (​ស្ទើរ​ប៉ះ ស្ទើរ​មិន​ប៉ះ​) ។ ចំ​ពោះ​ការ​អង្គុយ​បែប​នេះ ត្រូវ​មាន​ឥរិយា​បទ​ដែល​សម្រាក​យ៉ាង​ស្រួល​បំផុត​ដោយ​មិន​មាន​ការ​ខំ​ប្រឹង​ ឡើយ។ ចំ​ពោះ​អ្នក​ដែល​ពុំ​ស្ទាត់​ជំនាញ​ក្នុង​ការ​អង្គុយ​បែ​ប​នេះ អាច​អង្គុយ​សំយុង​ជើង​លើ​កៅ​អី ដោយ​ដាក់​ដៃទាំង​ពីរ​លើ​ភ្លៅ​ដូច​អធិប្បាយ​ខាង​ដើម ឬ​ប្រើ​ប្រាស់​ឥរិយា​បទ​ផ្សេង​ៗ​ទៀត​ដែល​យើង​យល់​ថា​ ធ្វើ​ឲ្យ​រាង​ការយ​របស់​យើង​ឋិត​ក្នុង​ស្ថាន​ភាព​សម្រួល​ឥរិយា​បទ​ណា​មួយ​ ឲ្យ​បាន​សម្រាក​យ៉ាង​ស្រួល​បំផុត​ហើយ​ពុំ​តឹង​តែង​ចំ​ពោះ​ខ្លួន​យើង។
បន្ទាប់​ពី​អង្គុយ​សម្រួល​ឥរិយា​បទ​បាន​ ស្រួល​ហើយ​យើង​អាច​បិទ​ភ្នែក​ប្រមូល​ផ្តុំ​អារម្មណ៍​សមាធិ​ទៅ​លើ​ខ្យល់​ដក​ ដង្ហើម​ចេញ​ និងចូល​ តាម​ដំណើរ​ខ្យល់​ដង្ហើម​ជា​ធម្មតា ក្នុង​នោះ​ត្រូវ​តាំងអារម្មណ៍​ឲ្យ​ដឹង​ថា ខ្លួន​យើង​ដក​ដង្ហើម​ចូល​(​ដឹង) និង​ដក​ដង្ហើម​ចេញ​(ដឹង​)​ ដោយ​រក្សា​អារម្មណ៍​កុំ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ការ​ដក​ដង្ហើម​ចេញ​ចូល​នោះ ឬ​ក៏​អនុវត្ត​ដូច​គ្នា​នេះដែរ ក៏​ប៉ុន្តែ​បើ​ក​ភ្នែក​ព្រឹម​ៗ​សម្លឹង​ចុះ​ស្រប​តាម​ចុង​ច្រមុះ​គួប​ផ្សំ​ នឹង​ការ​ដក​ដង្ហើម​។
​បច្វុប្បន្ន​នេះ​ អ្នក​ជំនាញ​ការ​ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្ត​បាន​អភិវឌ្ឍរបៀប​សមាធិ ដោយ​ផ្ចង់​អារម្មណ៍​លើ​ខ្យល់​ដក​ដង្ហើម​ចេញ-ចូល​ មួយ​បែប​ទៀត​ដេល​មាន​បី​តំណាក់​កាល​គឺ​៖
១-​ដក​ដង្ហើម​ចូល
២-​ទប់​ដង្ហើម​ (​រក្សា​ខ្យល់​ដក​ដង្ហើម​ក្នុង​សួត​ប្រហែល​បី​វិនាទី)
៣-​ដក​ដង្ហើម​ចេញ​។

វិធីសាស្ត្រ​នេះ​មាន​គុណប្រយោជន៍​មួយ​ចំនួន ​បន្ថែ​មគឺ ធ្វើ​ឲ្យ​អ្នក​សមាធីផ្ចង់​អារម្មណ៍​លើការ​ដក​ដង្ហើម​បាន​ល្អ​ជាង​វិធី​ សាស្ត្រ​បុរាណ​។ ម៉្យាង​ទៀត​អាច​រក្សា​ខ្យល់​ដក​ដង្ហើម​ដែល​ស្រូប​ចូល​ក្នុង​សួត​បាន​រយៈ​ពេល ​យូរ​ធ្វើ​ឲ្យ​ឈាម​អាច​ស្រួប​យក​អុក​ស៊ី​សែន​បានយ៉ាង​ល្អ​ប្រើសើរ​លើស​ពី​ ការ​ដក​ដង្ហើម​ធម្មតា​។
ក្រៅ​ពី​របៀប​សមាធី​ដោយ​ផ្ទង់​អារម្មណ៍​លើ​ ខ្យល់​ដង្ហើម​ចេញ​-ចូល យើង​អាច​ជ្រើ​រើស​វត្ថុ​ផ្សេង​ៗ​ទៀត​នៅ​ជុំ​វិញ​ខ្លួន​យើង​ដើម្បី​ធ្វើ​ជា​ គោល​ក្នុង​ការ​ផ្តោ​អារម្មណ៍​ទៅ​រក​វត្ថុ​នោះ​ដូច​ជា​ ផ្កាឈូក ផ្កា​ផ្សេង​ៗ​ អណ្តាត​ភ្លើង​ទៀន ឬ​ពណ៌​ផ្សេងៗ​ជា​ដើម​។ បន្ទាប់​មក​យើង​ក៏​ចាប់​ផ្តើម​ចម្រើន​សមាធិ​ប្រមូល​ផ្តុំ​អារម្មណ៍​ បើ​ក​ភ្នែក​សម្លឹង​មើល​ទៅវត្ថុ​ដែល​យើង​បាន​កំណត់​នោះ ដោយ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ រីករាយ​ បំភ្លេច​ទុក្ខ​កង្វល់​ និង​រឿង​រ៉ាវ​អវិជ្ជមាន​ទាំងឡាយ​ ហើយ​ក៏​ចាប់​ផ្តើ​ម​គ្រប់​គ្រង​អារម្មណ៍​សមាធិ កុំ​ឲ្យ​បែក​ចេញ​ពី​វត្ថុ​ដែល​យើង​សម្លឹង​នោះ​។ បើ​អារម្មណ៍​របស់​យើង​បែក​ទៅ​គិត​អំ​ពី​អ្វី​ផ្សេង​ទៀត​ យើង​ត្រូវ​ព្យាយាម​ទាញ​អារម្មណ៍​របស់​យើង​មក​កាន់​វត្ថុ​ដែល​យើង​កំពុង​ ផ្តោត​នោះ​វិញ​ដោយ​សន្សឹម​ៗ​ តាម​រយៈ​ការ​ដក​ដង្ហើម​ចេញ​និង​ចូល​មួយ​ដង​យ៉ាង​វែង​ ជា​ការ​រំលឹក​ចិត្ត​ឲ្យ​ងាក​មក​រក​វត្ថុ​ដែល​យើង​កំពុង​ផ្តោត​អារម្មណ៍​ទៅ​ រក​នោះ។
​ការ​ធ្វើ​សមាធិ​បែប​នេះ ត្រូវ​ធ្វើ​នៅ​ពេល​ដូច​គ្នា​ជា​ប្រចាំ​ និង​នៅ​ទី​កន្លែង​ស្ងៀម​ស្ងាត់​គ្មាន​ការ​រំខាន​។ យើង​អាច​ប្រើ​ប្រាស់​ពេល​វេលា​វែង​ ឬ​ខ្លី​ក្នុង​ការ​ធ្វើ​សមាធិ​តាម​តែ​យើង​អាច​ធ្វើ​បាន​ (​៥​នាទី ១០នាទី ២០នាទី ឬ​វែង​ជា​ង​នេះ​)​។​
​ផ្នែក​ទី​២​
ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​

តើ​ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​គឺ​ជា​អ្វី​?

​ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​ គឺ​ជា​វិធី​អប់​រំ​ និង​ទូន្មាន​ចិត្ត​ជា​ប្រចាំ​ឲ្យ​មាន​សុ​ទិដ្ឋិនិយម​ និង​ការ​គិត​ដេល​មាន​ប្រយោជន៍ដល់​ចិត្ត ធ្វើ​ឲ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​យើង​មាន​ភាព​រឹង​មាំ​ អាច​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត​រស់​នៅ​ប្រក​ប​ដោយ​ទស្សន​វិជ្ជមាន​។ ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​គឺ​ជា​ចំ​ណែក​មួយ​យ៉ាង​សំខាន់​នៃ​ការ​ថែ​ ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស​គ្រប់​រូប​ និង​គ្រប់​វ័យ​។
ការ​គិត​ប្រកប​ដោយ​ទស្សន​វិជ្ជមាន​
​ការ​គិត​អាច​បង្កើត​ឡើង​នូវ​សេចក្តី​ ស្រឡាញ់ ទឹក​ចិត្ត​សប្បាយ​រីករាយ​ ការ​គុំំ​គួន ការ​ខូច​ចិត្ត​ ។ល។ នៅ​ពេល​ដែល​យើង​គ្រប់​គ្រង​អារម្មណ៍​របស់​យើង​បាន​ល្អ​ហើយ​ ចិត្ត​យើង​មាន​ភាព​ស្ងប់​ស្ងាត់​ ស្រស់​ស្រាយ ភ្លឺ​ថ្លា និង​សុទិដ្ឋិ​និយម​។ មាន​ពុទ្ធ​ភាសិត​មួយ​ល្បះ​ពោល​ថា «​ចិត្ត​ដែល​គេ​ទូន្មាន ឬ​គ្រប់​គ្រង​បាន​ល្អ​ហើយ រមែង​នាំ​មក​នូវ​សេចក្តី​សុខ​»។​
​ក្នុង​មួយ​ថ្ងៃ​ៗ​ គេ​អាច​ប៉ាន់​ប្រមាណ​ឃើញ​ថា មនុស្ស​ម្នាក់​បាន​ប្រើ​ប្រាស់​ការ​គិត​ប្រមាណ​ពី ៣០.០០០ ទៅ ៥០.០០០ គំនិត​ផ្សេង​ៗ​គ្នា​។ យើង​អាច​ចែក​ការ​គិត​ទាំង​អស់​ជា​បួន​ប្រភេទ​សំខាន់​ៗ​គឺ​៖
១-​ការ​គិត​ឥត​ប្រយោជន៍ៈ គឺ​ជា​ការ​ប្រើ​គំនិត​ដែល​មាន​លក្ខណៈ​ខ្ជះ​ខ្ជាយ​ឥត​ប្រយោជន៍​ពី​រឿង​អតី​ តកាល ឬ​អនាគត​ដែល​ពុំ​ជាក់​លាក់​ រួម​ទាំង​គំនិត​មន្ទិល​សង្ស័យ​ផ្សេង​ៗ​ ដោយ​បង្កើត​អារម្មណ៍​រវើរវាយ​ដែល​មិន​ពិត​ រួម​នឹង​ការ​ព្រួយ​បារម្ភ​អំ​ពី​អ្វី​ដែល​មិន​ចាំបាច់​។
២-​ការ​គិត​ប្រកប​ដោយ​ទស្សនអវិជ្ជមានៈ គឺ​ជា​គំនិតអវិជ្ជមាន​ទាំង​ឡាយ​ដែល​គិត​ឡើង​ហើយ ធ្វើ​ឲ្យ​អន្តរាយ​ដល់​ខ្លួន​ឯង ឬ​អ្នក​ដទៃ​។ ការ​ក្រោធខឹង ការគុំ​គួន ការ​ស្អប់​ខ្ពើម ការ​ថ្នាំង​ថ្នាក់​ចិត្ត គំនិត​ប្រកាន់ ឬ​រើស​អើង​ (​ជាតិសាសន៍ ក្រុម​ ពួក) ការ​ច្រណែន​និន្ទា រួម​នឹង​គំនិត​អវិជ្ជមាន​ផ្សេង​ទៀត គឺ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​កក្រើក​រញ្ជួយ​ ល្អក់​កករគ្មាន​ភាព​សុខ​សាន្ត​ក្នុង​អារម្មណ៍​។
៣-​ការ​គិត​ដែល​មាន​ប្រយោជន៍ៈ ជា​គំនិត​ទាំង​ឡាយ​ណា​ដែល​មាន​ភាព​ ជាក់​លាក់​ ពុំ​ស្រមើ​ស្រ​មៃ ដែល​បង្កើត​បាន​ជា​ផែន​ការ​សម្រាប់​ខ្លួន​ក្នុង​ដំណើរ​ជីវិត​ ដូច​ជាការ​សិក្សា ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជិវិត ការផ្តួច​ផ្តើមគំនិត​ជួយ​ដល់​អ្នក​ដទៃ​ ។ល។
៤-​ការ​គិត​ប្រកប​ដោយ​ទស្សន​វិជ្ជមានៈ គឺ​ជា​គំនិត​ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​ចំពោះ​ខ្លួន​ឯង​ និង​អ្នក​ដទៃ​ ហើយ​បង្កើត​បាន​នូវ​ភាព​ស្ងប់​ស្ងាត់​ក្នុង​អារម្មណ៍​ សុទិដ្ឋិ​និយម ការ​អធ្យាស្រ័យ និង​សេចក្តី​សង្ឃឹម។ ការ​គិត​ប្រកប​ដោយ​ទស្សនវិជ្ជមាន គឺ​ជា​ថាមពល​ដ៏​មហិមា​បង្កើត​ឲ្យ​មាន​កម្លាំង​ចិត្ត​អាច​ឲ្យ​យើង​គ្រប់​គ្រង ​អារម្មណ៍​ បង្កើត​បាន​នូវ​ភាពសប្បាយ​រីករាយ​ក្នុង​ក្នុង​ចិត្ត​ ក្នុង​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ​។

ផល​មិន​ល្អ​នៃ​ការ​គិត​ប្រកប​ដោយទស្សនៈ​អវិជ្ជមាន​

នៅ​ពេល​ដែល​យើង​មាន​គំនិត​អវិជ្ជមាន​នៅ​ក្នុង​អារម្មណ៍ វា​អាច​បង្ក​ឲ្យ​មាន​ផល​អាក្រក់​ជា​ច្រើន​ដល់​សុខ​ភាព​របស់​យើង​ទាំង​ផ្លូវ​ កាយ​និង​ផ្លូវ​ចិត្ត​។ ឧ​ទាហរណ៍​ ពេល​ដែល​យើង​ព្រួយ​បារម្ភ ក្រោធខឹង ច្រណែន ស្អប់​ខ្ពើម គុំ​គួន ជា​ដើម​ អារម្មណ៍​អវិជ្ជមាន​ទាំង​នេះ បង្កើត​ឲ្យ​យើង​មាន​ការ​តាន​តឹង​ចិត្ត​ ធ្វើ​ឲ្យ​សាច់​ដុំ​របស់​យើង​ឡើង​តឹង បេះ​ដូង​ដើរ​ញាប់​ បណ្តាល​ឲ្យ​ដំណើរ​ឈាម​មាន​ចលនា​ប្រែ​ប្រួល​ខុស​ធម្មតា ធ្វើ​ឲ្យ​សម្ពាធ​ឈា​ម​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​លើ​រាង​កាយដូច​ជា ការឈឺក្បាល ឈឺក អស់​កម្លាំងកាយ ថប់​ក្នុង​អារម្មណ៍ពិបាក​ដក​ដង្ហើម ។ល។
ផល​នៃ​ការ​គិត​ប្រកប​ដោយ​ទស្សនវិជ្ជមាន
​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​វិជ្ជមាន ចិត្ត​របស់​យើង​ក៏​ស្ងប់​ស្ងាត់ សាច់​ដុំ​របស់​យើង​សម្រាក​ចុះ ហើយ​ទទួល​បាន​នូវ​អុក​ស៊ី​សែន​គ្រប់​គ្រាន់​ សម្ពាធ​ឈាម​ទាប ហើយ​ប្រការ​សំខាន់​នោះ គឺ​អត្រា​ចង្វាក់​បេះ​ដូង​បាន​ថយ​ចុះ ដែល​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​គាំ​ទ្រ ឲ្យ​រាង​កាយ​យើង​មាន​សុខ​ភាព​ល្អប្រសើរ​។ ទន្ទឹម​នឹង​នេះ​ដែរ ការគិតដោយ​វិជ្ជមាន គឺ​ជា​មធ្យោ​បាយ​មួយ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​ដ៏​មាន​ប្រសិទ្ធិភាព​ បំផុត​។
នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ការ​គិត​ប្រកប​ដោយ​ទស្សនវិជ្ជមាន ធ្វើ​ឲ្យ​យើង​ងាយ​បង្កើត​នូវ​ភាព​យោគ​យល់ និង​ចុះ​សម្រុង​ជា​មួយ​អ្នក​ដទៃ​នៅ​ជុំ​វិញ​ខ្លួន​យើង​ ព្រម​ទាំង​បាន​បង្កើត​ទស្សន​សុទិដ្ឋិ​និយម​ ហើយ​មិន​អស់​សង្ឃឹម​ក្នុង​ការ​រស់​នៅ​។

តើ​ត្រូវ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ និង​បណ្តុះ​ទស្សនវិជ្ជមាន​តាម​របៀប​ណា?

​ការ​កសាង​កម្លាំង​ចិត្តរឹង​មាំ​ និង​ការ​បណ្តុះ​បណ្តាល​ទស្សនវិជ្ជមាន​ឲ្យ​កើត​មាន​ឡើង​ក្នុង​អារម្មណ៍​របស់​ យុវជន​យើង​ មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត ពី​ព្រោះថា យើង​អាច​កាត់​បន្ថយ​ការ​តាន​តឹង​ក្នុង​អារម្មណ៍​ និង​បង្កើត​នូវ​សេចក្តី​សុខ​ក្នុង​ចិត្ត​ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​រឹង​មាំ និង​ល្អ​ប្រសើរ​ជា​ប្រចាំ​។ “​មានសុខ​ភាព​ផ្លូវ​ចិត្ត​ល្អ គ្មាន​ភាព​តាន​តឹង​ចិត្ត គ្មាន​អំ​ពើ​ហិង្សា គ្មាន​ជម្លោះ​គ្រប់​យ៉ាង​។
​ដើម្បី​កសាង​កម្លាំង​ចិត្ត​រឹង​មាំ និង​បណ្តុះ​នូវ​ទស្សនវិជ្ជមាន យុវវ័យ​យើង​គួរ​ខំ​ហ្វឹក​ហាត់​ជា​ប្រចាំ​ និង​គ្រប់​គ្រង​អារម្មណ៍​អវិជ្ជមាន​របស់​យើង​ឲ្យ​បានប្រសើរ​តាម​វិធី​ សាស្ត្រ​មូល​ដ្ឋាន​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​
+ព្យាយាម​កាត់​បន្ថយ​ការ​គិត​ដែល​ពុំ​ចាំ​បាច់និង​គំនិត​អវិជ្ជមាន​ទាំង​ឡាយ ដែល​តែង​តែ​ផុស​ឡើង​ជា​ប្រ​ចាំ​នៅ​ក្នុង​អារម្មណ៍​របស់​យើង​។
+​ហ្វឹក​ហាត់​អប់​រំ​ចិត្ត​ឲ្យ​ស្ងប់​ និង​កសាង​ទស្សនសុទិដ្ឋិ​និយម​តាម​រយៈ​ការ​សិក្សា​កម្រង​ទស្សនៈ​របស់​ព្រះ​ ពុទ្ធ​ដែល​ជា​ទស្សនវិជ្ជា​ដ៏​ល្អ​ប្រសើរ​បំផុត​មាន​ចំណាស់ និង​ជា​ប្រពៃ​ណី​ដ៏​យូរ​លង់​ណាស់​មក​ហើយ​នៅ​ប្រទេស​កម្ពុជា​យើង​ក្នុង​វិស័យ ​អប់​រំ​សីល​ធម៌ ចរិយាធម៌ និង​ការ​អប់រំចិត្ត​ឲ្យ​មាន​អារម្មណ៍សន្តិ​ភាព​។
+​ការ​បណ្តុះ​ភាព​រឹង​មាំ​ក្នុង​ចិត្ត​ ដើម្បី​បង្កើន​ការ​ជឿទុក​ចិត្ត​ចំពោះ​ខ្លួន​ឯង និង​ឲ្យ​តម្លៃ​ខ្ពស់​ ក៏​ដូច​ជាការ​គោរព​ខ្លួន​ឯង​ផ្ទាល់​ (​គឺ​មិន​ធ្វើ​ការ​វាយ​តម្លៃ​ទាប​ចំពោះ​ខ្លួន​ឯង​)​។
+​ហ្វឹក​ហាត់​ជាប្រចាំ​នូវ​វិធី​សាស្ត្រ​សម្រាក​កាយ​-ចិត្ត​ និង​របៀប​ធ្វើ​សមាធិ គួប​ផ្សំ​នឹង​ការ​ហាត់​ប្រាណ​ ការ​លេង​កី​ឡា​ផ្សេង​ៗ ដែល​ជា​មូល​ដ្ឋាន​នៃ​ការ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​។ ត្រូវ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​សកម្មភាព​ទាំងនេះ​ ក្លាយ​ជា​ទម្លាប់​ធម្មតាក្នុង​ជិវិត​ប្រចាំ​ថ្ងៃ​របស់​យើង​។ ហេតុ​ផល​សំខាន់​គឺ បើ​យើង​ពុំចេះ​វិធី​សាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​ដែល​ កើត​ឡើង​ជា​ប្រចាំ​ចំពោះ​ខ្លួនយើង​​ទេនោះ យើង​ក៏​ពុំ​អាច​បណ្តុះ​គំនិត​សុ​ទិដ្ឋិ​និយម​ ឬ​អារម្មណ៍​វិជ្ជមាន​បាន​ឡើយ​។
ចប់​
———————————
ឯកសារពិគ្រោះ

១.សុខភាព​ផ្លូវ​ចិត្ត​សហគមន៍​កម្ពុជា: Transcultural Psychosocial Organization (TPO) បោះពុម្ពដោយ​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌ ឆ្នាំ១៩៩៧។
២.​គ្រឿង​ញៀន​នៅ​ប្រទេសកម្ពុជា: បោះពុម្ព​ដោយ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​គ្រប់​គ្រង​គ្រឿង​ញៀន​និង​បង្ក្រាប​បទ​ឧ​ក្រិដ្ឋមជ្ឈ​មណ្ឌល​ ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ភិច ការិយាល័យ​ទំនាក់​ទំនង​នៅ​កម្ពុជា ឆ្នាំ​២០០១ រួម​នឹង​ឯកសារ​ពាក់​ព័ន្ធ​ផ្សេង​ៗ​។
៣. POSITIVE OF THINKING: រៀប​រៀង​ដោយ​លោក​ស្រី Trish Summerfield បុគ្គលិក​អង្គការ​ Living VAlue Education. www.livingvalues.net
៤. សាសនសុភាសិត : បោះពុម្ព​ឡើង​វិញ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ ឆ្នាំ ១៩៩៤។
គណៈ​​កម្មការ​​អភិវឌ្ឍ​សៀវ​ភៅ​អប់រំ​យុវជន​ក្នុង​​វិស័យ​​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្ត​
១-​លោក​ស្រី​វេជ្ជ​បណ្ឌិត ឱក វណ្ណកា តំណាង​អនុគណៈ​កម្មការ​សុខភាព​ផ្លូវ​ចិត្ត​ ក្រសួង​សុខាភិបាល​
២-​លោកវេជ្ជបណ្ឌិត ជី វុទ្ធី ប្រធាន​ក្រុម​ការ​ងារ​គ្លីនិច​សុខ​ភាព​ផ្លូវ​ចិត្ត​ អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌​/TPO
៣-​លោក​ស្រី ទេព​ ឆព័ណ្ណ មន្ត្រី​នាយកដ្ឋាន​ថែ​ទាំ​សុខ​ភាព​ជនបទ ក្រសួង​អភិវឌ្ឍ​ន៍​ជនបទ
៤-​កញ្ញា ភោគ សុធារ៉ា មន្ត្រី​នាយ​កដ្ឋាន​សុខមាល​ភាព​កុមារ ក្រសួង​សង្គមកិច្ច និង​ការងារបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​នីតិ​សម្បទា
៥-​លោកស្រី ធឹម លន់ មន្ត្រី​នាយកដ្ឋាន​សុខភាព​សិក្សា ក្រសួងអប់​រំ​យុវជន​ និង​កីឡា​
៦-​លោក​ ហួន​ សារឿន មន្ត្រី​នាយក​ដ្ឋាន​ស្រាវ​ជ្រាវគរុកោសល្យ ក្រសួង​អប់​រំ យុវជន និងកីឡា​
៧-​លោក នូ​ មុនី​សេដ្ឋា មន្ត្រី​នាយក​ដ្ឋានមធ្យម​សិក្សា​ចំណេះ​ទូ​ទៅ​ ក្រសួង​អប់​រំ​យុវជន​ និង​កីឡា​
៨-​លោក ឆែ​ លឹម​សឿន មន្ត្រី​នាយក​ដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ ក្រសួង​អប់រំ យុវជន និងកីឡា
៩-​លោក ថី ចន្ទោ អ្នក​សម្រប​សម្រួល​កម្មវិធី ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​កុមារ​ក្នុង​សហគមន៍​
១០-​លោក ឡុង បូរ៉ុម ជំនួយ​ការ​កម្មវិធី ថែ​ទាំង​សុខភាព​ផ្លូវ​ចិត្ត​កុមារ​ក្នុង​សហគមន៍​, សមាគម​រញ្ជន​ពុទ្ធិ​ពោ​ធន​មិត្ត/CamboKids
១១-​លោក វ៉ែន សុន អ្នក​សម្រប​សម្រួល​ផ្នែក​អភិវឌ្ឍន៍​សៀវភៅ​សម្រាប់​បណ្ណាល័យ​កុមារ​ក្នុង​សហគមន៍​, សមាគម​រញ្ជន​ពុទ្ធិ​ពោ​ធន​មិត្ត/CamboKids​

យុវជន និង​ការ​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្ត​
បោះ​ពុម្ព​ផ្សាយ​ដោយ​នាក​ដ្ឋាន​ថែ​ទាំ​សុខ​ភាព​ជន​បទ ក្រសួង​អភិវឌ្ឍន៍​ជន​បទ រួម​សហការ​ជា​មួយ​នឹងៈ
សមាគមរញ្ជនពុទ្ធិបពោធនមិត្ត/CamboKids
អាសយដ្ឋានៈ # ​៤៥ . ផ្លូវ​លេខ​ ២០៦ . សង្កាត់​​ផ្សារ​ដើម​គរ​ . ខ័ណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំ​ពេញ
ទូរស័ព្ទ​លេខៈ (៨៥៥) ២៣ ៨៨២ ៥៧៥
Email: cambokids@online.com.kh
Web Page: www.bigpond.com.kh/Cambokids

អត្ថន័យ​លើ​ក្រប​សៀវភៅៈ
១-ពណ៌​បៃ​តងជា​តំណាង​ទឹក​ចិត្ត​ស្រស់​ថ្លា

២-រូប​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ គង់​ធ្វើ​សមាធិក្នុង​ឥរិយាបថ​អង្គុយពែន​ភ្នែន​បែបវិរាសនៈ ជា​និមិត្តរូប​នៃ​ទឹក​ចិត្ត​ស្ងប់​ស្ងាត់​ ប្រកប​ដោយ​អារម្មណ៍​ជ្រះ​ថ្លា និង​ទស្សន​សុទិដ្ឋិនិយម ជា​គោល​ការណ៍​នៃ​ការ​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្ត​ ដែល​មានចំណាស់​យូរ​លង់​មក​ហើយ​ក្នុង​សង្គម​និង​វប្បធម៌​ខ្មែរ។

ផ្នែក​ទី​២
ការ​ធ្លាក់​ទឹក​ចិត្ត និង​ ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​

តើ​ការ​ធ្លាក់​ទឹក​ចិត្ត​ និង ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​គឺ​ជា​អ្វី? ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​ គឺ​ជា​ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍​ដែល​នាំ​ឲ្យ​មាន​ភាព​ក្រៀម​ក្រំ បាត់​បង់​ភាព​សប្បាយ​រីករាយ​ និង​បាត់​បង់​ចំណាប់​អារម្មណ៍ទៅ​លើ​អ្វី​ៗ​ជុំ​វិញ​ខ្លួន​។
បុព្វហេតុ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​និង​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​
មនុស្ស​យើង​អាច​កើត​មាន​ការ​ធ្លាក់​ទឹក​ ចិត្ត​ នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ផ្សេងៗ​ ដូច​ជា​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់​ បាត់​បង់​កិត្តិយស​ កេរ្តិ៍​ឈ្មោះ​ បាត់​បង់​ការងារ​ ទ្រព្យ​សម្បត្តិ​ ឬ​ទទួល​បរាជ័យ​ក្នុង​ជិវិត។ មូល​ហេតុ​ផ្សេង​ទៀត​នៃ​ធម្ងឺ​ធ្លាក់​ទឹក​ចិត្ត​ អាច​បណ្តាល​មក​ពី​បុគ្គល​នោះ​ ឆ្លង​កាត់​ព្រឹត្តិការណ៍​គួរ​ឲ្យ​អាម៉ាស់​ណា​មួយ​ដូច​ជា ការ​មាន​ផ្ទៃ​ពោះ​ខុស​ប្រពៃ​ណី​ ការ​បែក​បាក់​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​ ឬ​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ការ​ងារ​ ។ល។​
ចំពោះ​យុវជន​ គេ​អាច​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ ដែល​អាច​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​ក្នុង​កម្រិត​ស្រាល​ ឬ​អាច​នឹង​ទទួល​រង​នូវ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ធ្ងន់​ធ្ងរ​ដូច​ជា​ ករណី​ធ្លាប់​រៀន​ពូ​កែ​ហើយ​បែ​រ​ជា​ចាញ់​គេ​ក្នុង​គ្រា​ណា​មួយ​ ពេល​ដឹង​ថា​ប្រឡង​ធ្លាក់​ ពុំ​មាន​លទ្ធ​ភាព​បន្ត​ការ​សិក្សា​វែង​ឆ្ងាយ​បាន​ អត់​ការ​ងារ​ធ្វើ គូ​ស្នេហ៍​បែក​ចិត្ត​ ជ្រុល​ជ្រួស​ក្នុង​រឿង​ស្នេហា​រហូត​មាន​ផ្ទៃ​ពោះ ពុំ​ទទួល​ការ​ស្រឡាញ់​ពី​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ ទទួល​សេចក្តី​ស្រឡាញ់​ពុំ​ស្មើ​គ្នា​អំ​ពី​អាណា​ព្យាបាល​ ឪ​ពុក​ម្តាយ​បដិសេធ​​រៀប​ការ​នឹង​គូ​ស្នេហ៍​ដែល​ខ្លួន​ស្រឡាញ់​ ទទួល​រង​ការ​ចាប់​រំលោភ​បំ​ពាន​ផ្នែក​ផ្លូវ​ភេទ​ មាន​ជម្ងឺ​រ៉ាំ​រ៉ៃ​ពុំ​អាច​ព្យា​បាល​បាន​ជា​ដើម​។
តាម​ធម្ម​តា​ ប្រតិកម្ម​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​អាច​កើត​មាន​ក្នុង​មួយ​រយៈ​ពេល​ ប៉ុន្តែ​ដោយ​សារ​ការ​តាំង​ចិត្ត និង​ពេល​វេលា​ បុគ្គល​នឹង​មាន​អារម្មណ៍​ល្អ​ជា​ប្រក្រតី​ឡើង​វញ​។​ មនុស្ស​ខ្លះ​អាច​កើត​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​រយៈ​ពេល​យូរ​ (​ច្រើន​ជាង​២​សប្តាហ៍​) ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ជម្ងឺធ្លាក់​ទឹក​ចិត្ត​។
ការ​ស្រាវ​ជ្រាវ​បង្ហាញ​ឲ្យ​ដឹង​ថា​ ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​ កើត​មាន​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​ ដោយ​ហេតុ​ថា​ ស្ត្រី​ត្រូវ​ប្រឈម​មុខ​នឹង​ការ​គ្រប់​គ្រង​កូន​ចៅ ផ្ទះ​សម្បែង​ និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ហើយ​មិន​មាន​ឱ​កាស​បញ្ចេញ​ការ​តាន​តឹង​ចិត្ត​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ ក្នុង​មជ្ឈដ្ឋាន​ដែល​ខ្លួន​រស់​នៅ​។
អាការៈ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត និង ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​
យើង​អាច​សម្គាល់​ឃើញ​ថា អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត​ ឬ​អ្នក​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​ តាម​រយៈ​អាការៈ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖
-​មាន​អារម្មណ៍​ស្រុត​ចុះ​ជា​មួយ​នឹង​ភាព​ក្រៀម​ក្រំ​ សោក​សៅ និង​បង្ហាញ​ភាព​អស់​សង្ឃឹម​​ដោយ​គិត​ថា​ជីវិត​គ្មាន​ន័យ​។
-​ពុំ​ចាប់​អារម្មណ៍​ ឬ​ពុំ​សប្បាយ​រីករាយ​នឹង​អ្វី​ៗ​ដែល​ខ្លួន​ធ្លាប់​ចូល​ចិត្ត​ (​គ្មាន​ភាព​រីករាយ​ក្នុង​ជីវិត​)​​។
-ពុំ​សូវ​ចង​ចាំ​បាន​ល្អ ភ្លាំង​ភ្លេច​ច្រើន​។
-ចូល​ចិត្ត​នៅ​ឯ​កោ ជូន​កាល​ពុំ​សូវ​ចាប់​អារម្មណ៍​ក្នុង​ការ​ថែ​ទាំខ្លួន​ប្រាណ​។
-​ទទួល​ទាន​ដំណេក​ពុំ​សូវ​លក់​ គ្មាន​កំឡាំង​កំហែង​ បរិភោគ​អាហារ​ពុំ​បាន​។
-អសកម្ម​ក្នុង​ការ​សិក្សា​ ឬ​ការ​ងារ​ផ្សេង​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។
*​ករណី​ធ្ងន់​ធ្ងរ​បំផុត ចំពោះ​អ្នក​ជំ​ងឺ​ធ្លាក់​ទឹក​ចិត្ត​ គឺ​គេ​ច្រើន​មាន​អារម្មណ៍​ទុ​ទិដ្ឋិនិយម​ អស់​សង្ឃឹម​ក្នុង​ជីវិត​ ហើយ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​។​

មធ្យោ​បាយ​ដោះ​ស្រាយ​ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​

អ្នក​ធ្លាក់​ទឹក​ចិត្ត​ ជាទូទៅ​តែង​តែ​មាន​គំនិត​ទុ​ទិដ្ឋិ​និយម​ មើល​ទៅ​ជុំ​វិញ​ខ្លួន​ក្នុង​ទស្សនៈ​អវិជ្ជមាន​ មើល​ស្រាល​ខ្លួន​ឯង​ថា​ ជា​អ្នក​ដែល​គ្មាន​សមត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា និង​អស់​សង្ឃឹម​ចំ​ពោះ​អនាគត។ ចំ​ពោះ​អ្នក​ធ្លាក់​ទឹកចិត្ត​កម្រិត​ស្រាល​ គេ​អាច​មាន​លទ្ធភាព​ជួយ​ខ្លួន​ឯង​បាន​ ដោយ​ខិតខំ​សាង​កម្លាំង​ចិត្ត​ឲ្យ​រឹង​មាំ​ប្រកប​ដោយ​ទស្សនៈ​វិជ្ជមាន និងគំនិត​សុ​ទិដ្ឋិ​និយម​​ក្នុង​អនា​គត​ រួម​នឹង​អនុវត្ត​វិធី​ផ្សេងៗ​ទៀត​ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​នេះ​។
ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​កម្រិត​ធ្ងន់​ ធ្ងរ ដែល​អាច​ឈាន​ទៅ​មាន​មាន​ជម្ងឺ​ធ្លាក់​ទឹ​កចិត្ត​ ភាគ​ច្រើន​ជា​មនុស្ស​ដែល​មាន​កម្លាំង​ចិត្ត​ទន់​ខ្សោយ​ក្នុង​ការ​ប្រឈម​មុខ​ ដោះ​ស្រាយ​បញ្ហា​ ។ ដូច​នេះ​ គេត្រូវ​ការ​ឲ្យ​អ្នក​ផង​ទាំង​ឡាយ​នៅ​ជុំ​វិញ​ខ្លួន​គេយល់​ពី​អារម្មណ៍​ និង​បញ្ហា​ដែល​គេ​កំពុង​តែ​មាន​។
អ្នក​ធ្លាក់​ទឹក​ចិត្ត​ និង​អ្នក​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​ ត្រូវ​ការ​យ៉ាង​ខ្លាំង​បំផុត​នូវការ​​​គាំ​ទ្រ​ផ្នែក​ផ្លូវ​ចិត្ត​ និង​ការ​លើក​ទឹក​ចិត្ត​ ឬ​ផ្តល់​កម្លាំង​ចិត្ត​អំ​ពី​គ្រួសារ​ និង​មិត្ត​ភក្តិ​នៅ​ជុំ​វិញ​ខ្លួន​គេ​។
ខាង​ក្រោម​នេះ​ជា​មធ្យោ​បាយ​មួយ​ចំនួន​សម្រាប់​ជួយ​គាំទ្រ​ដល់​អ្នក​ធ្លាក់​ទឹកចិត​ ឬ​អ្នក​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត៖
-​ការ​ផ្តល់​ប្រឹក្សាៈ​ អ្នក​ធ្លាក់​ទឹក​ចិត្ត​ ត្រូវ​ការ​ការ​ពិគ្រោះ​ផ្តល់​យោបល់​ លើ​បញ្ហា​ដែល​គេ​កំពុង​តែ​មាន​។ សមា​ជិក​គ្រួ​សារ ឪ​ពុក​ម្តាយ​ បង​ប្អូន ឬ​មិត្ត​ភក្តិ គប្បី​ជួយ​ផ្តល់​ការ​គាំ​ទ្រ​ផ្លូវ​ចិត្ត​ដោយ​ផ្តល់​គំនិត​យោ​បល់​ល្អ​ៗដល់​ អ្នក​ជម្ងឺ​។ ក្រៅ​ពី​ការ​ផ្តល់​ប្រឹក្សា​ពី​សំណាក់​គ្រួសារ រួម​នឹង​មិត្ត​ភក្តិ​ អ្នក​ឯកទេស​ជំនាញ​ខាង​ផ្តល់​ប្រឹក្សាក៏​អាច​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ​ ឲ្យ​ប្រសើរ​ឡើង​វិញ​ ព្រម​ទាំង​ជួយ​ធ្វើ​ឲ្យ​គេ​ផ្លាស់​ប្តូរ​គំនិត​ និង​អាកប្ប​កិរិយា​អវិជ្ជមាន​ ហើយ​គិត​ចាប់​ធ្វើ​អ្វី​ៗ​ដេល​ល្អ​សារ​ជា​ថ្មី​ និង​ជា​ក្តី​សង្ឃឹម​សម្រាប់​ជិវិត​របស់​គេ​ទៅ​ថ្ងៃ​មុខ។
-​ការ​ព្យា​បាលៈ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ជា​ជំងឺ​ដែល​អាច​ព្យា​បាល​បាន​។ ចំ​ពោះ​ករណី​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ គឺ​ត្រូវ​នាំ​អ្នក​ជម្ងឺ​ទៅ​ពិគ្រោះ និង​ទទួលការ​ពិនិត្យ​ព្យា​បាល​ពី​សំណាក់​គ្រូ​ពេទ្យ​។ ក្រៅ​ពី​ការ​ផ្តល់​ប្រឹក្សា​ គ្រូ​ពេទ្យ​អាច​ព្យាបាល​អ្នក​ជម្ងឺ​ដោយ​ឱ​សថ​កែ​រោគ​ធ្លាក់​ទឹក​ចិត្ត​។
-​គាំ​ទ្រ​ពី​សហគមន៍​ និង​គ្រួសារៈ ឪពុកម្តាយ​ បងប្អុន មិត្ត​ភក្តី​ និង​អ្នក​ស្រុក​ភូមិ គប្បី​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​ ដោយ​ផ្តល់​ការ​គំា​ទ្រ​ដល់​ពួក​គេ​ឲ្យ​បាន​សម​ស្រប​ និង​ទាន់​ពេល​វេលា ជៀស​វាង​ការ​ស្តី​បន្ទោស ឬ​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​ង្នក​មាន​បញ្ហា ដោយ​យើង​គិត​ថា​គេ​បាន​ប្រព្រឹត្ត​កំហុស​ ឬ​ការ​ខុស​ឆ្គង​អ្វី​មួយ​ ដែល​ជា​ភាព​អាម៉ាស់​សម្រាប់​គ្រួសារ​និង​សហគមន៍​ ឬ​ជា​ការ​អាម៉ាស់​សម្រាប់​ខ្លួន​គេ​ផ្ទាល់​។
ក្រុម​គ្រួសារ​គប្បី​ព្យា​បាល​និង​ឃ្លាំ​ មើល​ង្នក​ជំងឺ​ជា​ប្រចាំ​ ព្រោះ​អ្នក​ជំងឺ​អា​ច​គិត​ខុស ហើយ​អាច​ធ្វើ​ទុក្ខ​ទោសចំ​ពោះ​ខ្លួន​ឯង​បាន (​ធ្វើ​អត្តឃាត)​ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី​។ ត្រូវ​យក​វត្ថុ​ ឬ​របស់​ដេល​អាច​បង្ក​គ្រោះ​ថ្នាក់​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ដូ​ចជា​ខ្សែ​ កាំបិត កន្ត្រៃ ឬ​កាំ​ភ្លើង​ជា​ដើម ដើម្បី​បង្ការ​កុំ​ឲ្យ​កេ​សម្លាប់​ខ្លួន។ គប្បី​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​រឿង​រ៉ាវ​របស់​អ្នក​មាន​បញ្ហា​ ផ្លូវ​ចិត្ត​ដោយ​ឲ្យ​គេ​និយាយ​បាន​ហូរ​ហែ​អ​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​គេ​ ធ្លាក់​ទឹក​ចិត្ត​។ លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ជំងឺ​បញ្ចេញ​អារម្មណ៍​សោក​សៅ​របស់​គេ​ ដូច​ជា បើ​នៅ​ពេល​គេ​យំ​ ត្រូវ​ទុក​ឲ្យ​គេ​យំ​ឲ្យ​អស់​ចិត្ត​។ ត្រូវ​ពោល​ពាក្យ​លួង​លោម​ និង​លើក​ទឹក​ចិត្ត​ ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ការ​គោរព​ជឿ​ជាក់​ចំពោះ​ខ្លួន​ឯង​ ដោយ​យល់​ថា ខ្លួន​ជា​មនុស្ស​មាន​តម្លៃ​។