ការរក្សាឧបោសថសីល ឬសីល៨
ការរក្សាឧបោសថសីល ឬសីល៨ មានភាពខុសប្លែកគ្នា ពីការរក្សានិច្ចសីល ឬ សីល៥ ព្រោះការរក្សាឧបោសថសីល ធ្វើឡើងតែ៤ថ្ងៃ (ឬ៤សីល)ក្នុងមួយខែ គឺថ្ងៃ ៨រោច ថ្ងៃ ១៥រោច ថ្ងៃ ៨កើត ថ្ងៃ ១៥កើត ហើយឧបោសថសីលក្នុងថ្ងៃនីមួយៗ រក្សាតែមួយយប់មួយថ្ងៃប៉ុណ្ណោះ។ មានថ្ងៃដទៃទៀតដែលរាប់បញ្ចូលក្នុងថ្ងៃឧបោសថដែរ ប៉ុន្តែសព្វថ្ងៃនេះ ជាទូទៅគឺកំណត់យកតែបួនថ្ងៃ ឬបួនសីលដូចបានរៀបរាប់ខាងលើ ។ ចំណែកឯសីល៥វិញ មិនបានកំណត់កាលឬកំណត់ថ្ងៃដូច្នេះទេ ព្រោះសីល៥ គឺជាសីលដែលត្រូវរក្សាជារៀងរាល់ថ្ងៃ ជានិច្ចនិរន្តរ៍ ដូច្នេះហើយទើបមានវេវចនស័ព្ទមួយទៀតហៅថា និច្ចសីល។
កិច្ចនៃឧបោសថសីល មានការពន្យល់ក្បោះក្បាយនៅក្នុងសៀវភៅ “គិហិបដិបត្តិ” នៅក្នុងទីនេះសូមលើកយកតែគោល និងអង្គនៃសិក្ខាបទមកចែកជូនតែប៉ុណ្ណោះ។ គោលនិងអង្គនៃសិក្ខាបទមួយចំនួនដូចគ្នានឹងសីល៥ដែរ សូមពិនិត្យនឹងសង្កេតតាមសិក្ខាបទនានាដូចខាងក្រោមនេះ ៖
១-បាណាតិបាត វេរមណី វៀរចាកការសម្លាប់សត្វ។
◊ បាណាតិបាត មានអង្គ៥ គឺ៖
១-បាណោ សត្វមានជីវិត
២-បាណសញ្ញិតា សេចក្ដីដឹងថា សត្វមានជីវិត
៣-វធកចិត្ដំ ចិត្ដគិតនឹងសម្លាប់
៤-ឧបក្កមោ ព្យាយាមនឹងសម្លាប់
៥-តេនមរណំ សត្វស្លាប់ដោយការព្យាយាមនោះ
២-អទិន្នាទានា វេរមណី វៀរចាកការកាន់យករបស់ដែលគេមិនបានឲ្យដោយកាយ ឬ ដោយវាចា (វៀរចាកលួចទ្រព្យគេ)។
◊ អទិន្នាទាន មានអង្គ៥ គឺ៖
១-បរបរិគ្គហិតំ ទ្រព្យដែលមានម្ចាស់គេហួងហែងរក្សា។
២-បរបរិគ្គហិតសញ្ញិតា សេចក្ដីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។
៣-ថេយ្យចិត្ដំ ចិត្ដគិតនឹងលួច។
៤-ឧបក្កមោ ព្យាយាមនឹងលួច។
៥-តេនហរណំ លួចបានមកដោយការព្យាយាមនោះ។
៣- អព្រហ្មចរិយា វេរមណី វៀរចាកការសេពនូវមេថុនធម្ម (សេពកាម)។
◊ អព្រហ្មចរិយា មានអង្គ ៤
១ – ភេទនវត្ថុ វត្ថុជាទីទម្លាយនូវសីល គឺទ្វារទាំង ៣០ ចំពោះត្រង់ទ្វារណាមួយ។
២ – សេវនចិត្តំ គិតនឹងសេព។
៣ – តជ្ជោ វាយាមោ ព្យាយាមនឹងសេពនូវមេថុនធម្មនោះ។
៤ – មគ្គេន មគ្គប្បដិបាទនំ ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា។
៤-មុសាវាទា វេរមណី វៀរចាកការពោលពាក្យមិនពិត គឺពាក្យកុហក។
◊ មុសាវាទ មានអង្គ៤ គឺ៖
១-អតថំវត្ថុ វត្ថុមិនពិត។
២-វិសំវាទនចិត្ដំ ចិត្ដគិតនឹងពោលឲ្យខុស។
៣-តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។
៤-បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្ដីនោះ។
៥-សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី វៀរចាកការសេពនូវទឹកស្រវឹងគឺសុរា និងមេរ័យ។
◊ សុរាមេរយៈ មានអង្គ៤ គឺ៖
១-មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្ដីស្រវឹង គឺសុរា និងមេរ័យ។
២-បាតុកម្យតាចិត្ដំ ចិត្ដគិតបម្រុងនឹងផឹក។
៣-តជ្ជោវាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ។
៤-តស្សបានំ បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ។
៦-វិកាលភោជនា វេរមណី វៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
◊ វិកាលភោជន មានអង្គ ៣
១ – វិកាលោ កាលខុស គឺព្រះអាទិត្យជ្រេទៅហើយដរាបទល់អរុណរះ។
២ -យាវកាលិកំ របស់ដែលគួរបរិភោគបានក្នុងកាល គឺតាំងពីអរុណរះឡើងដរាបដល់ថៃ្ងត្រង់។
៣ -អជ្ឈោហរណំ បានលេបចូលទៅក្នុងបំពង់ក។
៧-និច្ចគីតវាទិតវិសូកទស្សនមាលាគន្ធ វិលេបនធារណមណ្ឌនវិភូសនដ្ឋានា វេរមណី វៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលល្បែងដែលជាសត្រូវដល់កុសលធម៌ និងករិយាទ្រទ្រង់និងប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
◊ នច្ចគីតព្រមទាំង មាលារួមជាសិក្ខាបទមួយ មានអង្គ ៦
១-នច្ចគីតាទិ ការលែ្បងមានរាំ និងច្រៀងជាដើម។
២ -កត្តុកម្យតាចិត្តំ គិតបម្រុងនឹងធ្វើ ។
៣ -សុតទស្សនត្ថាយគមនំ ទៅដើម្បីស្តាប់ ឬមើល ហើយបានស្តាប់ឬមើល។
៤ – មាលាទិ វត្ថុសម្រាប់ប្រដាប់កាយមានកម្រងផ្កាជាដើម ។
៥ -ធារណច្ឆន្ទតា សេចក្តីប្រាថ្នា នឹងប្រដាប់តាក់តែង។
៦-តស្ស ធារណំ បានប្រដាប់តាក់តែងនូវវត្ថុសម្រាប់ប្រដាប់កាយមានផ្កាកម្រងជាដើមនោះ។
៨-ឧច្ចាសយនមហាសយនា វេរមណី វៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ។
◊ ឧច្ចាសយន មានអង្គ ៣
១-ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយ ដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ។
២-បរិភោគចិត្តំ គិតនឹងដេក ឬ អង្គុយ។
៣-បរិភោគករណំ បានដេក ឬ អង្គុយ។
កាលបើឧបាសកឧបាសិកា ប្រព្រឹត្តឲ្យកន្លងនូវសិក្ខាបទណាៗ លុះតែព្រមដោយអង្គក្នុងសិក្ខាបទ នោះៗ ទើបបានឈ្មោះថាកន្លង បើមិនទាន់ព្រមដោយអង្គនោះ ក៏មិនបានឈ្មោះថាកន្លងនូវសិក្ខាបទនោះទេ។
សតិ និងសម្បជញ្ញៈ
សតិ សេចក្តីរលឹក
សម្បជញ្ញំ ដឹងខ្លួន
អធិប្បាយ
សតិ ក៏គឺសតិ [ ការរលឹក ] នុ៎ះឯង ។ សម្បជញ្ញៈ គឺ ញាណ ( ការដឹង ) ។
សតិ ពិចារណាគតិទាំងឡាយ នៃធម៌ដែលជាប្រយោជន៍ និងមិនមែនជាប្រយោជន៍ ដឹងថាធម៌ទាំងឡាយមានកាយទុច្ចរិតជាដើមទាំងនេះ ថាមិនមានប្រយោជន៍ រមែងបន្ទោបង់ធម៌ដែលមិនជាប្រយោជន៍ ដឹងថាធម៌មានកាយសុចរិតជាដើមទាំងនេះជាប្រយោជន៍ រមែងផ្គងធម៌ដែលជាប្រយោជន៍ ដូចបរិនាយកកែវរបស់ស្តេចចក្រពត្តិ ដឹងវត្ថុដែលជាប្រយោជន៍ និងវត្ថុដែលមិនមែនជាប្រយោជន៍ វត្ថុដែលជាប្រយោជន៍របស់ស្តេចចក្រពត្តិ រមែងនាំវត្ថុដែលមិនជាប្រយោជន៍ចេញ រមែងបង្អោនចូលមកនូវវត្ថុដែលជាប្រយោជន៍ប៉ុណ្ណោះ ដូច្នោះដែរ ។
ដោយ ហេតុនោះ ព្រះនាគសេនត្ថេរទើបមានថេរដីកានឹងព្រះបាទមិលិន្ទថា បពិត្រមហារាជ បរិនាយកកែវរបស់ស្តេចចក្រពត្តិ រមែងដឹងវត្ថុដែលជាប្រយោជន៍ និងមិនជាប្រយោជន៍ដល់ស្តេចចក្រពត្តិ វត្ថុទាំងនេះ ជាប្រយោជន៍ដល់ព្រះរាជា វត្ថុទាំងនេះ មិនជាប្រយោជន៍ វត្ថុទាំងនេះជាឧបការៈ វត្ថុទាំងនេះ មិនមានឧបការៈ ដូច្នេះ បន្ទាប់ពីនោះមក ក៏នឹងកម្ចាត់វត្ថុដែលមិនជាប្រយោជន៍ រមែងផ្គងវត្ថុដែលជាប្រយោជន៍ យ៉ាងណា សូមថ្វាយព្រះមហារាជ សតិក៏យ៉ាងនោះដូចគ្នានោះឯង កាលកើតឡើង រមែងពិចារណាគតិទាំងឡាយ នៃធម៌ ដែលជាប្រយោជន៍និងមិនជាប្រយោជន៍ថា ធម៌ទាំងនេះជាប្រយោជន៍ ធម៌ទាំងនេះមិនជាប្រយោជន៍ ធម៌ទាំងនេះមានឧបការៈ ធម៌ទាំងនេះមិនមានឧបការៈ ដូច្នេះ បន្ទាប់ពីនោះមក រមែងកម្ចាត់ធម៌ដែលមិនជាប្រយោជន៍ រមែងផ្គងធម៌ដែលជាប្រយោជន៍ ថ្វាយព្រះពរមហារាជ សតិមានការផ្គង ជាលក្ខណៈយ៉ាងនេះឯង ។
ន័យ ម្យ៉ាងទៀត សតិមានការរលឹកជាលក្ខណៈ ( អបិលាបនលក្ខណា ) មានការមិនវង្វេងភ្លេច ជាកិច្ច ( អសម្មោសរសា ) មានការរក្សាអារម្មណ៍ ( ទុកមិនឲ្យចេញពីចិត្ត ) ជាគ្រឿងប្រាកដ ( អារក្ខបច្ចុបដ្ឋានា ) ឬមានការឆ្ពោះមុខទៅកាន់អារម្មណ៍ ជាបច្ចុប្បដ្ឋាន មានការចាំបានដ៏ខ្ជាប់ខ្ជួន ជាបទដ្ឋាន ( ថិរសញ្ញាបទដ្ឋានា ) ឬមានសតិបដ្ឋាន មានកាយានុបស្សនា-សតិបដ្ឋានជាដើម ជាបទដ្ឋាន គប្បីឃើញសតិដូចជាសសរខឿន ព្រោះតាំងនៅមាំ ក្នុងអារម្មណ៍ និងដូចទ្វារបាលចាំរក្សាទ្វារ ព្រោះរក្សាទ្វារទាំងឡាយ មានចក្ខុទ្វារជាដើម ។
ពាក្យពីរោះ និងបដិសណ្ឋារៈ
សាខល្យំ ពាក្យពីរោះ
បដិសន្ថារោ ការទទួលរាក់ទាក់
អធិប្បាយ
ពាក្យថា សាខល្យំ បានដល់ភាពជាអ្នកពោលពាក្យពីរោះ ឱនលំទោន ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមំ សាខល្យំ? យា សា វាចា អណ្ឌកា កក្កសា បរកដុកា បរាភិសជ្ជនី កោធសាមន្តា អសមាធិសំវត្តនិកា, តថារូបិំ វាចំ បហាយ យា សា វាចា នេឡា កណ្ណសុខា បេមនីយា ហទយង្គមា បោរី ពហុជនកន្តា ពហុជនមនាបា, តថារូបឹ វាចំ ភាសិតា ហោតិ ។ យា តត្ថ សណ្ហវាចតា សខិលវាចតា អផរុសវាចតា។ ឥទំ វុច្ចតិ សាខល្យំ បណ្តាធម៌ទាំងនោះ សាខល្យ តើដូចម្តេច? គឺ វាចាពកកន្ទួល វាចា
ពុកស្អុយ វាចាមិនជាទីពេញចិត្តនៃអ្នកដទៃ ជាវាចាដាលវ៉ាលដល់អ្នកដទៃ ជាសម្តីជិតការក្រោធ មិនប្រព្រឹត្តទៅដើម្បីសមាធិ បុគ្គលលះបង់នូវវាចាបែបនោះចេញ ហើយពោលតែវាចាណាដែលគ្មានទោស ជាវាចាសុខដល់ត្រចៀក វាចាជាទីស្រឡាញ់ ជាទីពេញចិត្ត ជាវាចានៃអ្នកក្រុង ជាទីត្រេកអរនៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន វាចានោះ លោកហៅថា សាខល្យ” ។
ពាក្យថា បដិសន្ថារោ បានដល់ អាមិសបដិសន្ថារ ( ការទទួលដោយអាមិស ) និងធម្មបដិសន្ថារ ( ការទទួលដោយធម៌ ) ដូចក្រាលតាំងដោយកម្រាល ដោយលក្ខណៈដែលលោកសន្និវាសនេះ មានចន្លោះប្រហោង ២ ( ឆិទ្ទៈ ) គឺ ចន្លោះប្រហោងនៃអាមិស និងចន្លោះប្រហោងនៃធម៌ នោះ នឹងមិនប្រាកដចន្លោះប្រហោងបានឡើយ; សូម្បីក្នុងព្រះអភិធម្មក៏ពោលទុកយ៉ាងនេះថា “តត្ថ កតមោ បដិសន្ថារោ? អាមិសបដិសន្ថារោ ច ធម្មបដិ-សន្ថារោ ច ។ ឥធេកច្ចោ បដិសន្ថារកោ ហោតិ អាមិសបដិសន្ថារេន វា ធម្មបដិសន្ថា-រេន វា ។ អយំ វុច្ចតិ បដិសន្ថារោ បណ្តាធម៌ទាំងនោះ បដិសន្ថារ តើដូចម្តេច? គឺបដិសន្ថារ មាន ២ គឺ បានដល់ អាមិសបដិសន្ថារ ការទទួលរាក់ទាក់ដោយអាមិស ១ ធម្មបដិសន្ថារ ការទទួលរាក់ទាក់ដោយធម៌ ១ បុគ្គលជាអ្នកទទួលរាក់ទាក់ក្នុងលោកនេះ រមែងទទួលរាក់ទាក់ដោយអាមិសខ្លះ ដោយធម៌ខ្លះ នេះហៅថា បដិសន្ថារ” ។
ក្នុង ទីនេះ ការសង្គ្រោះដោយអាមិស ឈ្មោះថា អាមិសបដិសន្ថារ ។ កាលនឹងធ្វើអាមិសបដិ-សន្ថារនោះ ដល់មាតាបិតា ក្មេងវត្ត វេយ្យាវច្ចករ ដល់ព្រះរាជា និងដល់ចោរ មិនគួរនឹងយកតែចំណែកល្អៗ ទុកហើយឲ្យ ( តែចំណែកដែលមិនល្អ ) ទេ ព្រោះកាលកាន់យកមុនហើយ ទើបឲ្យ ( ដូច្នោះ ) ព្រះរាជា និងចោរ រមែងធ្វើសេចក្តីវិនាសខ្លះ ឲ្យដល់នូវការអស់ជីវិតខ្លះ, កាលមិនកាន់យកមុនហើយឲ្យ ព្រះរាជា និងចោររមែងពេញចិត្ត ។ ក្នុងករណីបែបនេះ គួរនឹងលើកយករឿងចោរនាគជាដើម ( ជាឧទាហរណ៍ ) ។ រឿងទាំងនោះ មានសម្តែងក្នុងសមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យ ។ ការតាំងចិត្តសង្គ្រោះដោយធម៌យ៉ាងនេះ គឺ ឲ្យឧទ្ទេស អធិប្បាយព្រះបាលិ ពោលធម្មកថា ឈ្មោះថា ធម្មបដិសន្ថារ ។
( សង្គីតិសុត្តវណ្ណនា )
បទថា អាមិសបដិសន្ថារោ ( ការទទួលរាក់ទាក់ដោយអាមិសៈ ) បានដល់ប្រហោង ( ស្នាមបែកបាក់នៃភាពសាមគ្គី ) របស់ពួកជនដទៃជាមួយនឹងខ្លួន ព្រោះការមិនបានអាមិស រមែងបិទជិតបានដោយប្រការណា ការទទួលរាក់ទាក់ភ្ញៀវដោយអាមិសៈ ដោយប្រការនោះ ។
បទថា ធម្មបដិសន្ថារោ ( ការទទួលរាក់ទាក់ដោយធម៌ ) បានដល់ ចន្លោះប្រហោងរបស់ពួកជនដទៃជាមួយនឹងខ្លួន ព្រោះការមិនបានធម៌ រមែងបិទជិតបានដោយប្រការណា ការទទួលរាក់ទាក់ភ្ញៀវដោយធម៌ដោយប្រការនោះ។
បទថា បដិសន្ថារកោ ហោតិ ( បុគ្គលជាអ្នកទទួលរាក់ទាក់ ) សេចក្តីថា ចន្លោះប្រហោងរបស់លោកសន្និវាស មាន ២ ប៉ុណ្ណោះ បុគ្គលជាអ្នកទទួលរាក់ទាក់ ( អ្នកចុកនូវប្រហោង ) ទាំង ២ នោះ គឺ បុគ្គលជាអ្នកទទួលរាក់ទាក់នោះ រមែងចុកប្រហោង គឺធ្វើជានិច្ច ដោយការបដិសន្ថារទាំង ២ នេះ គឺ ដោយអាមិសបដិសន្ថារ ឬដោយធម្មបដិសន្ថារ ។
អាមិសបដិសន្ថារ និងធម្មបដិសន្ថារ
ពិត មែន ភិក្ខុអ្នកធ្វើបដិសន្ថារ កាលឃើញអាគន្តុកភិក្ខុមក គប្បីក្រោកឡើងទទួលរាក់ទាក់ ទទួលបាត្រចីវរ ប្រគេនអាសនៈ បក់ដោយផ្លិតស្លឹកត្នោត លាងជើង លាបប្រេង កាលមានទឹកដោះថ្លា និងទឹកអំពៅ ក៏គប្បីប្រគេនជាភេសជ្ជៈគប្បីអើពើដោយទឹកផឹក គប្បីចាត់ទីអាស្រ័យដោយអាការយ៉ាងនេះ ឈ្មោះថា អាមិសបដិសន្ថារដែលភិក្ខុធ្វើដោយឯកទេស ។
មួយ ទៀត ក្នុងវេលាល្ងាច កាលភិក្ខុដែលនៅខ្ចីជាង នៅមិនទាន់មកកាន់ទីបម្រើរបស់ខ្លួននុ៎ះឯង គួរទៅកាន់សម្នាក់របស់ភិក្ខុអាគន្តុកៈនោះ គប្បីអង្គុយសួរបញ្ហាក្នុងវិស័យ មិនមែនសួរបញ្ហាដែលហួសអំពីវិស័យរបស់លោក គឺមិនសួរថា ពួកលោករៀននិកាយណា គប្បីសួរថា អាចារ្យ និងឧបជ្ឈាយ៍ របស់លោកជំនាញគម្ពីរណា ដូច្នេះ ហើយសួរបញ្ហាក្នុងឋានៈដែលសមគួរ ។ បើលោកអាចឆ្លើយបាន ការនុ៎ះជាការល្អ ។ បើលោកមិនអាចឆ្លើយបានក៏គប្បីឆ្លើយដោយខ្លួនឯង ដោយអាការយ៉ាងនេះ ឈ្មោះថា ធម្មបដិសន្ថារដែលភិក្ខុធ្វើដោយឯកទេស ។
បើលោក នៅក្នុងសំណាក់របស់ខ្លួន គប្បីនាំលោកទៅបិណ្ឌបាតជានិច្ច បើលោកប្រាថ្នាដើម្បីនឹងទៅ ថ្ងៃស្អែកឡើង ក៏គប្បីនាំលោកទៅក្នុងទិសដែលគួរទៅ ត្រាច់បិណ្ឌបាតក្នុងស្រុកមួយហើយ ក៏គប្បីបញ្ជូនលោកត្រឡប់មកវិញ ។ បើពួកភិក្ខុត្រូវនិមន្តក្នុងទិសដទៃ ក៏គប្បីនាំភិក្ខុនោះ អ្នកប្រាថ្នាទៅផង កាលមិនប្រាថ្នានឹងទៅ ដោយគិតថា ទិសនេះមិនគួរដល់យើង ដូច្នេះ ក៏គប្បីបញ្ជូនពួកភិក្ខុដទៃទៀតឲ្យទៅ ហើយនាំលោកត្រាច់បិណ្ឌបាត អាមិសដែលខ្លួនបានហើយ គប្បីប្រគេនលោក យ៉ាងនេះឈ្មោះថា អាមិសបដិសន្ថារដែលភិក្ខុធ្វើហើយ ។
សំណួរ៖ អាមិសដែលខ្លួនបានហើយ បដិសន្ថារកភិក្ខុ ( ភិក្ខុអ្នកទទួលរាក់ទាក់ ) គប្បីប្រគេនអ្នកណា?
ចម្លើយ៖ គប្បី ប្រគេនភិក្ខុអាគន្តុកៈមុន បើភិក្ខុមានអាពាធ ឬនៅមិនទាន់មានវស្សា ក៏គប្បីប្រគេនដល់ភិក្ខុមានអាពាធជាដើមទាំងនោះ គប្បីប្រគេនដល់អាចារ្យ និងឧបជ្ឈាយ៍ គប្បីប្រគេនដល់ភិក្ខុអ្នកចែកភណ្ឌៈ តែភិក្ខុអ្នកបំពេញសារាណីយធម៌ គប្បីប្រគេនដល់ភិក្ខុទាំងឡាយដែលមកហើយៗ សូម្បីមួយរយលើក មួយពាន់លើក ចាប់ផ្តើមអំពីថេរាសនៈទៅ ចំណែកភិក្ខុអ្នកទទួលរាក់ទាក់ គប្បីឲ្យដល់ភិក្ខុដែលនៅមិនទាន់បាន ចេញទៅកាន់ស្រុកហើយឃើញភិក្ខុ ឬភិក្ខុនីដែលជរា ឬគ្មានទីពឹង ក៏គប្បីប្រគេនដល់ពួកលោកទាំងនោះ ។ នេះឈ្មោះថា អាមិសបដិសន្ថារ ។
ក្នុងសេចក្តីនោះ មានរឿងនេះ ជាឧទាហរណ៍៖
បាន ឮថា កាលពួកចោរប្លន់ស្រុក ឈ្មោះថា គុត្តសាលា ក្នុងខណៈនោះ ព្រះខីណាសវត្ថេរីមួយរូប ចេញអំពីនិរោធសមាបត្តិហើយ ឲ្យភិក្ខុនីកាន់យករបស់ទៅកាន់ផ្លូវ ជាមួយនឹងមហាជន ដល់ទ្វារស្រុកនកុលនគរអង្គុយនៅក្បែរគល់ឈើក្នុងវេលាថ្ងៃត្រង់ ក្នុងសម័យនោះ ព្រះមហានាគត្ថេរអ្នកនៅក្នុងវិហារកាឡវល្លិមណ្ឌប ត្រាច់បិណ្ឌបាតក្នុងស្រុកនកុលនគរ ចេញមកវិញ ឃើញព្រះថេរី ទើបសួរអើពើដោយភត្ត ព្រះថេរីឆ្លើយថា ខ្ញុំម្ចាស់ មិនមានបាត្រ ព្រះថេរៈបានឲ្យភត្ត ព្រមទាំងបាត្រថា និមន្តនាងឆាន់ ដោយបាត្រនេះ ។ ព្រះថេរីធ្វើភត្តកិច្ចស្រេចហើយ លាងបាត្រថ្វាយព្រះថេរៈហើយពោលថា លោកម្ចាស់លំបាកដោយភិក្ខាចារ ត្រឹមតែមួយថ្ងៃនេះប៉ុណ្ណោះ ចាប់តាំងអំពីថ្ងៃនេះទៅ ដែលឈ្មោះថា ការលំបាកដោយភិក្ខាចាររបស់លោកម្ចាស់ នឹងមិនកើតឡើងដល់លោកម្ចាស់ទៀតទេ ដូច្នេះ ចាប់តាំងអំពីថ្ងៃនោះ ដែលឈ្មោះថា បិណ្ឌបាតមានតម្លៃជាងមួយកហាបណៈ មិនបានកើតឡើងដល់ព្រះថេរៈឡើយ ( មានតែបិណ្ឌបាតដែលមានតម្លៃថ្លៃប៉ុណ្ណោះ ដែលកើតឡើង ) ដល់លោក នេះឈ្មោះថា អាមិសបដិសន្ថារ ។
ភិក្ខុ អ្នកធ្វើបដិសន្ថារនេះ គួរតាំងនៅក្នុងផ្នែកសង្គ្រោះប្រាប់កម្មដ្ឋាន ដល់ភិក្ខុនោះ គប្បីប្រាប់ធម៌ គប្បីកម្ចាត់សេចក្តីសង្ស័យ គប្បីធ្វើករណីយកិច្ចដែលកើតឡើង គប្បីឲ្យអព្ភាន វុដ្ឋាន មានត្ត និងបរិវាស អ្នកដែលគួរបព្វជ្ជា ក៏គប្បីឲ្យបព្វជ្ជា អ្នកដែលគួរឧបសម្បទ ក៏គប្បីឲ្យឧបសម្បទ ។ ការធ្វើកម្មវាចា សូម្បីដល់ភិក្ខុនីដែលប្រាថ្នាឧបសម្បទ ក្នុងសំណាក់របស់ខ្លួនក៏គួរ នេះឈ្មោះថា ធម្មបដិសន្ថារ ។
អានិសង្សនៃបដិសន្ថារ
ភិក្ខុ អ្នកធ្វើបដិសន្ថារទាំង ២ នេះ រមែងញ៉ាំងលាភ ដែលនៅមិនទាន់កើតឡើងឲ្យកើតឡើងបាន រមែងធ្វើបានដែលកើតឡើងហើយ ឲ្យរឹងរឹតតែមាំទាំឡើង រមែងរក្សាជីវិតរបស់ខ្លួន ក្នុងឋានៈដែលតានតឹង ( គឺប្រកបដោយភ័យដ៏កាចសាហាវ ) បាន ដូចព្រះថេរៈ ( ដែលឋិតនៅក្នុងស្ថានការណ៍ដ៏តានតឹង ) យកដៃចាប់បាត្រនុ៎ះឯង កាន់យកភត្តដ៏ប្រសើរ កៀរភត្តក្នុងបាត្រទាំងអស់ ថ្វាយព្រះបាទចោរនាគ ដូច្នោះ ។
ចំណែក ការញ៉ាំងលាភដែលនៅមិនទាន់កើតឡើង ឲ្យកើតឡើង បណ្ឌិតគប្បីសម្តែងដល់រឿងការថ្វាយមហាភេសជ្ជៈ ដែលព្រះបាទមហានាគ យាងគេចអំពីត្រើយអាយទៅកាន់ត្រើយនាយ ហើយបានទទួលការអនុគ្រោះ ក្នុងសំណាក់របស់ព្រះថេរៈមួយរូប បានត្រឡប់មកតាំងនៅ ក្នុងរាជសម្បត្តិទៀត ទ្រង់ឲ្យប្រព្រឹត្តទៅក្នុងទីលានសេតម្ពវិហារ អស់មួយជីវិតរបស់ទ្រង់ ។ ក្នុងការធ្វើលាភដែលកើតឡើងហើយ ឲ្យរឹងរឹតតែមាំទាំឡើង គប្បីសម្តែងរឿងដែលពួកចោរ ទទួលបដិសន្ថារអំពីដៃ របស់ព្រះទីឃភាណកអភយត្ថេរហើយ មិនប្លន់ភណ្ឌៈក្នុងចេតិយបព៌ត ។
( អដ្ឋសាលិនី អដ្ឋកថា )
តីណាវុធានិ អាវុធ ៣ យ៉ាង បានដល់
១. សុតាវុធំ អាវុធគឺសុតៈ ( ពុទ្ធវចនៈ )
២. បវិវិវេកាវុធំ អាវុធគឺសេចក្តីស្ងាត់ [ ស្ងាត់កាយ ស្ងាត់ចិត្ត ស្ងាត់ចាកឧបធិ ]
៣. បញ្ញាវុធំ អាវុធគឺបញ្ញា
( បិដកលេខ ១៩ ទំព័រ ១៤២ )
អធិប្បាយ
បទ ថា សុតាវុធំ បានដល់ អាវុធ គឺ សុតៈ ។ អាវុធ គឺ សុតៈនោះ ដោយអត្ថបានដល់ ព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដក ។ ព្រោះថា ភិក្ខុអាស្រ័យអាវុធនោះ គឺ អាស្រ័យអាវុធ ៥ ប្រការ រមែងជាអ្នកមិនញាប់ញ័រ ឆ្លងសំសារកន្តារបាន ដូចទាហានដ៏ហានក្លា មិនញាប់ញ័រឆ្លងមហាកន្តារបាន ដូច្នោះ ។ ព្រោះហេតុនោះឯង ព្រះដ៏មានព្រះភាគទើបត្រាស់ថា
សុតាវុធោ, ភិក្ខវេ, អរិយសាវកោ អកុសលំ បជហតិ, កុសលំ ភាវេតិ, សាវជ្ជំ បជហតិ, អនវជ្ជំ ភាវេតិ, សុទ្ធមត្តានំ បរិហរតិ ។
“ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលមានសុតៈជាអាវុធ រមែងលះបង់នូវអកុសល ញ៉ាំងកុសលឲ្យចម្រើនឡើង លះបង់ធម៌ដែលមានទោស ចម្រើនធម៌ដែលមិនមានទោស រក្សាខ្លួនឲ្យបរិសុទ្ធ” ។
បទ ថា បវិវេកាវុធំ សេចក្តីថា អាវុធ គឺ វិវេក ទាំង ៣ ប្រការនេះគឺ កាយវិវេក ចិត្តវិវេក ឧបធិវិវេក ។ វិវេកទាំង ៣ ប្រការនោះ មានការធ្វើផ្សេងៗ គ្នា ។ កាយវិវេក សម្រាប់បុគ្គលដែលមានកាយគេចចេញទៅ ត្រេកអរក្នុងនេក្ខម្មៈ ចិត្តវិវេកសម្រាប់បុគ្គលអ្នកមានចិត្តបរិសុទ្ធ ដល់នូវសេចក្តីបរិសុទ្ធជាទីបំផុត ឧបធិវិវេកសម្រាប់បុគ្គលដែលមិនមានឧបធិ ដល់នូវវិសង្ខារ ( គឺព្រះនិព្វាន ) ។ ក៏បុគ្គលអ្នកត្រេកអរក្នុងវិវេកទាំង ៣ យ៉ាងនេះ រមែងមិនខ្លាចក្នុងទីណាមួយឡើយ ព្រោះហេតុនោះ វិវេកនេះក៏ហៅថា អាវុធ ព្រោះអត្ថថា ជាទីពឹងអាស្រ័យ ។
អាវុធ គឺបញ្ញា ដែលជាលោកិយ និងលោកុត្តរ ចាត់ជាអាវុធ គឺបញ្ញា ។ ព្រោះថា បុគ្គលអ្នកមានអាវុធ គឺ បញ្ញានោះ រមែងមិនខ្លាចក្នុងទីណាមួយឡើយ ទាំងអ្នកដទៃក៏មិនខ្លាចចំពោះបុគ្គលនោះ ព្រោះហេតុនោះ សូម្បីបញ្ញានោះក៏ហៅថា អាវុធ ព្រោះអត្ថថា ជាទីពឹងអាស្រ័យ [ អវស្សយដ្ឋេនេវ អាវុធំ ] ។
តយោ ថេរា ភិក្ខុចាស់ មាន ៣ ពួក
១. ជាតិត្ថេរោ ចាស់ដោយជាតិ
២. ធម្មត្ថេរោ ចាស់ដោយធម៌
៣. សម្មតិត្ថេរោ ចាស់ដោយការសន្មតិ
( បិដកលេខ ១៩ ទំព័រ ១៤០ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងថេរត្តិកៈតទៅ៖
លោក ជាអ្នកធំ ( ចាស់ ) ដោយជាតិ ឈ្មោះថា គិហិជាតិត្ថេរ ។ លោកអ្នកដែលប្រកបដោយធម៌មួយ ឬច្រើន ក្នុងចំណោមធម៌ទាំងឡាយ ដែលលោកពោលទុកយ៉ាងនេះថា “ចត្តារោមេ, ភិក្ខវេ, ថេរករណា ធម្មា។ ឥធ, ភិក្ខវេ, ថេរោ សីលវា ហោតិ, ពហុស្សុតោ ហោតិ, ចតុន្នំ ឈានានំ លាភី ហោតិ, អាសវានំ ខយា ពហុស្សុតោ ហោតិ, ចតុន្នំ ឈានានំ លាភី ហោតិ, អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា ឧបសម្បជ្ជ វិហរតិ។ ឥមេ ខោ, ភិក្ខវេ, ចត្តារោ ថេរករណា ធម្មា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលធ្វើឲ្យជាថេរៈ មាន ៤ ប្រការនេះ គឺ ព្រះថេរៈក្នុងសាសនានេះ ជាអ្នកមានសីល ជាពហូសូត បានឈាន ៤ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដល់នូវភាពជាអ្នកមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ត្រាស់ដឹងដោយខ្លួនឯង ព្រោះឃើញច្បាស់នូវធម៌ ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលធ្វើឲ្យជាថេរៈមាន ៤ ប្រការនេះឯង” ដូច្នេះ ឈ្មោះថា ធម្មត្ថេរ ។ លោកដ៏មានអាយុ ឈ្មោះថា ថេរៈយ៉ាងនេះ គឺ ភិក្ខុអង្គណាមួយ ដែលឈ្មោះថា ព្រះថេរៈក្តី ជនទាំងឡាយឃើញអ្នកបួសដូចសាមណេរជាដើមដែលបួសក្នុងវេលាដែលមាន អាយុច្រើនហើយ នាំគ្នាហៅថា ព្រះថេរៈ ព្រះថេរៈ ក្តី នេះឈ្មោះថា សម្មតិត្ថេរ ។
អំពើដែលព្រះតថាគត មិនចាំបាច់រក្សា ឬរវាំង ៣
តីណិ តថាគតស្ស អរក្ខេយ្យានិ អំពើដែលព្រះតថាគត មិនចាំបាច់រក្សា ឬរវាំង មាន ៣ យ៉ាង គឺ៖
១. បរិសុទ្ធកាយសមាចារោ អាវុសោ តថាគតោ នត្ថិ តថាគតស្ស កាយទុច្ចរិតំ យំ តថាគតោ រក្ខេយ្យ មា មេ ឥទំ បរោ អញ្ញាសីតិ ម្នាលអាវុសោទាំង ឡាយ ព្រះតថាគតមានកាយសមាចារបរិសុទ្ធ ព្រះតថាគត គប្បីរក្សានូវកាយទុច្ចរិតណាថា អ្នកដទៃកុំបីដឹងនូវកាយទុច្ចរិតរបស់អញនេះ កាយទុច្ចរិតនោះមិនមានដល់ព្រះតថាគតឡើយ
២. បរិសុទ្ធវចីសមាចារោ អាវុសោ តថាគតោ នត្ថិ តថាគតស្ស វចីទុច្ចរិតំ យំ តថាគតោ រក្ខេយ្យ មា មេ ឥទំ បរោ អញ្ញាសីតិ ម្នាល អាវុសោទាំងឡាយ ព្រះតថាគតមានវចីសមាចារបរិសុទ្ធ ព្រះតថាគតគប្បីរក្សានូវវចីទុច្ចរិតណាថា អ្នកដទៃកុំបីដឹងនូវវចីទុច្ចរិតរបស់អញនេះ វចីទុច្ចរិតនោះ មិនមានដល់ព្រះតថាគតឡើយ
៣. បរិសុទ្ធមនោសមាចារោ អាវុសោ តថាគតោ នត្ថិ តថាគតស្ស មនោទុច្ចរិតំ យំ តថាគតោ រក្ខេយ្យ មា មេ ឥទំ បរោ អញ្ញាសីតិ ម្នាលអាវុសោទាំង ឡាយ ព្រះតថាគតមានមនោសមាចារបរិសុទ្ធ ព្រះតថាគតគប្បីរក្សានូវមនោទុច្ចរិតណាថា អ្នកដទៃកុំបីដឹងនូវមនោទុច្ចរិតរបស់អញនេះ មនោទុច្ចរិតនោះ មិនមានដល់ព្រះតថាគតឡើយ
( បិដកលេខ ១៩ ទំព័រ ១៣៨-៩ )
អធិប្បាយ
ពាក្យថា អរក្ខេយ្យានិ ប្រែថា មិនចាំបាច់រក្សា ។ លោកសម្តែងន័យថា មិនមានកិច្ចដែលនឹងចាំបាច់ត្រូវរក្សាទ្វារនីមួយៗ ក្នុងចំណោមទ្វារទាំង ៣, គ្រប់ទ្វារទាំងអស់រក្សាទុកល្អហើយដោយសតិតែម្យ៉ាង ។ ពាក្យថា បដិច្ឆាទេមិ សេចក្តីថា កាយទុច្ចរិតនេះកើតឡើងព្រោះការមិនរវាំងរបស់តថាគត, តថាគតនឹងរក្សាមិនឲ្យអ្នកដទៃដឹង ។ ពាក្យថា នត្ថិ តថាគតស្ស សេចក្តីថា កាយទុច្ចរិតដែលនឹងត្រូវរក្សាយ៉ាងនោះ មិនមានដល់ព្រះតថាគត ។ សូម្បីក្នុងចំណែកដ៏សេស [ គឺវចីទុច្ចរិតជាដើម ] ក៏មានន័យនេះដូចគ្នា ។
សួរថា ព្រះខីណាស្រព មានកាយសមាចារជាដើម មិនបរិសុទ្ធទេឬ?
ឆ្លើយថា មិន មែនមិនបរិសុទ្ធទេ តែថាបរិសុទ្ធមិនស្មើនឹងព្រះតថាគត ។ ព្រះខីណាស្រពដែលមានការសិក្សាមកតិច រមែងមិនត្រូវអាបត្តិដែលជាលោកវជ្ជៈ ក៏ពិតមែន, តែព្រោះមិនឈ្លាសក្នុងពុទ្ធប្បញ្ញត្តិ ក៏រមែងត្រូវអាបត្តិក្នុងកាយទ្វារ ដូចជាការធ្វើវិហារ ធ្វើកុដិ ( ហួសប្រមាណ ខុសនឹងពុទ្ធប្បញ្ញត្តិ ) រមែងនៅរួមដេករួម ( នឹងអនុបសម្បន្នជាដើម ) ។ រមែងត្រូវអាបត្តិក្នុងវចីទ្វារ ដូចជាការធ្វើជាមេអណ្តើក ពោលធម៌ដោយបទ សម្តែងធម៌ឲ្យលើសពី ៥-៦ មាត់ ( ដល់មាតុគ្រាម ) ពោលអួតឧត្តរិមនុស្សធម្មដែលមានពិត ( ជាដើម ) ។ រមែងត្រូវអាបត្តិព្រោះទទួលមាស និងប្រាក់ តាមមនោទ្វារដោយអំណាចសេចក្តីត្រេកអរក្នុងមាស និងប្រាក់ដែលគេរក្សាទុកដើម្បីខ្លួន ។ សូម្បីព្រះខីណាស្រព ប្រហែលព្រះធម្មសេនាបតីសារីបុត្តក៏នៅកើតមនោទុច្ចរិតឡើងបាន ដោយអំណាចការត្រិះរិះ ក្នុងមនោទ្វារ ។
កាល សាក្យបាតុមេយ្យកៈ សូមខមាទោសព្រះមានព្រះភាគដើម្បីប្រយោជន៍ដល់ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ក្នុងគ្រាដែលទ្រង់បណ្តេញព្រះថេរៈទាំងពីររូបនោះព្រមទាំងភិក្ខុ ប្រមាណ ៥០០ រូប ក្នុងរឿងបាតុមៈ ព្រះថេរៈ ដែលព្រះដ៏មានព្រះភាគត្រាស់សួរថា “ម្នាលសារីបុត្ត តើអ្នកគិតដូចម្តេច កាលភិក្ខុសង្ឃត្រូវតថាគតបណ្តេញហើយ” ។ ដូច្នេះ ក៏កើតគំនិតនេះឡើងមកថា “អញត្រូវព្រះសាស្តាបណ្តេញ ព្រោះមិនឈ្លាសក្នុងរឿងបរិស័ទ, ចាប់តាំងពីឥឡូវនេះទៅ អញនឹងមិនប្រៀនប្រដៅជនដទៃទៀតទេ” ទើបបានក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះយ៉ាងនេះថា “ភិក្ខុសង្ឃដែលព្រះដ៏មានព្រះភាគបណ្តេញហើយ, ឥឡូវនេះ ព្រះដ៏មានព្រះភាគ ទ្រង់ខ្វល់ខ្វាយតិច ប្រកបទិដ្ឋធម្មសុខវិហារ, សូម្បីពួកយើងទាំងពីររូបក៏នឹងខ្វល់ខ្វាយតិច ប្រកបទិដ្ឋធម្មសុខវិហារដែរ” ។ លំដាប់នោះ ព្រះសាស្តាការនឹងទ្រង់លើកយកកិច្ចដែលគួរតិះដៀល ព្រោះមនោទុច្ចរិតនោះ របស់ព្រះថេរៈ ទើបត្រាស់ថា “កុំឡើយសារីបុត្រ ការគិតយ៉ាងនេះមិនគួរកើតឡើងដល់អ្នកទៀតឡើយ” ។ សូម្បីគ្រាន់តែគំនិតថា “យើងនឹងមិនបង្រៀនជនដទៃ យ៉ាងនេះ” ក៏ឈ្មោះថា ជាមនោទុច្ចរិត របស់ព្រះថេរៈ តែព្រះដ៏មានព្រះភាគ រមែងមិនមានព្រះតម្រិះនោះ ហើយការដែលព្រះដ៏មានព្រះភាគទ្រង់ដល់នូវសព្វញ្ញុតញ្ញាណហើយ នឹងមិនគប្បីមានទុច្ចរិតនោះ មិនមែនជាហេតុគួរឲ្យអស្ចារ្យទេ សូម្បីតែស្ថិតនៅក្នុងភូមិនៃព្រះពោធិសត្វ ទ្រង់ប្រកបសេចក្តីព្យាយាមអស់ ៦ ឆ្នាំ ព្រះអង្គក៏មិនមានទុច្ចរិតឡើយ ។ សូម្បីកាលពួកទេវតាកើតមានសេចក្តីសង្ស័យយ៉ាងនេះថា “ស្បែកពោះជាប់នឹងឆ្អឹងខ្នង ( យ៉ាងនេះ ) ព្រះសមណគោតម ដល់នូវការរលត់សូន្យ ( ហើយទេដឹង )” កាលត្រូវមារមានចិត្តបាប ពោលថា “សិទ្ធត្ថ លោកត្រូវមកលំបាកលំបិនធ្វើអី លោកអាចសោយភោគសម្បត្តិបានផង ធ្វើបុណ្យបានផង” ដូច្នេះ សូម្បីតែគំនិតថា “អញនឹង ( ត្រឡប់ទៅ ) សោយភោគសម្បត្តិ” ក៏មិនបានកើតឡើងឡើយ ។ ក្រោយមក មារក៏ជាប់តាមព្រះមានព្រះភាគកាលដែលនៅជាព្រះពោធិសត្វ អស់រយៈពេល ៦ ឆ្នាំ ក្នុងវេលាដែលបានត្រាស់ដឹងជាព្រះពុទ្ធហើយ មួយឆ្នាំទៀត ក៏មិនបានឃើញទោសណានីមួយឡើយ ទើបពោលសេចក្តីនេះទុក ហើយទើបចៀសចេញ ថា៖
សត្តវស្សានិ ភគវន្តំ អនុពន្ធឹ បទាបទំ
ឱតារំ នាធិគច្ឆិស្សំ សម្ពុទ្ធស្ស សតីមតោ ។
“យើង ជាប់តាមព្រះមានព្រះភាគគ្រប់ជំហាន អស់រយៈកាល ៧ ឆ្នាំ ក៏មិនបានឃើញទោសណានីមួយ របស់ព្រះសម្មាសម្ពុទ្ធ ជាអ្នកមានសតិបរិបូណ៌ឡើយ” ។
ពុទ្ធធម៌ ១៨ ប្រការ
ប្រការមួយទៀត គប្បីជ្រាបការមិនមានទុច្ចរិតរបស់ព្រះមានព្រះភាគ ដោយអំណាចនៃពុទ្ធធម៌ ១៨ ប្រការ ។
អដ្ឋារស ពុទ្ធធម្មា នាម នត្ថិ តថាគតស្ស កាយទុច្ចរិតំ, នត្ថិ វចីទុច្ចរិតំ, នត្ថិ មនោទុច្ចរិតំ, អតីតេ ពុទ្ធស្ស អប្បដិហតញាណំ, អនាគតេ, បច្ចុប្បន្នេ ពុទ្ធស្ស អប្បដិហតញាណំ, សព្វំ កាយកម្មំ ពុទ្ធស្ស ភគវតោ ញាណានុបរិវត្តិ, សព្វំ វចីកម្មំ, សព្វំ មនោកម្មំ ពុទ្ធស្ស ភគវតោ ញាណានុបរិវត្តិ, នត្ថិ ឆន្ទស្ស ហានិ, នត្ថិ វីរិយស្ស ហានិ, នត្ថិ សតិយា ហានិ, នត្ថិ ទវា, នត្ថិ រវា, នត្ថិ ចលិតំ នត្ថិ សហសា, នត្ថិ អព្យាវដោ មនោ, នត្ថិ អកុសលចិត្តន្តិ ។
ពុទ្ធធម៌ ១៨ ប្រការទាំងនោះ គឺ ព្រះតថាគតមិនមានកាយទុច្ចរិត ១ មិនមានវចីទុច្ចរិត ១ មិនមានមនោទុច្ចរិត ១ ពុទ្ធញាណមិនមានអ្វីមករារាំងក្នុងអតីត ១ ពុទ្ធញាណមិនមានអ្វីមករារាំងក្នុងអនាគត ១ ពុទ្ធញាណមិនមានអ្វីមករារាំងក្នុងបច្ចុប្បន្ន ១ កាយកម្មទាំងពួងរបស់ព្រះមានព្រះភាគ ស្របតាមពុទ្ធញាណ ១ វចីកម្មទាំងពួងរបស់ព្រះមានព្រះភាគ ស្របតាមពុទ្ធញាណ ១ មនោកម្មទាំងពួងរបស់ព្រះមានព្រះភាគ ស្របតាមពុទ្ធញាណ ១ មិនសាបសូន្យនូវឆន្ទៈ ១ មិនសាបសូន្យសេចក្តីព្យាយាម ១ មិនបាត់បង់សតិស្មារតី ១ មិនលេងសើច ១ មិនរត់ ១ មិនភ្លាំងភ្លាត់ ១ មិនប្រញាប់ប្រញាល់ ១ មិនមានព្រះហ្ឫទ័យដែលមិនខ្វល់ខ្វាយ ១ មិនមានអកុសលចិត្ត ១ ។
ដកស្រង់ចេញពី http://aphirati.blogspot.com/2012/04/blog-post_15.html
ដោយ៥០០០ឆ្នាំ
អនុត្តរិយៈ ធម្មជាតដ៏ប្រសើរ ៦
អនុត្តរិយៈ គឺធម្មជាតដ៏ប្រសើរ ឬធម្មជាតប្រសើរបំផុត នេះមាន ៦ យ៉ាងគឺ៖
១. | ទស្សនានុត្តរិយំ | ទស្សនានុត្តរិយៈប្រសើរបំផុតដោយការឃើញ |
២. | សវនានុត្តរិយំ | សវនានុត្តរិយៈ ប្រសើរបំផុតដោយការស្ដាប់ |
៣. | លាភានុត្តរិយំ | លាភានុត្តរិយៈ ប្រសើរបំផុតដោយការបាន |
៤. | សិក្ខានុត្តរិយំ | សិក្ខានុត្តរិយៈ ប្រសើរបំផុតដោយការសិក្សា |
៥. | បារិចរិយានុត្តរិយំ | បារិចរិយានុត្តរិយៈ ប្រសើរបំផុតខាងការបម្រើ |
៦. | អនុស្សតានុត្តរិយំ | អនុស្សតានុត្តរិយៈ ប្រសើរបំផុតដោយការរលឹករឿយៗ |
( អនុត្តរិយសូត្រ បិដកលេខ ៤៦ ទំព័រ ១០ និងសង្គីតិសូត្រ បិដកលេខ ១៩ ទំព័រ ២០៧ )
បទ ថា អនុត្តរិយានិ សេចក្ដីថា ( ការឃើញជាដើម ) ដែលវៀរចាកវត្ថុដទៃក្រៃលែងជាង ឈ្មោះថា អនុត្តរិយ ។ បទថា ទស្សនានុត្តរិយំ សេចក្ដីថា ( ការឃើញព្រះពុទ្ធជាដើម ) ជាការឃើញដ៏ប្រសើរ ក្នុងការឃើញរូបទាំងឡាយក្នុងបទទាំងពួង ក៏មានន័យដូចគ្នា ។ អធិប្បាយថា ការឃើញដំរីកែវជាដើម មិនឈ្មោះថា ជាទស្សនានុត្តរិយៈ ចំណែកការឃើញព្រះទសពលក្ដី ព្រះភិក្ខុសង្ឃក្ដី ដោយអំណាចសេចក្ដីស្រឡាញ់ដ៏មាំ ការឃើញនិមិត្តណានីមួយ មានកសិណ និងអសុភនិមិត្តជាដើមក្ដី របស់អ្នកមានសទ្ធាតាំងមាំហើយ ឈ្មោះថា ទស្សនានុត្តរិយៈ ។
ការស្ដាប់គុណកថារបស់ក្សត្រជាដើម មិនឈ្មោះថាជាសវនានុត្តរិយៈ ចំណែកការស្ដាប់គុណកថារបស់ព្រះរតនត្រ័យ ដោយអំណាចនៃសេចក្ដីស្រឡាញ់ដ៏មាំក្ដី ការស្ដាប់ព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដកក្ដី របស់អ្នកមានសទ្ធាតាំងមាំហើយ ឈ្មោះថា សវនានុត្តរិយៈ ។
ការបានកែវមណីជាដើម មិនមែនជាលាភានុត្តរិយៈ ចំណែកការបានអរិយទ្រព្យ ៧ ឈ្មោះថា លាភានុត្តរិយៈ ។
ការសិក្សាសិល្បៈទាក់ទងនឹងដំរីជាដើម មិនឈ្មោះថាជាសិក្ខានុត្តរិយៈ ចំណែកការបំពេញត្រៃសិក្ខា ឈ្មោះថា សិក្ខានុត្តរិយៈ ។
ការបម្រើក្សត្រជាដើម មិនឈ្មោះថា ជាបារិចរិយានុត្តរិយៈ ចំណែកការបម្រើព្រះរតនត្រ័យ ឈ្មោះថា បារិចរិយានុត្តរិយៈ ។
ការរលឹកដល់គុណក្សត្រជាដើម មិនឈ្មោះថាជាអនុស្សតានុត្តរិយៈ ចំណែកការរលឹកដល់គុណព្រះរតនត្រ័យ ឈ្មោះថា អនុស្សតានុត្តរិយៈ ។
អនុត្តរិយៈទាំង ៦ នេះ ព្រះមានព្រះភាគត្រាស់ទុក ទាំងលោកិយ ទាំងលោកុត្តរ ដោយប្រការដូចពណ៌នាមកនេះ ។ |
ដកស្រង់ចេញពី http://aphirati.blogspot.com/2012/05/blog-post_08.html
ដោយ៥០០០ឆ្នាំ
សេចក្តីព្យាយាម
សេចក្តីលំបាកចិត្ត, ព្រួយចិត្ត, មិនសប្បាយចិត្ត ហៅថាទុក្ខ។ ទុក្ខនេះមានច្រើនជំពូកណាស់ នឹងរៀបរាប់ឲ្យចប់សព្វគ្រប់ក្នុងទីនេះមិនបានទេ។ សេចក្តីទ័លក្រ, ខ្វះខាតអាហារភោជន និងខ្វះខាតសម្លៀកបំពាក់, ខ្វះខាតគ្រឿងប្រើប្រាស់ផ្សេងៗ ជាដើម ក៏ជាទុក្ខ ១យ៉ាង។ ការដែលនឹងឆ្លងផុតពីទុក្ខទ័លក្រ, ពីទុក្ខខ្វះខាតនេះបាន ព្រោះតែព្យាយាមប្រឹងប្រែងធ្វើការ, ព្យាយាមស្វះស្វែងរកទ្រព្យសម្បត្តិឲ្យបាន ដោយផ្លូវសុចរិតត្រឹមត្រូវ តាមច្បាប់លោក ច្បាប់ធម៌។
នៅពេលកំពុងរៀនសូត្រក្តី កំពុងធ្វើការអ្វីៗក្តី តែងនឿយហត់លំបាករូបកាយ, ព្រួយចិត្តគំនិត ដោយខំគិតគូរ ជួនកាលទៅជាបរិភោគបាយមិនឆ្ងាញ់ អាស្រ័យដំណេកមិនលក់ ទាល់តែឈឺចាប់ក៏មាន នេះជាទុក្ខ១យ៉ាង។ ការដែលឆ្លងឲ្យផុតពីទុក្ខនឿយហត់ និងព្រួយចិត្តនេះបាន ព្រោះតែព្យាយាមអត់ទ្រាំ ចេះតែរៀនសូត្ររហូតទៅ មិនឈប់រៀនកណ្តាលទី ព្យាយាមអត់ទ្រាំធ្វើការទាល់តែរួចស្រេច មិនទម្លាក់ចោលពាក់កណ្តាលការ។ អ្នកដែលត្រូវគេបន្ទោស, ត្មះតិដៀល, ជេរស្តី ក៏កើតទុក្ខក្តៅក្រហាយចិត្ត។ ការដែលនឹងឆ្លងឲ្យផុតពីទុក្ខក្តៅក្រហាយចិត្តនេះបាន ព្រោះតែព្យាយាមអត់ធ្មត់ ដោយពិចារណាលោកធម៌ទាំង ៨យ៉ាង គឺមានលាភ១ គ្មានលាភ១ មានយស១ គ្មានយស១ សរសើរ១ និន្ទា១ សុខ១ និងទុក្ខ១ ឲ្យយល់ថាធម៌៨នេះ តែប្រែប្រួលផ្លាស់ប្តូរគា្ន ជាធម្មតាមិនទៀងទាត់ទេ។
សូមចុចខាងក្រោមនេះ ដើម្បីអានអត្តបទទាំងស្រុង៖
ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធនារី ៨ មីនា និងចូលរួមក្នុងប្រធានបទ «អ្នកម្តាយដ៏ឆ្នើមរបស់កូន» ផងនោះ ខ្ញុំ.បានបកប្រែកែសម្រួលរឿងមួយដែលទាក់ទងនឹងវីរភាពរបស់អ្នក ម្តាយក្នុងការការពារជីវិតកូន មកចែកជូនអស់លោកអ្នកអានដូចមានរឿងតំណាលតទៅនេះ
សម័យមួយក្នុងកាលដែលផ្នែកគមនាគមន៍ ផ្លូវគោកនិងផ្លូវអាកាសមិនទាន់ដំណើរការបានស្រួល បួលនៅឡើយ ពេលធ្វើដំណើរផ្លូវឆ្ងាយ មនុស្សភាគច្រើនតែងតែធ្វើដំណើរដោយសំពៅតាមផ្លូវសមុទ្រ។ មានរឿងដំណាលថា មានសំពៅផ្ទុកអ្នកដំណើរមួយគ្រឿង បាននាំអ្នកដំណើរជាច្រើនរយនាក់ឆ្ពោះសំដៅទៅកាន់មហាសមុទ្រ ។ ការធ្វើដំណើរក្នុងពេលនេះមានឧបទ្ទវហេតុមួយកើតឡើង គឺពេលសំពៅទៅដល់កណ្តាលសមុទ្រស្រាប់តែមានហេតុការណ៍គួរឲ្យរន្ធត់ ស្មានមិនដល់បានកើតឡើង។ រំពេចនោះមានព្យុះកំណាចមួយបានបោកបក់គួចយ៉ាងខ្លាំងរហូតធ្វើឲ្យ សំពៅភ្លូកលិច ក្នុងពេលដែលសំពៅកំពុងតែលិចនោះ ក៏មានការជន្លៀសអ្នកដំណើរពីក្នុងសំពៅ ចូលទៅក្នុងសំប៉ាន។
ដោយការភ័យខ្លាចពីសេចក្តីស្លាប់ ម្នាក់ៗក៏នាំគ្នារត់ឡើងសំប៉ានយកឲ្យតែរួចជីវិត ដោយមិនបាននាំយកស្បៀងអាហារឬទ្រព្យសម្បត្តិដែលបាននាំជាប់តាម ខ្លួននោះផងទេ គឺស្រវាបានរបស់អីក៏យករបស់នោះ តាមតែអាចកាន់យកទៅបានតែប៉ុណ្ណោះ។ ទោះបីឆ្លងកាត់ហេតុការណ៍ដ៏អាក្រក់គួរឲ្យតក់ស្លុតដូច្នេះមកបាន ក៏ដោយ ប៉ុន្តែសំប៉ានតូចៗទាំងនោះ បានអណ្តែតតែលតោលក្នុងសមុទ្រដោយគ្មានទិសដៅអស់រយៈពេលជាច្រើន ថ្ងៃ ធ្វើឲ្យអ្នកដំណើរជាច្រើននាក់ដែលនៅក្នុងសំប៉ាននោះ ត្រូវជួបប្រទះភាពហេវហត់អត់ឃ្លាន ព្រោះស្បៀងអាហារដែលនាំយកជាប់ខ្លួនបានបន្តិចបន្តួចក៏អស់ ទាំងទឹកដែលនៅជុំវិញខ្លួននោះក៏ជាទឹកប្រៃមិនអាចផឹកបំបាត់ ស្រេកបាន ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវបាត់បង់ជីវិត យ៉ាងវេទនាគួរឲ្យអណោចអធម។
ក្នុងចំនួនសំប៉ានដែលអណ្តែតត្រសែត កណ្តាលមហាសមុទ្រនោះ មានសំប៉ានមួយដែលម្តាយម្នាក់និងកូនខ្ចីម្នាក់ជិះនៅជាមួយដែរ ទោះបីជាឆ្លងផុតភ័យពីព្យុះសង្ឃរាដោយសុវត្ថិភាពហើយក៏ដោយ ក៏ត្រូវមកប្រឈមមុខនឹងការស្រេកឃ្លានដដែល បើត្រឹមតែខ្លួនឯងម្នាក់មិនជាប៉ុន្មានទេ អ្នកម្តាយរូបនេះព្រួយបារម្ភតែរឿងទារកតូចដែលមកជួបប្រទះ ភយន្តរាយដ៏គួរឲ្យរន្ធត់ជាមួយខ្លួនដែរ ដែលពេលនេះទារកតូចកំពុងតែទ្រហោយំព្រោះសេចក្តីស្រេកឃ្លាន។ សម្លេងកូនតូចប្រៀបដូចជាកាំបិតដ៏មុតស្រួចចាក់ទម្លុះបេះដូង ម្តាយ ដោយមិនដឹងធ្វើដូចម្តេចទើបអាចជួយកូនឲ្យផុតពីសេចក្តីស្រេក ឃ្លានបាន អ្វីដែលម្តាយអាចឲ្យកូនបានក្នុងពេលនោះ មានត្រឹមតែទឹកដោះដែលច្រោះចេញពីទ្រូង ដែលល្មមនឹងអាចជួយសម្រាលសេចក្តីស្រេកឃ្លានរបស់កូនបានមួយគ្រា។
អាកាសធាតុក្តៅហែងកណ្តាលថ្ងៃត្រង់ បានជះចាំងដុតរោលស្បែកដ៏ស្តើងរបស់ទារកតូច ដោយក្តីស្រឡាញ់អាណិតនិងព្រួយបារម្ភខ្លាចកូនមានសេចក្តីក្តួល ក្តៅរងទុក្ខវេទនា ម្តាយក៏ទាញជាយអាវរបស់ខ្លួនមកបាំង យកខ្នងពាំងជាដំបូលបាំងថ្ងៃឲ្យកូនដើម្បីឲ្យបាត់ក្តៅ ទោះបីជាក្នុងពេលនេះ ខ្នងរបស់ម្តាយចុកចាប់ក្តៅផ្សាព្រោះត្រូវកំដៅថ្ងៃដុតរោលរាលក៏ ដោយ ក៏ម្តាយនៅតែទ្រាំបាន ម្តាយទ្រាំតទៅទៀត ទោះជាចម្ងាយផ្លូវតទៅមុខគ្មានគោលដៅឬកោះត្រើយយ៉ាងណាក៏ដោយ។ មនុស្សម្នានៅក្នុងសំប៉ាន បានបាត់បង់ជីវិតបន្តគ្នាម្តងម្នាក់ៗ ព្រោះតែការអត់ឃ្លាន ប៉ុន្តែអ្នកម្តាយរូបនេះបានប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចស្លាប់បានទេ ខ្ញុំត្រូវតែរក្សាជីវិតឲ្យរស់នៅតទៅទៀតដើម្បីកូនតូច។
ពេលឃើញកូនដង្ហក់រកកលនឹងអស់ជីវិ តព្រោះតែគ្មានទឹកផឹក នាងសម្រេចចិត្តថា នឹងបណ្តោយឲ្យកូនស្លាប់នៅចំពោះមុខដូច្នេះមិនបានជាដាច់ខាត ត្រូវតែរកមធ្យោបាយដើម្បីជួយកូនឲ្យរួចផុតពីសេចក្តីស្លាប់ឲ្យ ទាល់តែបាន។ នាងគិតដូច្នោះហើយ ក៏ព្យាយាមស្រវារករបស់ជុំវិញខ្លួនម្តងទៀត ប៉ុន្តែមិនឃើញមានអ្វីដែលនឹងអាចនាំមកជួយជីវិតកូនបានទាល់តែ សោះ នាងបានយកដៃលូកទៅក្នុងកាបូប ក៏បានប្រទះកូនកាំបិតដ៏មុតមួយ នាងក៏ចាប់យកកាំបិតនោះចេញមកដោយគិតថា នេះជាវិធីចុងក្រោយដែលនឹងអាចជួយជីវិតកូនឲ្យរស់តទៅទៀតបាន។ ខណៈពេលដែលកូនកំពុងតែយំនោះ ដៃរបស់ម្តាយក្តាប់កាំបិតយ៉ាងណែនហើយពោលតិចៗថា “កូនមាសម្តាយ! ទោះបីម៉ែរកទឹកឲ្យកូនផឹកមិនបាន តែម៉ែក៏រីករាយលះបង់ឈាមក្នុងកាយរបស់ម៉ែឲ្យកូនផឹកជំនួសទឹក ដើម្បីបំបាត់ការស្រេក។” និយាយហើយនាងក៏លើកកំបិតចាក់វះត្រង់កដៃរបស់ខ្លួន។
ពេលដែលឈាមហូរចេញមក នាងក៏ប្រញាប់យកដៃដែលមុតដោយកាំបិតនោះទៅដាក់ត្រង់មាត់កូនតូច ។ ដោយការមិនដឹងក្តី និងដោយសេចក្តីស្រេកឃ្លាន ទារកតូចក៏បឺតក្រេបផឹក ដោយមិនដឹងថាដំណក់ទឹកដែលមកចូលក្នុងមាត់របស់ខ្លួននោះ គឺជាដំណក់ឈាមដែលស្រក់ចេញពីក្នុងរាងកាយរបស់ម្តាយឡើយ។ ដោយសារម្តាយបានបាត់បង់ឈាមអស់ច្រើនពីខ្លួន ធ្វើឲ្យរាងកាយមានសភាពទន់ខ្សោយទៅៗជាលំដាប់ រហូតដល់ទីបំផុត នាងក៏សន្លប់បាត់ស្មារតី។ លុះដឹងខ្លួនវិញ ឃើញកូនតូចនៅរស់រានមានជិវិតនៅឡើយក៏មានចិត្តសប្បាយរីករាយ ហើយពោលថា ទោះបីជាឈាមក្នុងរាងកាយរបស់ម៉ែរីងស្ងួតហួតហែងទៅក៏ដោយ តែសុំកុំឲ្យជីវិតកូនដែលម៉ែស្រឡាញ់ថ្នាក់ថ្នមនេះត្រូវបាត់ បង់ទៅឡើយ ម៉ែពេញចិត្តសូម្បីលះបង់ជីវិតសាច់ឈាម ដើម្បីឲ្យកូនបានចៀសផុតពីគ្រោះមហន្តរាយនេះ។
ទីបំផុត សំប៉ានមួយនោះក៏ត្រូវរលកបោកផាត់រសាត់ចូលកាន់ច្រាំង។ លុះដល់ច្រាំងហើយ គ្រប់គ្នាក៏ប្រឹងត្រដាបត្រដួសចុះចេញពីសំប៉ាន នៅសល់តែម្តាយពីរនាក់នឹងកូនតូច គ្មាននរណាម្នាក់អើពើយកភ្នែកមើលសោះ នាងនិងកូនតូចត្រូវបានគេចាកចោលទៅ ទុកឲ្យនៅកណ្តោចកណ្តែងតែពីរនាក់ គួរឲ្យអណោចខ្លោចចិត្ត។ អ្នកជាម្តាយខំព្យាយាមបីត្រកងកូនតូចចុះចេញពីសំប៉ានទាំងត្រដាប ត្រដួស សម្លឹងទៅទីណាក៏មិនមានមនុស្សសូម្បីម្នាក់ដែលនឹងអាចមកជួយ សង្គ្រោះបាន។ ដោយអស់កម្លាំងខ្លាំងពេកព្រោះបាត់បង់ឈាមអស់ច្រើន ហើយអត់អាហារមកជាច្រើនថ្ងៃផង ទើបគ្មានកម្លាំងនឹងជួយទប់ជ្រែងខ្លួនឲ្យក្រោកឡើងបាន។
ចំណែកទារកតូចនោះក៏វារចេញទៅឆ្ងាយពី ម្តាយ ទោះបីជាម្តាយខំប្រឹងរារាំងទាញទុកយ៉ាងណាក៏ដោយ ក៏រារាំងមិនឈ្នះ ព្រោះនៅពេលនេះភ្នែករបស់ម្តាយចាប់ផ្តើមស្រវាំង ត្រចៀកចាប់ផ្តើមហឹងហៀបនឹងដាច់ខ្យល់ទៅហើយ។ មុនពេលដែលម្តាយអស់ជិវិតរលត់សង្ខារទៅ ម្តាយបាននិយាយខ្សាវៗផ្ញើកូននឹងព្រះម៉ែធរណីថា “បពិត្រព្រះម៉ែធរណី! ខ្ញុំម្ចាស់មិនអាចមានជិវិតរស់នៅដើម្បីចិញ្ចឹមកូនតទៅទៀតបានទេ ជិវិតរបស់ខ្ញុំម្ចាស់នឹងត្រូវចប់ក្នុងពេលនេះហើយ សូមព្រះម៉ែមេត្តាជួយគ្រប់គ្រងថែរក្សាទារកតូចនេះជំនួសខ្ញុំ ម្ចាស់ផង” និយាយចប់នាងក៏ដាច់ខ្យល់ក្នុងគ្រានោះទៅ។
នាវេលាល្ងាចនោះ មានអ្នកនេសាទម្នាក់បានអុំទូកឡើងច្រាំង ក៏ឃើញក្មេងតូចនោះកំពុងតែវារវិលវល់ស្រែកទ្រហោយំតែម្នាក់ឯង ទើបចូលទៅលើកពរ ហើយបានឃើញឈាមជាប់នៅនឹងមាត់របស់ទារកតូច ក៏នឹកឆ្ងល់ក្នុងចិត្តថា ប្រហែលជាមានរឿងអ្វីកើតឡើងនៅម្តុំនេះជាក់ជាមិនខាន។ អ្នកនេសាទគិតហើយក៏ដើរមើលតាមបរិវេណដែលទារកនោះវារចុះឡើង មួយសន្ទុះក៏បានឃើញសាកសពស្ត្រីម្នាក់ដេកផ្កាប់មុខស្តូកស្តឹងនៅ ក្បែរសំប៉ាន ទើបលើកប្រែសាកសពស្ត្រីនោះឲ្យផ្ងារឡើង ។ អ្នកនេសាទស្រឡាំងកាំងពេលដែលឃើញកដៃរបស់នាងមានស្នាមកាំបិត ហើយមានឈាមកកជាប់នឹងស្នាមមុតនោះ ឯឈាមដែលនៅនឹងកដៃនោះ ក៏ជាឈាមពណ៌តែមួយជាមួយនឹងឈាមដែលដិតជាប់នឹងមាត់ទារក ធ្វើឲ្យអ្នកនេសាទសន្និដ្ឋានបានថា ស្ត្រីម្នាក់នេះប្រាកដជាម្តាយរបស់ក្មេងនេះ។ នាងប្រហែលជាពនេចរវង្វេងផ្លូវកណ្តាលសមុទ្រ រហូតដល់អស់ទឹកអស់អាហារ ហើយដោយការអាណិតកូន នាងច្បាស់លះបង់ឈាមក្នុងខ្លួនដើម្បីឲ្យកូនរួចផុតពីការស្រេក ឃ្លានដោយពិត។
លុះគិតដូច្នោះហើយ អ្នកនេសាទក៏ឧទានឡើងថា “ឱ! អ្នកនាងជាម្តាយដែលមានទឹកចិត្តប្រសើរខ្ពង់ខ្ពស់ក្រៃលែង ម្តាយក្នុងលោកនេះ អាចមានស្ត្រីជាច្រើនដែលស្រឡាញ់កូនជាងជីវិតរបស់ខ្លួន ប៉ុន្តែអ្នកម្តាយម្នាក់នេះ បានធ្វើការលះបង់ដ៏ធំធេងមហិមាដើម្បីរក្សាជីវិតកូនឲ្យបានផុត ពីមហាភយន្តរាយ នាងជាម្តាយដែលមានទឹកចិត្តដ៏សែនប្រសើររកអ្វីប្រៀបផ្ទឹមគ្មាន សូមឲ្យនាងបានទៅកាន់សុគតិភពចុះ ខ្ញុំនឹងធ្វើជាអ្នកចិញ្ចឹមថែរក្សាកូនរបស់នាង ផ្តល់សេចក្តីស្រឡាញ់ថ្នាក់ថ្នមយកចិត្តទុកដាក់ ឲ្យដូចកាលដែលនាងមានជីវិតរស់នៅ ធ្លាប់បានព្យាយាមចិញ្ចឹមបីបាច់ថែរក្សាកូនរបស់នាងដោយការថ្នាក់ ថ្នមស្រឡាញ់ពេញបេះដូង ខ្ញុំនឹងចិញ្ចឹមកូនរបស់នាងឲ្យល្អជាទីបំផុត”។
ពោលរួចហើយ អ្នកនេសាទចិត្តសប្បុរសនោះក៏នាំទារកតូចត្រឡប់ទៅចិញ្ចឹមបីបាច់ ថែរក្សា ។ លុះកុមារនោះមានវ័យវឌ្ឍនាការចម្រើនឡើង ក៏បានដេញដោលសួរទៅអ្នកនេសាទនោះថា “លោកអ៊ំ! ក្មួយនឹកម្តាយរបស់ក្មួយណាស់ លោកអ៊ំអាចប្រាប់ក្មួយបានទេថា ម្តាយរបស់ក្មួយនៅទីណា? ក្មួយចង់ជួបចង់រស់នៅជិតម៉ែ ក្មួយចង់ហៅម៉ែ សូមលោកអ៊ំមេត្តានាំក្មួយទៅជួបអ្នកម្តាយក្មួយផង”។
អ្នកនេសាទយល់ថា កុមារនេះចម្រើនធំឡើងល្មមនឹងអាចឲ្យដឹងរឿងរ៉ាវរបស់ខ្លួនបានហើយ ក៏ដំណាលរឿងរ៉ាវទាំងអស់ឲ្យស្តាប់ហើយនាំកុមារនោះទៅកាន់ផ្នូរ បញ្ចុះសពរបស់មាតា លុះទៅដល់ កុមារកំសត់ក៏ស្ទុះចូលទៅឱបផ្នូរម្តាយព្រមទាំងយំយែកទឹកភ្នែក ជោកផែនថ្ពាល់ត្អូញត្អែថា “អ្នកម្តាយជាទីគោរពរបស់កូន! ហេតុអ្វីអ្នកម្តាយចាកចោលកូនទៅយ៉ាងឆាប់រហ័សដូច្នេះ! ហេតុអ្វីមិនផ្តល់ឱកាសឲ្យកូនបានបំពេញតួនាទីតបស្នងសងគុណអ្នក ម៉ែដែលជាអ្នកលះបង់ដើម្បីកូនតែម៉្យាង! តើពេលណាកូននឹងមានឱកាសបានតបស្នងសងព្រះគុណអ្នកម្តាយជាទីគោរ ពរបស់កូនទៅ!
ពេលដែលអ្នកនេសាទ បានឃើញកុមារតូចយំសោកកន្ទក់កន្ទេញអស់រយៈពេលយូរហើយ ទើបចូលទៅចាប់លើកកុមារ ហើយអង្អែលខ្នង ព្រមទាំងនិយាយលួងលោមថា ” ណ្ហើយចុះក្មួយ! ទោះបីជាអ្នកម្តាយរបស់ឯងបានបាត់បង់ជិវិតទៅហើយក្តី បើក្មួយគិតចង់តបស្នងសងគុណម្តាយ ក្មួយត្រូវតាំងចិត្តឲ្យរឹងមាំខ្ជាប់ខ្ជួនក្នុងអំពើល្អ កសាងអំពើល្អដើម្បីអំពើល្អ ធ្វើល្អគ្រប់យ៉ាងក្នុងជីវិតរបស់ក្មួយ។ ពេលដែលក្មួយចូលសិក្សារៀនសូត្រ ត្រូវរៀនឲ្យបានពូកែជាទីបំផុត ពេលដែលក្មួយធំឡើងបានកាន់កិច្ចការងារណាក៏ដោយ សុំឲ្យក្មួយបំពេញការងារក្នុងតួនាទីរបស់ក្មួយឲ្យបានប្រសើរ បំផុត ហើយពេលដែលក្មួយបួសរៀន ក៏សុំឲ្យក្មួយបំពេញតួនាទីជាអ្នកបួសឲ្យបានហ្មត់ចត់ ។ បើក្មួយធ្វើបានប៉ុណ្ណេះ ពេលដែលម្តាយរបស់ក្មួយបានជ្រាបបានដឹងដោយញាណវិធីណាមួយ គាត់នឹងសប្បាយចិត្តឥតឧបមាក្នុងការផ្តល់កំណើត ការគ្រប់គ្រងថែរក្សា សុខចិត្តលះបង់ជីវិតដើម្បីក្មួយរហូតដល់ក្មួយអាចរស់រានមានជីវិត ដល់សព្វថ្ងៃនេះ។ ម្តាយរបស់ក្មួយប្រាកដជាមានបិតិសោមនស្សរីករាយក្នុងឋានសួគ៌ទេវ លោកដោយពិត ទោះបីជានាងគ្មានជីវិតរស់នៅដល់សព្វថ្ងៃនេះក្តី ប៉ុន្តែក្មួយក៏នៅតែអាចធ្វើអំពើល្អឲ្យម្តាយរបស់ក្មួយដឹងឮបាន ៕ ចប់
ជូនពរទិវាសិទ្ធិនារី! សូមឲ្យនារីគ្រប់រូបមានកម្លាំងកាយកម្លាំងចិត្តរឹងមាំ រស់ផុតពីគំនាបអយុត្តិធម៌គ្រប់យ៉ាង!
តាមការនិយម និងជំនឿរបស់ខ្មែរយើងភាគច្រើន ពេលដែលឮពាក្យថា «ព្រះ» នេះភ្លាម តែងតែបញ្ជូនចិត្ត បញ្ជូនអារម្មណ៍ទៅកាន់ពិភពមួយដែលហួសពីចក្ខុវិស័យ មានឋានសួគ៌ ជាដើម ដោយយល់ថា «ព្រះ» គឺជាអាទិទេព (God) ឬ វត្ថុស័ក្តិសិទ្ធ និងអ្នកមានឥទ្ធិរឹទ្ធណាម្នាក់។ តាមការពិត បើយើងវែកញែកលំអិតពីឫសគល់នៃពាក្យថា «ព្រះ» យើងនឹងឃើញថា ពាក្យនេះនៅជាកណ្តាលនៅឡើយទេ មិនទាន់សំដៅទៅលើបុគ្គលណា អាទិទេពណា ឬវត្ថុស័ក្តិសិទ្ធណាមួយឡើយ។ នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា «ព្រះ» បា. សំ. ( ន. ) (វរ ប្រើជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន”; ប្រើជា ន. ក៏បាន “ពរ; ស្វាមី; កូនប្រសាប្រុស; សេចក្ដីប្រាថ្នា…”) ពាក្យនេះខ្មែរប្រើក្លាយមកដោយ វ > ព + រ + ះ > ព្រះ; សម្រាប់ហៅឋានន្តរមន្ត្រីស័ក្តិ ៦ ហ៊ូពាន់ចុះបន្ទាប់ពីទីឧកញ៉ាមក : មន្ត្រីទីព្រះ ។ សម្រាប់ប្រើនាំមុខនាមនាមឯទៀត បានច្រើនយ៉ាងជាអនេក : ព្រះសម្មាសម្ពុទ្ធ; ព្រះឥន្ទ្រ, ព្រះព្រហ្ម; ព្រះមហាក្សត្រ, ព្រះរាជា, ព្រះករុណាជាម្ចាស់ជីវិត; ព្រះរាជបុត្រ; ព្រះធម៌; ព្រះសង្ឃ; ព្រះអាទិត្យ; ព្រះចន្ទ្រ; ព្រះពាយ; ព្រះបាទ; ព្រះកេសា; ព្រះអរហន្ត ។ល។
ឯពាក្យមួយទៀតដែលមានឫសគល់ដូចគ្នា នឹងពាក្យថា «ព្រះ» គឺ «ពរ» ដែលយើងតែងតែយល់ថាជាអំណោយនៃភាពជោគជ័យ សេចក្តីសុខ និងភាពចម្រើនរុងរឿង ។ល។ ឫសគល់នៃពាក្យថា «ពរ» នោះគឺ “ពរ សំ. បា. ( ន. ) (វរ) គុណជាតដ៏ប្រសើរ; គុណជាតឬអ្វីៗ ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត : សូមពរ, ឲ្យពរ, ទទួលពរ ។ ឲ្យពរសព្ទសាធុការ បញ្ចេញសូរសព្ទថា សាធុ សូមឲ្យ… បានប្រកបតាមបំណង!… ។ ស្រែកឲ្យពរឲ្យជ័យ ស្រែកឲ្យពរថា សូមឲ្យ… មានជ័យជម្នះ ! ដូចយ៉ាងស្រែកថា ជយោ ! ឬ ជយោ ! ជយោ ! ជាដើម (ម. ព. នោះផង) ។ ពាក្យនេះ សំ. បា. ប្រើជា គុ. ក៏បាន ប្រែថា “ប្រសើរ; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត”; ខ្មែរប្រើក្លាយមកជា ព្រះ ក៏មាន, នៅជា វរ ឬ វរៈ តាមរូបដើមក៏មាន” ។
ដូច្នេះ ត្រឹមតែពាក្យថា «ព្រះ» មួយម៉ាត់ មិនទាន់សំដៅថាជានរណា ឬវត្ថុណាឡើយ ព្រោះពាក្យនេះសម្រាប់ដាក់នាំមុខមនុស្ស សត្វ ឬវត្ថុ ដែលគេយល់ថាមានគុណឧត្តុងឧត្តមខ្ពង់ខ្ពស់គួរគោរពបូជា ដូចជា
-ព្រះពុទ្ធ ព្រះអង្គមិនមែនជាព្រះអាទិទេពទេ គឺជាមនុស្សពិត ជាអច្ឆរិយបុគ្គលដ៏ចម្បងលើលោក ប្រសើរលើសលប់។
-ព្រះធម៌ មិនមែនជាព្រះអាទិទេពទេ តែជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ និងជាសភាវៈធម្មជាតិដែលស្ថិតនៅជានិច្ចក្នុងលោក។ ដែលហៅថា ព្រះធម៌ ព្រោះសំដៅយកសភាវៈដែលមានគុណឧត្តុងឧត្តមខ្ពស់ខ្ពស់ នាំអ្នកប្រតិបត្តិតាមឲ្យរួចចាកទុក្ខ។
-ព្រះសង្ឃ មិនមែនជាព្រះអាទិទេពទេ គឺជាក្រុមមនុស្សសុទ្ធសាធ ដែលចេញបួសនិងបដិបត្តិតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ។ ដែលហៅថាព្រះសង្ឃ ព្រោះជាអ្នកមានគុណខ្ពង់ខ្ពស់ដោយការបដិបត្តិវៀរចាកនូវអំពើ អាក្រក់គ្រប់យ៉ាង។
-ព្រះរតនត្រ័យ មិនមែនជាព្រះអាទិទេពទេ គឺជាឈ្មោះនៃរតនៈទាំងបី បានដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ ជារតនៈឬកែវដ៏មានគុណឧត្តុងឧត្តមខ្ពស់ខ្ពស់។ល។
-ព្រះអរហន្ត មិនមែនជាព្រះអាទិទេពទេ គឺជាបុគ្គលដែលបានបដិបត្តិតាមអរិយដ្ឋង្គិកមគ្គលះបង់នូវកិលេស តណ្ហា កំចាត់បង់អស់នូវអវិជ្ជា និងសង្ខារទាំងពួង បានដល់ត្រើយគឺព្រះនិព្វាន។ ព្រះអរហន្តគឺរាប់បញ្ចូលទាំងព្រះសម្មាសម្ពុទ្ធ និងពុទ្ធសាវ័ក។
-ព្រះខីណាស្រព មិនមែនជាព្រះអាទិទេពទេ គឺជាអ្នកដែលក្ស័យអស់នូវអាសវក្កិលេស ជាវេវចនស័ព្ទនឹងព្រះអរហន្ត។
-ព្រះកន្លោង មិនមែនជាព្រះអាទិទេពទេ គឺជាមនុស្សពិត ជាមាតាបិតា ឪពុកម្តាយ ដែលខ្មែរយើងហៅថា ព្រះកន្លោង។ ដោយមាតាបិតាមានគុណដ៏ធំធេងចំពោះកូនប្រុសស្រី ដូច្នេះព្រះសម្មាសម្ពុទ្ធទ្រង់បានប្រៀបធៀបលោកទាំងពីរទៅនឹងព្រះ អរហន្តរបស់កូនផង ជាព្រះព្រហ្ម ជាព្រះអាទិទេពរបស់កូនផង។ ព្រះអង្គប្រៀបធៀបមាតាបិតាទៅនឹងព្រះអរហន្ត ថាជាអាហុនេយ្យបុគ្គលរបស់កូន គឺមាតាបិតា ជាមនុស្សដែលកូនប្រុសស្រី គួរគោរពបូជាប្រណិបត្តន៍ ជាព្រះព្រហ្មរបស់កូន ព្រោះមាតាបិតាមានព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា និងឧបេក្ខាចំពោះកូន ជាព្រះអាទិទេពរបស់កូន ព្រះអង្គហៅមាតាបិតាថាជា បុព្វទេវា គឺទេវតាដើម បុព្វ មានន័យថាខាងដើម ឬដំបូង មុន, ទេវា គឺទេវតា ឬទេព្តា ស្មើនឹងពាក្យ ថា អាទិទេព ព្រោះ អាទិ មានន័យថា ដំបូង មុន, ទេព មកពីពាក្យថា ទេវ ឬទេវតាហ្នឹងឯង ព្រោះមាតាបិតាជាអ្នកផ្តល់កំណើតដល់បុត្រធីតា និងថ្នាក់ថ្នមថែរក្សាកូនប្រុសស្រីមុននរណាៗទាំងអស់។
-ព្រះមហាក្សត្រ មិនមែនជាព្រះអាទិទេព គឺជាមនុស្សពិតដែលគ្រប់គ្រងផែនដី នគរ ប្រទេស ហើយពាក្យ ព្រះ នេះត្រូវបានប្រើនាំមុខមនុស្សដែលកើតក្នុងរាជវង្ស ដូចជា ព្រះមាតា ព្រះបិតា ព្រះរាម ព្រះអនុជ ។ល។
-ព្រះវិស្ណុ ព្រះព្រហ្ម ។ល។ ត្រូវបានបរិស័ទខាងព្រហ្មញ្ញសាសនាជឿថា ជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតទឹកដី មនុស្ស សត្វ និងពិភពលោក។
-ព្រះគ្រិស្ត ឬព្រះយេហូវ៉ា ត្រូវបានគ្រិស្តបរិស័ទជឿថា ជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតទឹក ដី ព្រៃព្រឹក្សា មនុស្ស សត្វ និងពិភពលោក។
-ព្រះអាឡា ត្រូវបានអ៊ីស្លាមសាសនិក ជឿថាជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតអ្វីៗគ្រប់យ៉ាង ។ល។
ហើយនិងមានព្រះអាទិទេពជាច្រើនអង្គទៀតដែលបរិស័ទក្នុងសាសនាផ្សេងៗលើលោកនេះជឿថាកំពុងតែស្ថិតនៅលើឋានសួគ៌។
ក្នុងការរៀបរាប់ត្រួសៗអំពី «ព្រះ» មកខាងលើនេះ ចង់បញ្ជាក់ឲ្យឃើញថា ពាក្យ «ព្រះ» មួយម៉ាត់នេះ មិនមែនសំដៅលើតែព្រះអាទិទេពមួយមុខដូចដែលមនុស្សមួយចំនួនបានគិត និងសំគាល់ទុកមកនោះទេ។ ពាក្យថា ព្រះ នេះនៅជាសាធារណៈនៅឡើយទេ ទាល់តែដាក់នៅមុខឈ្មោះបុគ្គលណា ក្រុមណា វត្ថុណា ទើបយើងអាចសំគាល់បានថា ជាព្រះអង្គនេះ ព្រះអង្គនោះ ព្រះអាទិទេព ឬព្រះមិនមែនអាទិទេព។ បើអញ្ចឹង តើសំណួរខាងលើនោះឆ្លើយដូចម្តេចទើបត្រូវ? អ្នកណាឆ្លើយដូចម្តេចក៏ឆ្លើយទៅ ប៉ុន្តែចំពោះខ្ញុំ.សូមឆ្លើយថា «នរណាក៏ជាព្រះ» ហេតុអ្វី? ព្រោះថា សាធុជនដែលកំពុងអានអត្ថបទនេះក៏ជាព្រះដែរ អាចជាព្រះភិក្ខុសង្ឃ ព្រះមហា បើលោកអ្នកដែលមានភរិយា-ស្វាមី មានកូនប្រុសស្រី គឹជាព្រះព្រហ្ម ព្រះកន្លោង ព្រះអាទិទេព របស់កូនប្រុសស្រី បើលោកអ្នកដែលមិនទាន់មានគូស្រករទេ ក៏គង់តែនឹងក្លាយទៅជាព្រះមួយអង្គនឹងគេដែរក្រោយពេលរៀបអាពាហ៍ ពិពាហ៍ មានបុត្រធីតា នាពេលអនាគត ហើយបច្ចុប្បន្នបើជាអ្នកប្រព្រឹត្តប្រតិបត្តិធម៌ដ៏ប្រសើរក្នុង ជីវភាពប្រចាំថ្ងៃ បើទុកជាគេមិនបានហៅពាក្យថាព្រះនៅពីខាងមុខក៏ដោយ ក៏បានឈ្មោះថាជាព្រះតាមគុណធម៌ដែលខ្លួនសាង ព្រោះពាក្យថាព្រះ គឺ វរ ប្រើជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់។ ដូច្នេះមនុស្សដែលសាងល្អ មានគុណធម៌ខ្ពង់ខ្ពស់ គឺសក្តិសមជា «ព្រះ» ពិត។
សភាវៈទាំងឡាយក្នុងលោកនេះ ដែលសង្ខារតាក់តែងហើយ រមែងកើតឡើង តាំងនៅ ហើយក៏រលត់ទៅវិញជាធម្មតា មិនបានស្ថិតស្ថេរទៀងទាត់ឡើយ យ៉ាងណាមិញ មនុស្សគ្រប់រូបដែលកើតមកហើយ រមែងចម្រើនវ័យវឌ្ឍនាការជាកម្លោះ ក្រមុំ មានរូបសម្រស់ស្រស់ល្អ លុះតាំងនៅមិនយូរប៉ុន្មានរូបសម្រស់ដ៏ស្រស់ឆើតឆាយនោះ នឹងចាប់ផ្តើមរោយស្រពោន ស្រកស្រុតទៅតាមកាលវេលា ទៅតាមលំនាំនៃច្បាប់ធម្មជាតិ ទុកជាចង់ឬមិនចង់ក៏មិនអាចប្រកែកបានឡើយ។ ចំណែកឯគុណធម៌ ពោលគឺសេចក្តីល្អដែលមនុស្សបានធ្វើហើយជារឿយៗ រមែងចម្រើនកើនឡើងជារឿយៗទៅតាមកាលវេលា ដោយមិនចេះស្រកស្រុតអាប់អន់។ វេលាកាន់តែយូរឆ្ងាយ ការកសាងគុណធម៌កាន់តែបានច្រើន សេចក្តីចម្រើនក្នុងផ្លូវសុខក៏នឹងមានច្រើនឡើងជាភិយ្យោភាព ចម្រើនតាំងតែពីលោកនេះរហូតដល់បរលោកនាយ។ ក្នុងករណីនេះហើយទើបមានរឿងក្នុងគម្ពីរព្រះពុទ្ធសាសនាបានចារទុក ជាគតិឲ្យយើងបានរិះគិតពិចារណា ហើយប្រារព្ធសេចក្តីមិនប្រមាទ បែរមករកសេចក្តីព្យាយាមធ្វើអំពើល្អ កសាងគុណធម៌ដើម្បីសេចក្តីចម្រើនសមដូចនិទានមានចំណងជើងថា ទេវទូតពីឋានតាវត្តិង្ស។ កល្យាណមិត្តតា
1] ឯកៈ ពួកមួយ Group of One (including related group)
កល្យាណមិត្តតា (ការមានកល្យាណមិត្ត គឺមានអ្នកណែនាំចង្អុលបង្ហាញ ទីប្រឹក្សា មិត្តភក្តិដែលសេពគប់ និងបុគ្គលដែលនៅជុំវិញខ្លួនជាមនុស្សល្អ។ ការចេះជ្រើសរើសសេពគប់បុគ្គល ឬចូលរួមពួក ក្រុម សង្គម ជាមួយលោកអ្នកដែលមានគុណធម៌ មានបញ្ញានិងសមត្ថភាព អាចជួយផ្ចុងផ្តើម គាំទ្រ ណែនាំចង្អុលបង្ហាញផ្លូវប្រាប់របៀបរបប រហូតដល់បានជាគ្រឿងពឹងពំនាក់អាស្រ័យដល់គ្នានឹងគ្នា ដើម្បីឲ្យជីវិតដំណើរការទៅប្រកបដោយវឌ្ឍនភាពដ៏ឧត្តុង្គឧត្តម ក្នុងការសិក្សាអប់រំ ការគ្រប់គ្រងជីវិត ការប្រកបកិច្ចការ និងបដិបត្តិ និងមានបរិយាកាសក្នុងសង្គមដ៏ប្រសើរ Kalyanamittata: having good friends; good company; friendship with the lovely; favourable social envirenment) ខនេះជាអង្គប្រកបខាងក្រៅ (external factor; evnirenmental factor)។
“ម្នាលភិក្ខុទាំងឡាយ! ពេលដួងអាទិត្យកំពុងរះឡើង រមែងមានពន្លឺអរុណចែងចាំងមកមុន ជាបុព្វនិមិត្ត យ៉ាងណាមិញ ការមានកល្យាណមិត្តក៏ជាលំនាំ ជាបុព្វនិមិត្តនៃការកើតឡើងរបស់អរិយដ្ឋង្គិកមគ្គដល់ភិក្ខុ ក៏យ៉ាងនោះដែរ”។
“ការមានកល្យាណមិត្តស្មើនឹង ព្រហ្មចរិយៈ(ការគ្រប់គ្រងជីវិតដ៏ប្រសើរ)ទាំងអស់តែម្តង ព្រោះថា អ្នកមានកល្យាណមិត្តគប្បីរំពឹងវត្ថុទាំងនេះបានគឺ នឹងចម្រើន នឹងចម្រើនឲ្យរឹងរឹតតែច្រើននូវអរិយដ្ឋង្គិកមគ្គ”។
“អាស្រ័យតថាគតធ្វើជាកល្យាណមិត្ត ពួកសត្វអ្នកមានជាតិជាធម្មតា រមែងរួចផុតចាកជាតិ អ្នកមានជរាជាធម្មតារមែងរួចផុតចាកជរា អ្នកមានមរណៈជាធម្មតា រមែងរួចផុតចាកមរណៈ អ្នកមានសេចក្តីសោកសៅ បរិទេវៈ សេចក្តីទុក្ខ ទោមនស្ស និងឧបាយាសជាធម្មតា រមែងរួចចាកសេចក្តីសោកសៅ បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាស”។
“តថាគត ពិចារណារកមិនឃើញអង្គប្រកបខាងក្រៅដទៃសូម្បីតែម៉្យាង ដែលមានប្រយោជន៍ដ៏ច្រើនសម្រាប់ភិក្ខុដែលជាសេក្ខៈ ដូចការមានកល្យាណមិត្ត, ភិក្ខុអ្នកមានកល្យាណមិត្តរមែងកំចាត់អកុសលបាន និងរមែងញ៉ាំងកុសលឲ្យកើតឡើង”។
”ការមានកល្យាណមិត្ត រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ដ៏ធំធេង, ដើម្បីភាពគង់វង្សមិនសាបសូន្យ មិនអន្តរធាននៃព្រះសទ្ធម្ម ។ល។
[សំយុត្តិនិកាយ មហាវារវគ្គ, អង្គុត្តរនិកាយ ឯកនិបាត, ខុទ្ទកនិកាយ ឥតិវុត្តកៈ, S.V.2-30; A.I.14-18; It.10]
៣-លំហាត់ពោពាក្យផ្ទួនៗ
លំហាត់ពោលពាក្យផ្ទួនៗជាវិធីសាស្ត្រ សមាធិបែបបុរាណមួយបែបក្នុងចំណោមវិធីសាស្ត្រសមាធិផ្សេងៗទៀត ដែលអាចបង្កើតឲ្យមានភាពសុខសាន្តផ្នែកអារម្មណ៍រួមនឹងការកាត់ បន្ថយការតានតឹងចិត្តបានយ៉ាងល្អ។ អ្នកធ្វើលំហាត់សមាធិដោយពោលពាក្យផ្ទួនៗនេះ ត្រូវសម្រួលឥរិយាបទឲ្យបានធូរស្រួលតាមតែចិត្តដែលយើងចង់ធ្វើ បន្ទាប់មកក៏ព្យាយាមបំភ្លេចចោលនូវរឿងរ៉ាវអវិជ្ជមានទាំងឡាយ ហើយចាប់ផ្តើមបិទភ្នែកសមាធិដោយពោលក្នុងអារម្មណ៍ ឬពោលខ្សឹបៗនូវពាក្យដដែលៗ ឧទាហរណ៍ដូចជាពោលពាក្យថា “ពុទ្ធោ” ជាដើម ឬក៏គាថាខ្លីៗណាមួយនៃព្រះធម៌របស់ព្រះពុទ្ធដែលយើងចេះក៏បាន ដូចជា៖
-ចិត្តំ ទន្តំ សុខាវហំ (មានន័យថា ចិត្តដែលគេទូន្មានបានហើយ នាំមកនូវសេចក្តីសុខ។)
-ចិត្តំ គុត្តំ សុខាវហំ (មានន័យថា ចិត្តដែលគេគ្រប់គ្រងបានហើយ នាំមកនូវសេចក្តីសុខ។)
-ន ហិ សាធុ កោធោ (មានន័យថា សេចក្តីក្រោធ មិនល្អសោះឡើយ។)
-អនត្ថជននោ កោធោ (មានន័យថា សេចក្តីក្រោធ បង្កនូវសេចក្តីវិនាស។)
-នត្ថិ សន្តិ បរំ សុខំ (មានន័យថា មិនមានសេចក្តីសុខណា ក្រៅពីសេចក្តីស្ងប់ឡើយ។)
ការពោលពាក្យផ្ទួនៗដដែលៗនេះ គឺអាចអនុវត្តទៅតាមចង្វាក់នៃខ្យល់ដកដង្ហើមចេញ និងចូល ដោយពោលពាក្យ “ពុទ្ធ” នៅពេលដកដង្ហើមចូល និងពាក្យ “ទ្ធោ” នៅពេលដកដង្ហើមចេញ។ លំហាត់ពោលពាក្យផ្ទួនៗនេះ ក៏អាចអនុវត្តផងដែរតាមរយៈការទន្ទេញក្នុងអារម្មណ៍(ភាវនា) នូវពាក្យដដែលៗ ឬគាថាខ្លីណាមួយដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជា បរមគ្រូដែលយើងចេះតាមរយៈឧទាហរណ៍ដូចបានលើកឡើងខាងដើម។ ការផ្ទង់អារម្មណ៍ពោលពាក្យដដែលៗនេះ អាចអនុវត្តក្នុងរយៈពេលប្រមាណជា១០នាទី ឬលើសពីនេះតាមតែលទ្ធភាពដែលអាចធ្វើបាន។
៤-លំហាត់សមាធិផ្សេងៗ
សមាធិ គឺជាការហ្វឹកហាត់ចិត្ត ប្រមូលផ្តុំអារម្មណ៍ឲ្យមូលតាមរយៈការគ្រប់គ្រងអារម្មណ៍ប្រកបដោយ ភាពស្ងប់ស្ងាត់និងវិន័យខ្ពស់បំផុត។ សមាធិ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការតានតឹង ចិត្តដែលមានចំណាស់ជាយូរយាណាស់មកហើយក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសមួយចំនួនទៀតនៃទ្វីបអាស៊ី។
នៅក្នុងការអនុវត្តលំហាត់សមាធិបែប បុរាណ យើងអាចប្រើប្រាស់ឥរិយាបទអង្គុយពែនភ្នែនឲ្យត្រង់ខ្លួន ដោយដាក់ជើងស្តាំត្រួតលើជើងឆ្វេង ដោយបាតដៃស្តាំត្រូតលើបាតដៃឆ្វេង ហើយមេដៃទាំងពីរដាក់ទល់គ្នា (ស្ទើរប៉ះ ស្ទើរមិនប៉ះ) ។ ចំពោះការអង្គុយបែបនេះ ត្រូវមានឥរិយាបទដែលសម្រាកយ៉ាងស្រួលបំផុតដោយមិនមានការខំប្រឹង ឡើយ។ ចំពោះអ្នកដែលពុំស្ទាត់ជំនាញក្នុងការអង្គុយបែបនេះ អាចអង្គុយសំយុងជើងលើកៅអី ដោយដាក់ដៃទាំងពីរលើភ្លៅដូចអធិប្បាយខាងដើម ឬប្រើប្រាស់ឥរិយាបទផ្សេងៗទៀតដែលយើងយល់ថា ធ្វើឲ្យរាងការយរបស់យើងឋិតក្នុងស្ថានភាពសម្រួលឥរិយាបទណាមួយ ឲ្យបានសម្រាកយ៉ាងស្រួលបំផុតហើយពុំតឹងតែងចំពោះខ្លួនយើង។
បន្ទាប់ពីអង្គុយសម្រួលឥរិយាបទបាន ស្រួលហើយយើងអាចបិទភ្នែកប្រមូលផ្តុំអារម្មណ៍សមាធិទៅលើខ្យល់ដក ដង្ហើមចេញ និងចូល តាមដំណើរខ្យល់ដង្ហើមជាធម្មតា ក្នុងនោះត្រូវតាំងអារម្មណ៍ឲ្យដឹងថា ខ្លួនយើងដកដង្ហើមចូល(ដឹង) និងដកដង្ហើមចេញ(ដឹង) ដោយរក្សាអារម្មណ៍កុំឲ្យឃ្លាតឆ្ងាយពីការដកដង្ហើមចេញចូលនោះ ឬក៏អនុវត្តដូចគ្នានេះដែរ ក៏ប៉ុន្តែបើកភ្នែកព្រឹមៗសម្លឹងចុះស្របតាមចុងច្រមុះគួបផ្សំ នឹងការដកដង្ហើម។
បច្វុប្បន្ននេះ អ្នកជំនាញការផ្នែកសុខភាពផ្លូវចិត្តបានអភិវឌ្ឍរបៀបសមាធិ ដោយផ្ចង់អារម្មណ៍លើខ្យល់ដកដង្ហើមចេញ-ចូល មួយបែបទៀតដេលមានបីតំណាក់កាលគឺ៖
១-ដកដង្ហើមចូល
២-ទប់ដង្ហើម (រក្សាខ្យល់ដកដង្ហើមក្នុងសួតប្រហែលបីវិនាទី)
៣-ដកដង្ហើមចេញ។
វិធីសាស្ត្រនេះមានគុណប្រយោជន៍មួយចំនួន បន្ថែមគឺ ធ្វើឲ្យអ្នកសមាធីផ្ចង់អារម្មណ៍លើការដកដង្ហើមបានល្អជាងវិធី សាស្ត្របុរាណ។ ម៉្យាងទៀតអាចរក្សាខ្យល់ដកដង្ហើមដែលស្រូបចូលក្នុងសួតបានរយៈពេល យូរធ្វើឲ្យឈាមអាចស្រួបយកអុកស៊ីសែនបានយ៉ាងល្អប្រើសើរលើសពី ការដកដង្ហើមធម្មតា។
ក្រៅពីរបៀបសមាធីដោយផ្ទង់អារម្មណ៍លើ ខ្យល់ដង្ហើមចេញ-ចូល យើងអាចជ្រើរើសវត្ថុផ្សេងៗទៀតនៅជុំវិញខ្លួនយើងដើម្បីធ្វើជា គោលក្នុងការផ្តោអារម្មណ៍ទៅរកវត្ថុនោះដូចជា ផ្កាឈូក ផ្កាផ្សេងៗ អណ្តាតភ្លើងទៀន ឬពណ៌ផ្សេងៗជាដើម។ បន្ទាប់មកយើងក៏ចាប់ផ្តើមចម្រើនសមាធិប្រមូលផ្តុំអារម្មណ៍ បើកភ្នែកសម្លឹងមើលទៅវត្ថុដែលយើងបានកំណត់នោះ ដោយព្យាយាមធ្វើចិត្តឲ្យជ្រះថ្លា រីករាយ បំភ្លេចទុក្ខកង្វល់ និងរឿងរ៉ាវអវិជ្ជមានទាំងឡាយ ហើយក៏ចាប់ផ្តើមគ្រប់គ្រងអារម្មណ៍សមាធិ កុំឲ្យបែកចេញពីវត្ថុដែលយើងសម្លឹងនោះ។ បើអារម្មណ៍របស់យើងបែកទៅគិតអំពីអ្វីផ្សេងទៀត យើងត្រូវព្យាយាមទាញអារម្មណ៍របស់យើងមកកាន់វត្ថុដែលយើងកំពុង ផ្តោតនោះវិញដោយសន្សឹមៗ តាមរយៈការដកដង្ហើមចេញនិងចូលមួយដងយ៉ាងវែង ជាការរំលឹកចិត្តឲ្យងាកមករកវត្ថុដែលយើងកំពុងផ្តោតអារម្មណ៍ទៅ រកនោះ។
ការធ្វើសមាធិបែបនេះ ត្រូវធ្វើនៅពេលដូចគ្នាជាប្រចាំ និងនៅទីកន្លែងស្ងៀមស្ងាត់គ្មានការរំខាន។ យើងអាចប្រើប្រាស់ពេលវេលាវែង ឬខ្លីក្នុងការធ្វើសមាធិតាមតែយើងអាចធ្វើបាន (៥នាទី ១០នាទី ២០នាទី ឬវែងជាងនេះ)។
ផ្នែកទី២
ការកសាងកម្លាំងចិត្តរឹងមាំ
តើការកសាងកម្លាំងចិត្តរឹងមាំគឺជាអ្វី?
ការកសាងកម្លាំងចិត្តរឹងមាំ គឺជាវិធីអប់រំ និងទូន្មានចិត្តជាប្រចាំឲ្យមានសុទិដ្ឋិនិយម និងការគិតដេលមានប្រយោជន៍ដល់ចិត្ត ធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់យើងមានភាពរឹងមាំ អាចប្រឈមមុខនឹងបញ្ហាក្នុងជីវិតរស់នៅប្រកបដោយទស្សនវិជ្ជមាន។ ការកសាងកម្លាំងចិត្តរឹងមាំគឺជាចំណែកមួយយ៉ាងសំខាន់នៃការថែ ទាំសុខភាពផ្លូវចិត្តរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ។
ការគិតប្រកបដោយទស្សនវិជ្ជមាន
ការគិតអាចបង្កើតឡើងនូវសេចក្តី ស្រឡាញ់ ទឹកចិត្តសប្បាយរីករាយ ការគុំំគួន ការខូចចិត្ត ។ល។ នៅពេលដែលយើងគ្រប់គ្រងអារម្មណ៍របស់យើងបានល្អហើយ ចិត្តយើងមានភាពស្ងប់ស្ងាត់ ស្រស់ស្រាយ ភ្លឺថ្លា និងសុទិដ្ឋិនិយម។ មានពុទ្ធភាសិតមួយល្បះពោលថា «ចិត្តដែលគេទូន្មាន ឬគ្រប់គ្រងបានល្អហើយ រមែងនាំមកនូវសេចក្តីសុខ»។
ក្នុងមួយថ្ងៃៗ គេអាចប៉ាន់ប្រមាណឃើញថា មនុស្សម្នាក់បានប្រើប្រាស់ការគិតប្រមាណពី ៣០.០០០ ទៅ ៥០.០០០ គំនិតផ្សេងៗគ្នា។ យើងអាចចែកការគិតទាំងអស់ជាបួនប្រភេទសំខាន់ៗគឺ៖
១-ការគិតឥតប្រយោជន៍ៈ គឺជាការប្រើគំនិតដែលមានលក្ខណៈខ្ជះខ្ជាយឥតប្រយោជន៍ពីរឿងអតី តកាល ឬអនាគតដែលពុំជាក់លាក់ រួមទាំងគំនិតមន្ទិលសង្ស័យផ្សេងៗ ដោយបង្កើតអារម្មណ៍រវើរវាយដែលមិនពិត រួមនឹងការព្រួយបារម្ភអំពីអ្វីដែលមិនចាំបាច់។
២-ការគិតប្រកបដោយទស្សនអវិជ្ជមានៈ គឺជាគំនិតអវិជ្ជមានទាំងឡាយដែលគិតឡើងហើយ ធ្វើឲ្យអន្តរាយដល់ខ្លួនឯង ឬអ្នកដទៃ។ ការក្រោធខឹង ការគុំគួន ការស្អប់ខ្ពើម ការថ្នាំងថ្នាក់ចិត្ត គំនិតប្រកាន់ ឬរើសអើង (ជាតិសាសន៍ ក្រុម ពួក) ការច្រណែននិន្ទា រួមនឹងគំនិតអវិជ្ជមានផ្សេងទៀត គឺសុទ្ធតែធ្វើឲ្យចិត្តរបស់យើងកក្រើករញ្ជួយ ល្អក់កករគ្មានភាពសុខសាន្តក្នុងអារម្មណ៍។
៣-ការគិតដែលមានប្រយោជន៍ៈ ជាគំនិតទាំងឡាយណាដែលមានភាព ជាក់លាក់ ពុំស្រមើស្រមៃ ដែលបង្កើតបានជាផែនការសម្រាប់ខ្លួនក្នុងដំណើរជីវិត ដូចជាការសិក្សា ការប្រកបមុខរបរចិញ្ចឹមជិវិត ការផ្តួចផ្តើមគំនិតជួយដល់អ្នកដទៃ ។ល។
៤-ការគិតប្រកបដោយទស្សនវិជ្ជមានៈ គឺជាគំនិតដែលនាំមកនូវផលប្រយោជន៍ចំពោះខ្លួនឯង និងអ្នកដទៃ ហើយបង្កើតបាននូវភាពស្ងប់ស្ងាត់ក្នុងអារម្មណ៍ សុទិដ្ឋិនិយម ការអធ្យាស្រ័យ និងសេចក្តីសង្ឃឹម។ ការគិតប្រកបដោយទស្សនវិជ្ជមាន គឺជាថាមពលដ៏មហិមាបង្កើតឲ្យមានកម្លាំងចិត្តអាចឲ្យយើងគ្រប់គ្រង អារម្មណ៍ បង្កើតបាននូវភាពសប្បាយរីករាយក្នុងក្នុងចិត្ត ក្នុងដំណើរជីវិតដ៏វែងឆ្ងាយ។
ផលមិនល្អនៃការគិតប្រកបដោយទស្សនៈអវិជ្ជមាន
នៅពេលដែលយើងមានគំនិតអវិជ្ជមាននៅក្នុងអារម្មណ៍ វាអាចបង្កឲ្យមានផលអាក្រក់ជាច្រើនដល់សុខភាពរបស់យើងទាំងផ្លូវ កាយនិងផ្លូវចិត្ត។ ឧទាហរណ៍ ពេលដែលយើងព្រួយបារម្ភ ក្រោធខឹង ច្រណែន ស្អប់ខ្ពើម គុំគួន ជាដើម អារម្មណ៍អវិជ្ជមានទាំងនេះ បង្កើតឲ្យយើងមានការតានតឹងចិត្ត ធ្វើឲ្យសាច់ដុំរបស់យើងឡើងតឹង បេះដូងដើរញាប់ បណ្តាលឲ្យដំណើរឈាមមានចលនាប្រែប្រួលខុសធម្មតា ធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ បង្កឲ្យមានការឈឺចាប់លើរាងកាយដូចជា ការឈឺក្បាល ឈឺក អស់កម្លាំងកាយ ថប់ក្នុងអារម្មណ៍ពិបាកដកដង្ហើម ។ល។
ផលនៃការគិតប្រកបដោយទស្សនវិជ្ជមាន
នៅពេលដែលយើងមានអារម្មណ៍វិជ្ជមាន ចិត្តរបស់យើងក៏ស្ងប់ស្ងាត់ សាច់ដុំរបស់យើងសម្រាកចុះ ហើយទទួលបាននូវអុកស៊ីសែនគ្រប់គ្រាន់ សម្ពាធឈាមទាប ហើយប្រការសំខាន់នោះ គឺអត្រាចង្វាក់បេះដូងបានថយចុះ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ឲ្យរាងកាយយើងមានសុខភាពល្អប្រសើរ។ ទន្ទឹមនឹងនេះដែរ ការគិតដោយវិជ្ជមាន គឺជាមធ្យោបាយមួយកាត់បន្ថយការតានតឹងចិត្តដ៏មានប្រសិទ្ធិភាព បំផុត។
នៅក្នុងជីវិតប្រចាំថ្ងៃ ការគិតប្រកបដោយទស្សនវិជ្ជមាន ធ្វើឲ្យយើងងាយបង្កើតនូវភាពយោគយល់ និងចុះសម្រុងជាមួយអ្នកដទៃនៅជុំវិញខ្លួនយើង ព្រមទាំងបានបង្កើតទស្សនសុទិដ្ឋិនិយម ហើយមិនអស់សង្ឃឹមក្នុងការរស់នៅ។
តើត្រូវកសាងកម្លាំងចិត្តរឹងមាំ និងបណ្តុះទស្សនវិជ្ជមានតាមរបៀបណា?
ការកសាងកម្លាំងចិត្តរឹងមាំ និងការបណ្តុះបណ្តាលទស្សនវិជ្ជមានឲ្យកើតមានឡើងក្នុងអារម្មណ៍របស់ យុវជនយើង មានសារៈសំខាន់យ៉ាងខ្លាំងក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត ពីព្រោះថា យើងអាចកាត់បន្ថយការតានតឹងក្នុងអារម្មណ៍ និងបង្កើតនូវសេចក្តីសុខក្នុងចិត្ត ដែលជាកត្តាធ្វើឲ្យយើងមានសុខភាពផ្លូវចិត្តរឹងមាំ និងល្អប្រសើរជាប្រចាំ។ “មានសុខភាពផ្លូវចិត្តល្អ គ្មានភាពតានតឹងចិត្ត គ្មានអំពើហិង្សា គ្មានជម្លោះគ្រប់យ៉ាង។
ដើម្បីកសាងកម្លាំងចិត្តរឹងមាំ និងបណ្តុះនូវទស្សនវិជ្ជមាន យុវវ័យយើងគួរខំហ្វឹកហាត់ជាប្រចាំ និងគ្រប់គ្រងអារម្មណ៍អវិជ្ជមានរបស់យើងឲ្យបានប្រសើរតាមវិធី សាស្ត្រមូលដ្ឋានមួយចំនួនដូចខាងក្រោមនេះ
+ព្យាយាមកាត់បន្ថយការគិតដែលពុំចាំបាច់ និងគំនិតអវិជ្ជមានទាំងឡាយ ដែលតែងតែផុសឡើងជាប្រចាំនៅក្នុងអារម្មណ៍របស់យើង។
+ហ្វឹកហាត់អប់រំចិត្តឲ្យស្ងប់ និងកសាងទស្សនសុទិដ្ឋិនិយមតាមរយៈការសិក្សាកម្រងទស្សនៈរបស់ព្រះ ពុទ្ធដែលជាទស្សនវិជ្ជាដ៏ល្អប្រសើរបំផុតមានចំណាស់ និងជាប្រពៃណីដ៏យូរលង់ណាស់មកហើយនៅប្រទេសកម្ពុជាយើងក្នុងវិស័យ អប់រំសីលធម៌ ចរិយាធម៌ និងការអប់រំចិត្តឲ្យមានអារម្មណ៍សន្តិភាព។
+ការបណ្តុះភាពរឹងមាំក្នុងចិត្ត ដើម្បីបង្កើនការជឿទុកចិត្តចំពោះខ្លួនឯង និងឲ្យតម្លៃខ្ពស់ ក៏ដូចជាការគោរពខ្លួនឯងផ្ទាល់ (គឺមិនធ្វើការវាយតម្លៃទាបចំពោះខ្លួនឯង)។
+ហ្វឹកហាត់ជាប្រចាំនូវវិធីសាស្ត្រសម្រាកកាយ-ចិត្ត និងរបៀបធ្វើសមាធិ គួបផ្សំនឹងការហាត់ប្រាណ ការលេងកីឡាផ្សេងៗ ដែលជាមូលដ្ឋាននៃការកាត់បន្ថយការតានតឹងចិត្ត។ ត្រូវព្យាយាមធ្វើយ៉ាងណាឲ្យសកម្មភាពទាំងនេះ ក្លាយជាទម្លាប់ធម្មតាក្នុងជិវិតប្រចាំថ្ងៃរបស់យើង។ ហេតុផលសំខាន់គឺ បើយើងពុំចេះវិធីសាស្ត្រក្នុងការកាត់បន្ថយការតានតឹងចិត្តដែល កើតឡើងជាប្រចាំចំពោះខ្លួនយើងទេនោះ យើងក៏ពុំអាចបណ្តុះគំនិតសុទិដ្ឋិនិយម ឬអារម្មណ៍វិជ្ជមានបានឡើយ។
ចប់
———————————
ឯកសារពិគ្រោះ
១.សុខភាពផ្លូវចិត្តសហគមន៍កម្ពុជា: Transcultural Psychosocial Organization (TPO) បោះពុម្ពដោយអង្គការចិត្តសង្គមអន្តរវប្បធម៌ ឆ្នាំ១៩៩៧។
២.គ្រឿងញៀននៅប្រទេសកម្ពុជា: បោះពុម្ពដោយការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រប់គ្រងគ្រឿងញៀននិងបង្ក្រាបបទឧក្រិដ្ឋមជ្ឈមណ្ឌល ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីភិច ការិយាល័យទំនាក់ទំនងនៅកម្ពុជា ឆ្នាំ២០០១ រួមនឹងឯកសារពាក់ព័ន្ធផ្សេងៗ។
៣. POSITIVE OF THINKING: រៀបរៀងដោយលោកស្រី Trish Summerfield បុគ្គលិកអង្គការ Living VAlue Education. www.livingvalues.net
៤. សាសនសុភាសិត : បោះពុម្ពឡើងវិញដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ ១៩៩៤។
គណៈកម្មការអភិវឌ្ឍសៀវភៅអប់រំយុវជនក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត
១-លោកស្រីវេជ្ជបណ្ឌិត ឱក វណ្ណកា តំណាងអនុគណៈកម្មការសុខភាពផ្លូវចិត្ត ក្រសួងសុខាភិបាល
២-លោកវេជ្ជបណ្ឌិត ជី វុទ្ធី ប្រធានក្រុមការងារគ្លីនិចសុខភាពផ្លូវចិត្ត អង្គការចិត្តសង្គមអន្តរវប្បធម៌/TPO
៣-លោកស្រី ទេព ឆព័ណ្ណ មន្ត្រីនាយកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ
៤-កញ្ញា ភោគ សុធារ៉ា មន្ត្រីនាយកដ្ឋានសុខមាលភាពកុមារ ក្រសួងសង្គមកិច្ច និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងនីតិសម្បទា
៥-លោកស្រី ធឹម លន់ មន្ត្រីនាយកដ្ឋានសុខភាពសិក្សា ក្រសួងអប់រំយុវជន និងកីឡា
៦-លោក ហួន សារឿន មន្ត្រីនាយកដ្ឋានស្រាវជ្រាវគរុកោសល្យ ក្រសួងអប់រំ យុវជន និងកីឡា
៧-លោក នូ មុនីសេដ្ឋា មន្ត្រីនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ក្រសួងអប់រំយុវជន និងកីឡា
៨-លោក ឆែ លឹមសឿន មន្ត្រីនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា
៩-លោក ថី ចន្ទោ អ្នកសម្របសម្រួលកម្មវិធី ថែទាំសុខភាពផ្លូវចិត្តកុមារក្នុងសហគមន៍
១០-លោក ឡុង បូរ៉ុម ជំនួយការកម្មវិធី ថែទាំងសុខភាពផ្លូវចិត្តកុមារក្នុងសហគមន៍, សមាគមរញ្ជនពុទ្ធិពោធនមិត្ត/CamboKids
១១-លោក វ៉ែន សុន អ្នកសម្របសម្រួលផ្នែកអភិវឌ្ឍន៍សៀវភៅសម្រាប់បណ្ណាល័យកុមារក្នុងសហគមន៍, សមាគមរញ្ជនពុទ្ធិពោធនមិត្ត/CamboKids
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត
បោះពុម្ពផ្សាយដោយនាកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ រួមសហការជាមួយនឹងៈ
សមាគមរញ្ជនពុទ្ធិបពោធនមិត្ត/CamboKids
អាសយដ្ឋានៈ # ៤៥ . ផ្លូវលេខ ២០៦ . សង្កាត់ផ្សារដើមគរ . ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (៨៥៥) ២៣ ៨៨២ ៥៧៥
Email: cambokids@online.com.kh
Web Page: www.bigpond.com.kh/Cambokids
អត្ថន័យលើក្របសៀវភៅៈ
១-ពណ៌បៃតង ជាតំណាងទឹកចិត្តស្រស់ថ្លា
២-រូបព្រះបាទជ័យវរ្ម័នទី៧ គង់ធ្វើសមាធិក្នុងឥរិយាបថអង្គុយពែនភ្នែនបែបវិរាសនៈ ជានិមិត្តរូបនៃទឹកចិត្តស្ងប់ស្ងាត់ ប្រកបដោយអារម្មណ៍ជ្រះថ្លា និងទស្សនសុទិដ្ឋិនិយម ជាគោលការណ៍នៃការថែទាំសុខភាពផ្លូវចិត្ត ដែលមានចំណាស់យូរលង់មកហើយក្នុងសង្គមនិងវប្បធម៌ខ្មែរ។
ផ្នែកទី២
ការធ្លាក់ទឹកចិត្ត និង ជម្ងឺធ្លាក់ទឹកចិត្ត
តើការធ្លាក់ទឹកចិត្ត និង ជម្ងឺធ្លាក់ទឹកចិត្តគឺជាអ្វី? ការធ្លាក់ទឹកចិត្ត និងជម្ងឺធ្លាក់ទឹកចិត្ត គឺជាការធ្លាក់ចុះនៃអារម្មណ៍ដែលនាំឲ្យមានភាពក្រៀមក្រំ បាត់បង់ភាពសប្បាយរីករាយ និងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីៗជុំវិញខ្លួន។
បុព្វហេតុនៃការធ្លាក់ទឹកចិត្តនិងជម្ងឺធ្លាក់ទឹកចិត្ត
មនុស្សយើងអាចកើតមានការធ្លាក់ទឹក ចិត្ត នៅពេលដែលយើងប្រឈមមុខនឹងការបាត់បង់ផ្សេងៗ ដូចជាបាត់បង់មនុស្សជាទីស្រឡាញ់ បាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះ បាត់បង់ការងារ ទ្រព្យសម្បត្តិ ឬទទួលបរាជ័យក្នុងជិវិត…។ មូលហេតុផ្សេងទៀតនៃធម្ងឺធ្លាក់ទឹកចិត្ត អាចបណ្តាលមកពីបុគ្គលនោះ ឆ្លងកាត់ព្រឹត្តិការណ៍គួរឲ្យអាម៉ាស់ណាមួយដូចជា ការមានផ្ទៃពោះខុសប្រពៃណី ការបែកបាក់ក្នុងជីវិតអាពាហ៍ពិពាហ៍ ឬត្រូវគេបណ្តេញចេញពីការងារ ។ល។
ចំពោះយុវជន គេអាចជួបប្រទះបញ្ហាមួយចំនួន ដែលអាចធ្វើឲ្យធ្លាក់ទឹកចិត្តក្នុងកម្រិតស្រាល ឬអាចនឹងទទួលរងនូវជម្ងឺធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរដូចជា ករណីធ្លាប់រៀនពូកែហើយបែរជាចាញ់គេក្នុងគ្រាណាមួយ ពេលដឹងថាប្រឡងធ្លាក់ ពុំមានលទ្ធភាពបន្តការសិក្សាវែងឆ្ងាយបាន អត់ការងារធ្វើ គូស្នេហ៍បែកចិត្ត ជ្រុលជ្រួសក្នុងរឿងស្នេហារហូតមានផ្ទៃពោះ ពុំទទួលការស្រឡាញ់ពីអ្នកដែលខ្លួនស្រឡាញ់ ទទួលសេចក្តីស្រឡាញ់ពុំស្មើគ្នាអំពីអាណាព្យាបាល ឪពុកម្តាយបដិសេធរៀបការនឹងគូស្នេហ៍ដែលខ្លួនស្រឡាញ់ ទទួលរងការចាប់រំលោភបំពានផ្នែកផ្លូវភេទ មានជម្ងឺរ៉ាំរ៉ៃពុំអាចព្យាបាលបានជាដើម។
តាមធម្មតា ប្រតិកម្មនៃការធ្លាក់ទឹកចិត្តអាចកើតមានក្នុងមួយរយៈពេល ប៉ុន្តែដោយសារការតាំងចិត្ត និងពេលវេលា បុគ្គលនឹងមានអារម្មណ៍ល្អជាប្រក្រតីឡើងវញ។ មនុស្សខ្លះអាចកើតមានការធ្លាក់ទឹកចិត្តរយៈពេលយូរ (ច្រើនជាង២សប្តាហ៍) ដែលជាហេតុនាំឲ្យកើតមានជម្ងឺធ្លាក់ទឹកចិត្ត។
ការស្រាវជ្រាវបង្ហាញឲ្យដឹងថា ការធ្លាក់ទឹកចិត្ត និងជម្ងឺធ្លាក់ទឹកចិត្ត កើតមានចំពោះស្ត្រីច្រើនជាងបុរស ដោយហេតុថា ស្ត្រីត្រូវប្រឈមមុខនឹងការគ្រប់គ្រងកូនចៅ ផ្ទះសម្បែង និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយមិនមានឱកាសបញ្ចេញការតានតឹងចិត្តរបស់ខ្លួនបានល្អប្រសើរ ក្នុងមជ្ឈដ្ឋានដែលខ្លួនរស់នៅ។
អាការៈនៃការធ្លាក់ទឹកចិត្ត និង ជម្ងឺធ្លាក់ទឹកចិត្ត
យើងអាចសម្គាល់ឃើញថា អ្នកដែលធ្លាក់ទឹកចិត្ត ឬអ្នកមានជម្ងឺធ្លាក់ទឹកចិត្ត តាមរយៈអាការៈមួយចំនួនដូចខាងក្រោមនេះ៖
-មានអារម្មណ៍ស្រុតចុះជាមួយនឹងភាពក្រៀមក្រំ សោកសៅ និងបង្ហាញភាពអស់សង្ឃឹមដោយគិតថាជីវិតគ្មានន័យ។
-ពុំចាប់អារម្មណ៍ ឬពុំសប្បាយរីករាយនឹងអ្វីៗដែលខ្លួនធ្លាប់ចូលចិត្ត (គ្មានភាពរីករាយក្នុងជីវិត)។
-ពុំសូវចងចាំបានល្អ ភ្លាំងភ្លេចច្រើន។
-ចូលចិត្តនៅឯកោ ជូនកាលពុំសូវចាប់អារម្មណ៍ក្នុងការថែទាំខ្លួនប្រាណ។
-ទទួលទានដំណេកពុំសូវលក់ គ្មានកំឡាំងកំហែង បរិភោគអាហារពុំបាន។
-អសកម្មក្នុងការសិក្សា ឬការងារផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ។
*ករណីធ្ងន់ធ្ងរបំផុត ចំពោះអ្នកជំងឺធ្លាក់ទឹកចិត្ត គឺគេច្រើនមានអារម្មណ៍ទុទិដ្ឋិនិយម អស់សង្ឃឹមក្នុងជីវិត ហើយប៉ុនប៉ងធ្វើអត្តឃាត។
មធ្យោបាយដោះស្រាយចំពោះអ្នកធ្លាក់ទឹកចិត្ត
អ្នកធ្លាក់ទឹកចិត្ត ជាទូទៅតែងតែមានគំនិតទុទិដ្ឋិនិយម មើលទៅជុំវិញខ្លួនក្នុងទស្សនៈអវិជ្ជមាន មើលស្រាលខ្លួនឯងថា ជាអ្នកដែលគ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងអស់សង្ឃឹមចំពោះអនាគត។ ចំពោះអ្នកធ្លាក់ទឹកចិត្តកម្រិតស្រាល គេអាចមានលទ្ធភាពជួយខ្លួនឯងបាន ដោយខិតខំសាងកម្លាំងចិត្តឲ្យរឹងមាំប្រកបដោយទស្សនៈវិជ្ជមាន និងគំនិតសុទិដ្ឋិនិយមក្នុងអនាគត រួមនឹងអនុវត្តវិធីផ្សេងៗទៀតដែលបានរៀបរាប់ក្នុងសៀវភៅនេះ។
ចំពោះអ្នកធ្លាក់ទឹកចិត្តកម្រិតធ្ងន់ ធ្ងរ ដែលអាចឈានទៅមានមានជម្ងឺធ្លាក់ទឹកចិត្ត ភាគច្រើនជាមនុស្សដែលមានកម្លាំងចិត្តទន់ខ្សោយក្នុងការប្រឈមមុខ ដោះស្រាយបញ្ហា ។ ដូចនេះ គេត្រូវការឲ្យអ្នកផងទាំងឡាយនៅជុំវិញខ្លួនគេយល់ពីអារម្មណ៍ និងបញ្ហាដែលគេកំពុងតែមាន។
អ្នកធ្លាក់ទឹកចិត្ត និងអ្នកជម្ងឺធ្លាក់ទឹកចិត្ត ត្រូវការយ៉ាងខ្លាំងបំផុតនូវការគាំទ្រផ្នែកផ្លូវចិត្ត និងការលើកទឹកចិត្ត ឬផ្តល់កម្លាំងចិត្តអំពីគ្រួសារ និងមិត្តភក្តិនៅជុំវិញខ្លួនគេ។
ខាងក្រោមនេះជាមធ្យោបាយមួយចំនួនសម្រាប់ជួយគាំទ្រដល់អ្នកធ្លាក់ទឹកចិត ឬអ្នកមានជម្ងឺធ្លាក់ទឹកចិត្ត៖
-ការផ្តល់ប្រឹក្សាៈ អ្នកធ្លាក់ទឹកចិត្ត ត្រូវការការពិគ្រោះផ្តល់យោបល់ លើបញ្ហាដែលគេកំពុងតែមាន។ សមាជិកគ្រួសារ ឪពុកម្តាយ បងប្អូន ឬមិត្តភក្តិ គប្បីជួយផ្តល់ការគាំទ្រផ្លូវចិត្តដោយផ្តល់គំនិតយោបល់ល្អៗដល់ អ្នកជម្ងឺ។ ក្រៅពីការផ្តល់ប្រឹក្សាពីសំណាក់គ្រួសារ រួមនឹងមិត្តភក្តិ អ្នកឯកទេសជំនាញខាងផ្តល់ប្រឹក្សាក៏អាចជួយលើកទឹកចិត្តអ្នកជំងឺ ឲ្យប្រសើរឡើងវិញ ព្រមទាំងជួយធ្វើឲ្យគេផ្លាស់ប្តូរគំនិត និងអាកប្បកិរិយាអវិជ្ជមាន ហើយគិតចាប់ធ្វើអ្វីៗដេលល្អសារជាថ្មី និងជាក្តីសង្ឃឹមសម្រាប់ជិវិតរបស់គេទៅថ្ងៃមុខ។
-ការព្យាបាលៈ ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺដែលអាចព្យាបាលបាន។ ចំពោះករណីធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ គឺត្រូវនាំអ្នកជម្ងឺទៅពិគ្រោះ និងទទួលការពិនិត្យព្យាបាលពីសំណាក់គ្រូពេទ្យ។ ក្រៅពីការផ្តល់ប្រឹក្សា គ្រូពេទ្យអាចព្យាបាលអ្នកជម្ងឺដោយឱសថកែរោគធ្លាក់ទឹកចិត្ត។
-គាំទ្រពីសហគមន៍ និងគ្រួសារៈ ឪពុកម្តាយ បងប្អុន មិត្តភក្តី និងអ្នកស្រុកភូមិ គប្បីយកចិត្តទុកដាក់ដល់អ្នកជម្ងឺធ្លាក់ទឹកចិត្ត ដោយផ្តល់ការគំាទ្រដល់ពួកគេឲ្យបានសមស្រប និងទាន់ពេលវេលា ជៀសវាងការស្តីបន្ទោស ឬដាក់ទណ្ឌកម្មបន្ថែមដល់ង្នកមានបញ្ហា ដោយយើងគិតថាគេបានប្រព្រឹត្តកំហុស ឬការខុសឆ្គងអ្វីមួយ ដែលជាភាពអាម៉ាស់សម្រាប់គ្រួសារនិងសហគមន៍ ឬជាការអាម៉ាស់សម្រាប់ខ្លួនគេផ្ទាល់។
ក្រុមគ្រួសារគប្បីព្យាបាលនិងឃ្លាំ មើលង្នកជំងឺជាប្រចាំ ព្រោះអ្នកជំងឺអាចគិតខុស ហើយអាចធ្វើទុក្ខទោសចំពោះខ្លួនឯងបាន (ធ្វើអត្តឃាត)ក្នុងរយៈពេលមួយដ៏ខ្លី។ ត្រូវយកវត្ថុ ឬរបស់ដេលអាចបង្កគ្រោះថ្នាក់ចេញឲ្យឆ្ងាយពីអ្នកជំងឺដូចជាខ្សែ កាំបិត កន្ត្រៃ ឬកាំភ្លើងជាដើម ដើម្បីបង្ការកុំឲ្យកេសម្លាប់ខ្លួន។ គប្បីស្តាប់ដោយយកចិត្តទុកដាក់នូវរឿងរ៉ាវរបស់អ្នកមានបញ្ហា ផ្លូវចិត្តដោយឲ្យគេនិយាយបានហូរហែអពីមូលហេតុដែលនាំឲ្យគេ ធ្លាក់ទឹកចិត្ត។ លើកទឹកចិត្តឲ្យអ្នកជំងឺបញ្ចេញអារម្មណ៍សោកសៅរបស់គេ ដូចជា បើនៅពេលគេយំ ត្រូវទុកឲ្យគេយំឲ្យអស់ចិត្ត។ ត្រូវពោលពាក្យលួងលោម និងលើកទឹកចិត្ត ធ្វើឲ្យអ្នកជំងឺមានការគោរពជឿជាក់ចំពោះខ្លួនឯង ដោយយល់ថា ខ្លួនជាមនុស្សមានតម្លៃ។